(ភ្នំពេញ)៖ លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០៥ បានអញ្ជើញដឹកនាំគណៈប្រតិភូ សមាគមនារីក្រសួងព័ត៌មាន ចុះសួរសុខទុក្ខ និងអំណោយមួយចំនួនជូនលោកស្រី ច័ន្ទ ធី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានកិត្តិយស សមាគមនារីក្រសួងព័ត៌មាន ដែលមានវ័យចំណាស់ ដល់គេហដ្ឋាន នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា ក៏បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខរបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ជូនដល់លោកស្រី ច័ន្ទ ធី ផងដែរ។ ការចុះសួរសុខទុក្ខមន្ត្រីចាស់ៗពីសំណាក់មន្ត្រីបន្តវេន គឺការយកចិត្តទុកដាក់អំពីសុខទុក្ខ ជីវភាពរស់នៅ ការផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យទាំងអស់ ដែលមានគុណបំណាច់ចំពោះក្រសួង និងប្រទេសជាតិ។
តាមរយៈនេះលោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា បានថ្លែងថា នេះជាការយកចិត្តទុកដាក់របស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងការគាំពារ លើកទឹកចិត្ត និងរម្លឹកគុណដល់មន្ត្រីជំនាន់មុន ដែលបានខិតខំលះបង់កម្លាំងចិត្ត និងកម្លាំងកាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកិច្ចការងារកសាងប្រទេជាតិ ជាពិសេសគឺបានចូលរួមយ៉ាងសកម្មក្នុងការងារសតិអារម្មណ៍ ការងារសាធារណមតិ ចាប់តាំងពីប្រទេសកម្ពុជា ត្រូវបានរំដោះចេញពីរបបខ្មែរក្រហមមកម្ល៉េះ។
លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា បានបន្តថា តួនាទីរបស់មន្ត្រីជំនាន់មុន គឺបានដើរតួនាទីយ៉ាងសំខាន់ ហើយបានផ្តល់នូវបទពិសោធន៍ជាច្រើនដល់មន្ត្រីជំនាន់ក្រោយបានស្គាល់ បានដឹងចំពោះកិច្ចការងាររបស់ក្រសួង ស្ថាប័នជំនាញជាដើម។ ដូច្នេះ ចំពោះការអនុញ្ញាតឱ្យសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ចុះមកសួរសុខទុក្ខមន្ត្រីមានវ័យចំណាស់នាពេលនេះ គឺបានបង្ហាញឱ្យឃើញពីការដឹងគុណ និងការផ្សាភ្ជាប់រវាងមន្ត្រីជំនាន់ និងមន្ត្រីបន្តវេន នេះជាការធ្វើសុខុដុមនីយកម្មនៅក្នុងក្រសួង ផ្សាភ្ជាប់មនោសញ្ចេតនា ការទទួលស្គាល់ គុណតម្លៃ ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជុំវិញមហាគ្រួសារមន្រ្តីរាជការនៃក្រសួងព័ត៌មាន ក្រោមដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប្រកបដោយឆន្ទៈខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រី ច័ន្ទ ធី និងក្រុមគ្រួសារមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា ព្រមទាំងក្រុមការងារ ដែលចុះមកសួរសុខទុក្ខដល់លំនៅដ្ឋាន។
ក្នុងឱកាសដ៏មានអត្ថន័យនោះផងដែរ លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា និងក្រុមការងារបានប្រគល់អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នេត្រ ភក្ត្រា ជូនដល់លោកស្រី ច័ន្ទ ធី និងសូមជូនពរដល់លោកបណ្ឌិតទទួលបាននូវសុខភាពល្អ ជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាប្រការដទៃឡើយ៕