(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានប្រជាពលរដ្ឋជាង ៣០០គ្រួសារ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ទទួលបានអំណោយមនុស្សធម៌ពីសមាគម Saving Lives ប្រទេសសិង្ហបុរី ក្រោមការសម្របសម្រួលរបស់ពុទ្ធិកសមាគមកម្ពុរដ្ឋ។
ការចែកអំណោយត្រូវបានធ្វើឡើងនៅវត្តភ្នៀតសិម្ពលី ដោយមានព្រះវត្តមាន ព្រះសិរីកោសល សុំ សុខា ព្រះចៅអធិការវត្តភ្នៀតសិម្ពលី និងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ, លោក Goh Tungheng ប្រធានសមាគម Saving Lives ប្រទេសសិង្ហបុរី និងសហការី, លោកស្រីឧកញ៉ា បណ្ឌិត កែវ មុំ ប្រធានគណៈកម្មការទំនាក់ទំនងអន្តរជាតិនៃពុទ្ធិកសមាគមកម្ពុជរដ្ឋ និងលោកតា កស្សបៈ សប្បុរសជនខ្មែរដ៏ល្បីឈ្មោះមួយរូប។
នាឱកាសនោះ ព្រះសិរីកោសល សុំ សុខា បានមានសង្ឃដីកា ថ្លែងអំណរគុណដល់រដ្ឋាភិបាល, ប្រជាជន និងសមាគម Saving Lives ប្រទេសសិង្ហបុរី ដែលបានធ្វើទានចំពោះអ្នកខ្វះខាត នាពេលនេះ។ ព្រះអង្គ សង្ឃឹមថា សមាគមនេះនឹងបង្កើតកម្មវិធីមនុស្សធម៌ជាច្រើនទៀត នៅក្នុងប្រទេសកម្ពុជា ដើម្បីអ្នកក្សត់ខ្សោយដទៃទៀត ទទួលបានក្តីស្រលាញ់ និងបណ្តុះគំនិតនៃការចែករំលែក។
រីឯលោក Goh Tungheng បានលើកឡើងថា Saving Lives បានធ្វើសកម្មភាពមនុស្សធម៌នៅប្រទេសមីយ៉ាន់ម៉ា, នេប៉ាល់ និងប្រទេសដទៃទៀត។ លោកបន្តថា ចំពោះការធ្វើសកម្មភាពមនុស្សធម៌នៅកម្ពុជា ក៏មិនមែនលើកទី១ នោះដែរ ហើយសកម្មភាពនេះ មិនពាក់ព័ន្ធនឹងនយោបាយ ឬសាសនាឡើយ។
ប្រជាពលរដ្ឋជាង ៣០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម គ្រឿងឧបភោគបរិភោគ នំស្រួយលីលី និងថវិកាមួយចំនួន។
ស្របពេលជាមួយគ្នានេះ លោកស្រីឧកញ៉ា បណ្ឌិត កែវ មុំ បានថ្លែងថា អំណោយទាំងនេះ នឹងជួយដល់មួយផ្នែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានតម្រូវការចាំបាច់បំផុត។ លោកស្រី ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ខិតខំថែរក្សាសុខភាព និងខិតខំប្រកបការងាររកទទួលទាន ព្រោះពេលសុខភាពល្អ ក៏នាំឲ្យការប្រកបការងារបានល្អដែរ៕