(កណ្តាល)៖ «កីឡារស់ក្នុងសន្តិភាព ហើយកីឡាបាននាំមកនូវសុខភាពល្អ និងសាមគ្គីភាព»។ នេះជាការថ្លែងរបស់នាយឧត្តមសេនីយ៍កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្ករក្ស ក្នុងឱកាសបិទការប្រកួតកីឡា ប្រឡងប្រណាំង៨វិញ្ញាសារយោធា ដណ្តើមពានរង្វាន់ «នាយឧត្តមសេនីយ៍កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ឆ្នាំ២០២៤» ដើម្បីអបអរសាទរក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ដែលពិធីនេះប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
យោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ត្រី លី ឧត្តម ស្នងការរង ស្នងការដ្ឋានឃោសនា-ព័ត៌មាន តំណាងឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង បានឲ្យដឹងថា ការប្រកួតប្រឡងប្រណាំង ដណ្តើមពានរង្វាន់ «នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ឆ្នាំ២០២៥» បានចាប់ផ្ដើមធ្វើការប្រកួតជម្រុះ ពីថ្ងៃ២៦ ខែកុម្ភៈ ដល់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៥នេះ ដោយមានកីឡាករចូលរួមចំនួន ២២ក្រុម មកពីកងឯកភាពចំណុះបញ្ជាការដ្ឋានអង្គរក្ស។
ឆ្លងកាត់ការប្រកួត ៨វិញ្ញាសារនេះ ក្នុងនោះ វិញ្ញាសារសណ្តាប់ធ្នាប់ជួរទ័ព និងលំហាត់ប្រាណយោធា (កងអន្តរាគមន៍ទី៣ ការពារ៣១១ ទទួលបានចំណាត់ថ្នាក់លេខ១), វិញ្ញាសាររត់ប្រដាប់អាវុធចម្ងាយ៧គីឡូម៉ែត្រ (កងអន្តរាគមន៍ទី៣ ការពារ៣១១ ទទួលបានចំណាត់ថ្នាក់លេខ១), វិញ្ញាសារសែងប្រង់ការ៥០គីឡូក្រាម ចម្ងាយ៤គីឡូម៉ែត្រ (កងអន្តរាគមន៍ទី៣ ការពារ៣១១ ទទួលបានចំណាត់ថ្នាក់លេខ១), វិញ្ញាសារឆ្លងកាត់ឧបសគ្គទាំង២៥ ((កងវរសេនាតូចទី១ កាំជ្រួចការពារអាកាស ទទួលបានចំណាត់ថ្នាក់លេខ១), វិញ្ញាសារបាញ់អាវុធវែងអាកា៤៧ បីចម្ងាយ បីកាយវិការ និងចោលគ្រាប់បែក កងអន្តរាគមន៍ទី១ ប្រឆាំងភេរវកម្ម ទទួលបានចំណាត់ថ្នាក់លេខ១), វិញ្ញាសារអូស-រុញរថយន្តទម្ងន់៧តោន (កងអន្តរាគមន៍ទី១ ប្រឆាំងភេរវកម្ម ទទួលបានចំណាត់ថ្នាក់លេខ១), វិញ្ញាសារដោះរៀបអាវុធបីប្រភេទ (កងអន្តរាគមន៍ចល័ត៩៩៩ ទទួលបានចំណាត់ថ្នាក់លេខ១), និងវិញ្ញាសារបាល់ទះ (កងអន្តរាគមន៍ទី៣ ការពារ៣១១ ទទួលបានចំណាត់ថ្នាក់លេខ១)។
នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខំពោះកីឡាករ ដែលនាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំប្រឹងប្រែង ក្នុងការប្រកួតប្រឡង ប្រណាំងនេះ។
នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ការរៀបចំការប្រកួតប្រឡងប្រណាំងនេះ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំដើម្បីចូលរួមអបអរសាទរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីរួមចំណែកលើកស្ទួយ វិស័យកីឡានៅទូទាំងប្រទេស និងស្របតាមអនុសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលលើកឡើងថា ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយមុខ ឬឲ្យបានមួយប្រភេទ។
កិតិ្តសង្គហបណ្ឌិត មានប្រសាសន៍បន្តថា «យើងសូមអរគុណចំពោះសន្តិភាព និងនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលបាននាំមកនូវការឯកភាពជាតិពេញលេញនូវទូទាំងប្រទេស»។
នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើដល់ក្រុមកីឡាករ ក៏ដូចជានាយ និងពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ត្រូវបន្តថែរក្សាសុខភាព និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ដោយប្តូរពីការប្រើប្រាស់គ្រឿងញៀន មកជាការលេងកីឡាពង្រឹងនូវកាយសម្បទា សាមគ្គីភាពផ្ទៃក្នុង និងការងារហ្វឹហ្វឺន ពិសេសត្រូវប្រកាន់ខ្ជាប់នូវអភិក្រមទាំងបី គឺលះបង់ ស្មោះត្រង់ និងបម្រើ ការពារប្រមុខថ្នាក់ដឹកនាំ និងក្រុមគ្រួសារលុះអវសាន្តនៃជីវិត ហើយបោះទ័ពនៅទីណា ត្រូវជួយប្រជាពលរដ្ឋ ឲ្យប្រជាពលរដ្ឋស្រលាញ់ ពេលចេញទៅឲ្យប្រជាជននឹករលឹក។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានផ្តល់ជូនរង្វាន់លើកទឹកចិត្តជ័យលាភី ក្រុមកីឡាចំណាត់ថ្នាក់លេខ១ នូវថវិកាចំនួន ៣ពាន់ ៥០០ដុល្លា រួមនឹងភេសជ្ជៈ ហើយចំណាត់ថ្នាក់លេខ២ ថវិកា ៥លានរៀល រួមនិងភេសជ្ជៈផងដែរ៕