(កំពង់ចាម)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាង៣០០នាក់ ក្នុងចំណោមខេត្តចំនួន៥ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានចូលរួមបើកកិច្ចប្រជុំ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីខេត្តកំពង់ចាម ដែលទទួលបានចំណាត់ថ្នាក់លេខ១ ទាំង១០៩ឃុំសង្កាត់ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមជាគណៈអធិបតីពីលោក យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

លោក យុន ឈុន្នី បានថ្លែងថា ការជួបជុំគ្នានៅថ្ងៃនេះ ធ្វើឡើងដើម្បីដកពិសោធន៍ការងារផ្សព្វផ្សាយអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព និងការងារនគរបាលសហគមន៍ ដែលការជួបជុំនេះមានខេត្តចំនួន៥ រួមមាន៖ ខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ ខេត្តព្រៃវែង ខេត្តរតនគិរី និងខេត្តកំពង់ចាម ពោលគឺខេត្តដែលមិនបានទទួលចំណាត់ថ្នាក់ និងខេត្តកំពង់ចាមដែលទទួលបានចំណាត់ថ្នាក់លេខ១ គ្រប់ឃុំ សង្កាត់ទាំងអស់ ព្រមទាំងខេត្ត ដែលពីមុនគ្មានចំណាត់ថ្នាក់ ហើយខិតខំធ្វើការងារទទួលបានចំណាត់ថ្នាក់ឡើងវិញ ដូចជាខេត្តព្រៃវែងជាដើម ។ ដូច្នេះការជួបជុំគ្នានេះមានសារៈសំខាន់ណាស់ ក្នុងការផ្លាស់ប្ដូរបទពិសោធន៍ ដើម្បីយកទៅអនុវត្តនៅក្នុងខេត្តរបស់ខ្លួន ឲ្យទទួលបានជោគជ័យ។

ក្នុងឱកាសនោះអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងថា ក្នុងឆ្នាំ២០២៤កន្លងទៅ ក្នុងស្មារតីទទួលខុសត្រូវ យើងបានអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» រហូតឈានទៅសម្រេច ជោគជ័យ និងទទួលបានលទ្ធផលជ័លាភីលេខ១ទាំង១០៩ឃុំ-សង្កាត់។

ជាមួយគ្នានេះ ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ទាំង១០៩ឃុំ-សង្កាត់ រយៈពេល២ឆ្នាំជាប់ៗគ្នា គឺ២០២១, ២០២២ និងឆ្នាំ២០២៣ លេខ១ ចំនួន១០៨ឃុំ លេខ២ ចំនួន១ឃុំ។ កត្តាធំៗដែល យើងទទួលបានជោគជ័យរួមមាន៖

*ទី១៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត, ក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ បានរៀបចំផែនការក្នុងការអនុវត្តការងារ រៀបចំផែនការសកម្មភាព លិខិតបទដ្ឋានពាក់ព័ន្ធផ្សេងៗ និងក្រុមការងារចុះមូលដ្ឋានឃុំ-សង្កាត់ បានត្រឹមត្រូវច្បាស់លាស់ និងអនុវត្តបានយ៉ាងម៉ឺងម៉ាត់។
*ទី២៖ រៀបចំវេទិការសាធារណ ដើម្បីដោះស្រាយសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ
*ទី៣៖ កិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ច បានចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់
*ទី៤៖ ការប្រតិបត្តិការរបស់សមត្ថកិច្ច បានបង្ក្រាបចំគោលដៅ ចំមេក្លោង ចំមុខសញ្ញា និងការត្រួតពិនិត្យរដ្ឋបាលចំហរ
*ទី៥៖ រដ្ឋបាលខេត្តក៏បានដាក់ចេញចលនាប្រណាំងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ- សង្កាត់មានសុវត្ថិភាព» និងសេវាសង្គមសម្រាប់ឱ្យរដ្ឋបាលឃុំ-សង្កាត់ ដើម្បីជំរុញលើកទឹកចិត្តដល់រដ្ឋបាល ឃុំ-សង្កាត់ក្នុងការ ខិតខំលើកកម្ពស់ កែលម្អសកម្មភាពអនុវត្ត ឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋានសម្រាប់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ចលនាប្រឡងប្រណាំងនេះ ជាការលើកទឹកចិត្ត និងជាឧបករណ៍ដ៏មានសារៈសំខាន់ សម្រាប់ជាមេរៀន និងជាបទពិសោធន៍ដ៏ល្អ ដល់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងការកែលម្អសកម្មភាពអនុវត្តការងារឲ្យកាន់តែមាន ប្រសិទ្ធភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕