(សៀមរាប)៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានដឹកនាំកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ជួយរុះរើផ្ទះពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ក្នុងមូលដ្ឋានក្រុងស្រុក ចំនួន១០ រួមមាន ក្រុងសៀមរាប ក្រុងរុនតាឯកតេជោសែន, ស្រុកប្រាសាទបាគង, ស្រុកស្វាយលើ, ស្រុកអង្គរធំ, ស្រុកពួក, ស្រុកបន្ទាយស្រី, ស្រុកសូទ្រនិគម, ស្រុកជីក្រែង និងស្រុកអង្គរជុំ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ភ្លៀងលាយខ្យល់កន្ត្រាក់ បានវាយប្រហារលើមូលដ្ឋានក្រុងស្រុកចំនួន១០ កាលពីរសៀលល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ១៧៨គ្រួសារ, ដួលរលំបាក់ដើមឈើ ចំនួន ៧១ដើម បានបណ្តាលឲ្យមានមនុស្សរងរបួស៧នាក់ (ស្រី៣នាក់) និងពុំមានអ្នកស្លាប់ ព្រមទាំងផលប៉ះពាល់ផ្សេងទៀត ដូចជា រលំបង្គោលភ្លើងលម្អផ្លូវ រលំបាក់មែកឈើលើដងផ្លូវផងដែរ។
ក្នុងហេតុការណ៍កាលពីល្ងាចថ្ងៃទី១៦ ខែមីនាម្សិលមិញ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបង្ហាញការសោកស្តាយយ៉ាងពន់ពេក ចំពោះបាតុភូតខ្យល់កន្ត្រាក់បក់បោកចូលដល់ក្រុង និងស្រុកមួយចំនួន។ លោកបញ្ជាក់ថា រដ្ឋបាលខេត្ត សហការជាមួយកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នឹងចុះពិនិត្យជួយឲ្យអស់លទ្ធភាព។
បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ខ្ពស់មើលថែទាំអ្នករងរបួសទាំងអស់ទាន់ពេលវេលា ក៏សូមអរគុណដល់ស្នងការដ្ឋាន កម្លាំងទាំងអស់ដែលបានជួយសំអាត រក្សាស្ថានភាពផ្លូវឲ្យល្អដូចដើមដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទាំងអស់៕