(ភ្នំពេញ)៖ សង្គ្រាមប្រមាណជា៣ទសវត្សរ៍នៅកម្ពុជា ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៧០ ដល់ ចុងទសវត្សរ៍ឆ្នាំ១៩៩០ បានបន្សល់គ្រាប់មីន និងយុទ្ធភណ្ឌ​មិន​​ទាន់ផ្ទុះរាប់លាន​គ្រាប់​រាយ​​ប៉ាយនៅពាសពេញផ្ទៃដីកម្ពុជា។ កម្ពុជា ជាមួយបណ្តាប្រទេសជាមិត្ត ព្រមទាំង​អង្គការ​អន្តរជាតិនានា បានរួមគ្នាដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនានា ដើម្បីប្រែក្លាយផ្ទៃដីមានមីន ទៅជាដីមានសុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋរស់នៅ និងបង្កបង្កើនផល។

រយៈពេលជាង៣០ឆ្នាំរាប់ចាប់ពីឆ្នាំ១៩៩២ រហូតមកទល់បច្ចុប្បន្ននេះ កម្ពុជា បានបំផ្លាញ​មីន​ប្រឆាំងមនុស្សជាង ១លានគ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ៣លានគ្រាប់។ កម្ពុជា បានបោសសម្អាតមីនលើផ្ទៃដីជាង ៣,០០០គីឡូម៉ែត្រក្រឡា ដោយបានប្រែក្លាយ​រាជ​ធានី-ខេត្តចំនួន ១៥ ក្នុងចំណោម២៥ ជារាជធានី-ខេត្តអស់មីន។ ចំនួនជនរងគ្រោះបាន​ធ្លាក់​ចុះពីមធ្យមជាង ៤,៣០០នាក់ ក្នុងមួយឆ្នាំក្នុងឆ្នាំ១៩៩៦ មកតិចជាង ១០០នាក់ ក្នុងមួយឆ្នាំ ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ។

ប្រទេសជប៉ុន គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាមិត្តរបស់កម្ពុជាជាច្រើនទៀត ដែល​បានប្រឹងប្រែងជួយដល់បេសកកម្មបោសសំអាតមីននៅកម្ពុជា តាំងពីឆ្នាំ១៩៩២ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

ក្នុងដំណើរទៅកាន់ប្រទេសជប៉ុន កាលពីដើមខែមីនា ឆ្នាំ២០២៥កន្លងទៅថ្មីនេះ លោក វ៉ាន់ សារាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News បានធ្វើដំណើរទៅកាន់​ទី​ស្នាក់​ការកណ្តាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (ចៃកា-JICA) នាទីក្រុង​តូក្យូ។ ដំណើរទៅកាន់ទីស្នាក់ការកណ្តាលរបស់ចៃកា លោក វ៉ាន់ សារាយ បានជួបជាមួយលោកស្រី Komukai Eri ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ផ្នែក​កសាង​សន្តិភាព។ លោកស្រី ក៏​ជា​អតីត​មន្ត្រី​កម្មវិធី​ការិយាល័យ JICA ប្រចាំ​កម្ពុជា ពីឆ្នាំ២០០០ ទៅ២០០១ ហើយបាន​ធ្វើការ​ផ្ទាល់​ជាមួយ​ស៊ីម៉ាក់របស់កម្ពុជា។

ក្នុងជំនួបនោះ លោកស្រី Komukai Eri បានលើកបង្ហាញពីរបៀបនៃការជួយរបស់រដ្ឋា​ភិបាលជប៉ុនលើការងារបោសសំអាតមីននៅកម្ពុជា។ លោកស្រី Komukai Eri បានអះ​អាងថា ការជួយរបស់រដ្ឋាភិបាលជប៉ុនលើការងារបោសសំអាតមីននៅកម្ពុជា គឺជួយ​ផ្តល់​នូវសម្ភារៈ គ្រឿងបរិក្ខារលើការរាវរក និងបំផ្លាញគ្រាប់មីន ការរៀបចំផែនការក្នុងការ​បោស​​សំអាតមីន និងការចងក្រងទិន្នន័យទីតាំងដែលបានបោសសំអាតហើយ ដោយឡែក​សមត្ថ​ភាពនៃការដោះ ឬបំផ្លាញគ្រាប់មីន គឺមន្ត្រីកម្ពុជាមានរួចទៅហើយ។

លោកស្រី Komukai Eri បានលើកឡើងថា «ពិតណាស់ រដ្ឋាភិបាលជប៉ុន រួមទាំង​អង្គ​ការ JICA បាននិងកំពុងជួយហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ បន្ទាប់មកសកម្មភាពរបស់ខ្ញុំ​គឺការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ព្រោះបើមានគ្រាប់មីននៅទីនោះ កសិករមិនអាច​ត្រឡប់​ទៅធ្វើកសិកម្មនៅទីនោះបានទេ។ ប្រសិនបើមានគ្រាប់មីននៅទីនោះ ហេដ្ឋារចនា​សម្ព័ន្ធនឹងមិនអាចសាងសង់ឡើងបានទេ។ ហេតុនេះយើងគិតថាសកម្មភាពរបស់ខ្ញុំ គឺជា​គន្លឹះសំខាន់ណាស់ក្នុងការជំរុញការអភិវឌ្ឍវិស័យសំណង់របស់ប្រទេសកម្ពុជានាពេលខាងមុខ»

មន្ត្រីជាន់ខ្ពស់របស់អង្គការ JICA រូបនេះ បានថ្លែងបង្ហាញក្តីរីករាយចំពោះលទ្ធផលនៃ​កិច្ច​សហ​ប្រតិបត្តិការលើការបោសសំអាតមីននៅកម្ពុជា។ លោកស្រី បានអះអាងថា លទ្ធ​ផល​នៃកិច្ចសហប្រតិបត្តិការ គឺលើសពីការរំពឹងទុក។

សម្រាប់លោកស្រី Komukai Eri កិច្ចសហប្រតិបត្តិការរវាងអង្គការចៃកា ជាមួយស៊ីម៉ាក់​របស់កម្ពុជា មិនត្រឹមជួយដល់ការបោសសំអាតមីននៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែពេលនេះ បានក្លាយទៅជាដៃគូដ៏ល្អ សម្រាប់ការបោសសំអាតមីននៅតាមបណ្តាប្រទេសដទៃទៀត​ផងដែរ។ បើតាមលោកស្រី Komukai Eri ផ្តើមចេញពីកិច្ចសហប្រតិបត្តិការល្អនេះ កន្លង​ទៅស៊ីម៉ាក់ និងចៃកា បានជួយដល់ការបោសសំអាតមីននៅប្រទេសកូឡុំប៊ី ឡាវ និងប្រទេសដទៃទៀត រួមទាំងប្រទេសអាហ្វ្រិកនាពេលបច្ចុប្បន្នផងដែរ។

លោកស្រីបានបញ្ជាក់ដូច្នេះ «ការងារដែលសម្តេចបាននេះ មិនត្រូវបានគេរំពឹងទុកទេ។ ប៉ុន្តែដោយសារសមត្ថភាព​របស់កម្ពុជា ត្រូវបានអភិវឌ្ឍយ៉ាងល្អ នោះហើយជាមូលហេតុ​ដែលយើងមានមោទនភាពយ៉ាងខ្លាំងដែលមានភាពជាដៃគូជាមួយស៊ីម៉ាក់។ ដូច្នេះយើង​មាន​ភាពរីករាយយ៉ាងខ្លាំងចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរបស់យើង ហើយវានឹងបន្តចាប់ពីពេលនេះតទៅ»

សម្រាប់លោកស្រី Komukai Eri ក៏បានគូសរំលេចផងដែរ ពីភាពចាំបាច់នៃភាពជាដៃគូរវាងស៊ីម៉ាក់របស់កម្ពុជា និងអង្គការចៃការបស់ជប៉ុន លើការងារបោសសំអាតមីន។ លោកស្រីបានបញ្ជាក់ថា ភាពជាដៃគូនេះ ចៃកា​អាច​ផ្តល់មន្ត្រីជំនាញជប៉ុន និងម៉ាស៊ីនជប៉ុន ហើយស៊ីម៉ាក់តាមរយៈបទពិសោធន៍ជាង៣០ឆ្នាំ ផ្តល់នូវបច្ចេកទេស និងចំណេះដឹងក្នុងការបោសសំអាតមីន។ ដូច្នេះការរួមបញ្ចូលជំនាញ​ជប៉ុន និងការអនុវត្ត​របស់​កម្ពុជា នឹងផ្ដល់ភាពជឿជាក់​ទៅកាន់ប្រទេស​ផ្សេង​ទៀត។ ដូច្នេះចៃកា នឹងបន្តភាពជាដៃគូ ហើយសង្ឃឹម​ថាភាព​ជាដៃគូនេះនឹងត្រូវបានពង្រឹងបន្ថែម​ទៀតដើម្បីជួយដល់ប្រទេសដទៃទៀត។

លោកស្រី បានសង្កត់ថា ស៊ីម៉ាក់ មិនត្រឹមជាទ្រពសម្បត្តិរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាទ្រព្យសម្បត្តិដ៏មានគុណតម្លៃរបស់អន្តរជាតិផងដែរ។

លោកស្រីបានមើលឃើញផងដែរថា ការបោះសម្អាតគ្រាប់មីនដែលនៅសេសសល់នៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសដទៃទៀត គឺជាកិច្ចការដ៏សំខាន់ ដែលទាមទារឱ្យមានការចូលរួមយ៉ាងសកម្មភាពពីសាមីប្រទេស ក៏ដូចជាប្រទេសនានានៅលើពិភពលោក៕