(ភ្នំពេញ)៖ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ អញ្ជើញចូលរួមក្នុងពិធីប្រកាសបើក «យុទ្ធនាការហែលទឹកទន្លេមេគង្គចម្ងាយ ១២០គីឡូម៉ែត្រ ដើម្បីសង្រ្គោះសត្វផ្សោតកម្ពុជា»

កម្មវិធីប្រព្រឹត្តទៅនៅទីតាំងគល់ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែង ដែលមានការចូលរួមពីលោក ប៉ែន លីណាត អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តស្ទឹងត្រែង, លោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល, លោក ចាប វិបុល នាយកអង្គការ WWF-កម្ពុជា, លោកស្រីបណ្ឌិត Frances Gulland តំណាងក្រុមអ្នកជំនាញថនិកសត្វសមុទ្រ និងដៃគូអភិវឌ្ឍន៍ ក្រុមអ្នកហែលទឹកមកពីក្រៅប្រទេស និងប្រជាសហគមន៍សរុបប្រមាណ ១០០នាក់។

នៅចំពោះមុខអង្គពិធី, កញ្ញា អ៊ឹម រចនា បានសម្ដែងការគាំទ្រចំពោះអង្គការ WWF កម្ពុជា ដែលបានផ្ដួចផ្ដើមរៀបចំយុទ្ធនាការដ៏មានសារៈសំខាន់នេះ ដើម្បីលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តដល់សហគមន៍ ក្នុងកិច្ចការ​ការពារ​ទន្លេ​មេគង្គ ជាពិសេសសត្វផ្សោតទន្លេមេគង្គ ជារតនសម្បត្តិរបស់ជាតិ។

មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មរូបនេះ បានបញ្ជាក់ថា ក្រសួងកសិកម្មជា​សេនា​ធិការរាជរដ្ឋាភិបាល បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង អាជ្ញាធរខេត្ត និងដៃគូអភិវឌ្ឍន៍នានា ជាពិសេស​អង្គការ​ WWF ធ្វើការក្នុងគោលដៅរួមគ្នា ដើម្បីចាត់វិធានការពង្រឹងកិច្ចការពារ ដោយ​បានបង្កើត​ក្រុមឆ្មាំទន្លេចំនួន ៧២រូប យាមល្បាតជាប្រចាំនៅតំបន់អភិរក្សសត្វផ្សោត។

បើតាមកញ្ញា អ៊ឹម រចនា, ដោយសារកិច្ចខិតខំ​ប្រឹង​ប្រែងនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា បន្តកើនឡើងជាលំដាប់ នៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ដែលគ្រាន់តែក្នុងរយៈពេលជិត៣ខែដើមឆ្នាំ២០២៥នេះ កូនផ្សោតចំនួន​៥ក្បាល​​បានកើតថ្មី ដែលធ្វើឲ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ ១០៩ក្បាល។

ជាងនេះ​ទៅទៀត ក្រោមការដឹកនាំពីសំណាក់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងរដ្ឋបាលជលផល ប្តេជ្ញា​ពង្រឹង​​ការអនុវត្តន៍ច្បាប់ លុបបំបាត់ការនេសាទខុសច្បាប់ និងលើកកម្ពស់ការ​គ្រប់គ្រង​ទន្លេ​ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានាឱ្យបាននូវការរស់​រានមានជីវិត​របស់​សត្វ​ផ្សោត​ទន្លេមេគង្គ និងបង្កើនផលស្តុកត្រីក្នុងជម្រកធម្មជាតិ។

សូមជម្រាបថា «យុទ្ធនាការហែលទឹកទន្លេមេគង្គជាលើកដំបូង ហែលឆ្លងកាត់​ទីជម្រក​សត្វផ្សោតទន្លេមេគង្គមានចម្ងាយ១២០គីឡូម៉ែត្រ» ធ្វើរយៈពេលបួនថ្ងៃ ចាប់​ពីថ្ងៃ​ទី១៧ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ដែលក្រុមអ្នកហែលទឹកត្រូវ​ចាប់ផ្តើម​ហែលពីខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់គោលដៅបញ្ចប់នៅទីរួមខេត្តក្រចេះ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥៕