(ភ្នំពេញ)៖ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរសមណសិស្សនិទ្ទេស A និងនិទ្ទេស B នៃការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការនិងសាសនា។

ពិធីនេះមានការយាង និមន្ត និងអញ្ជើញចូលរួមពី សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សម្តេចព្រះអគ្គាធិការរង  ព្រះមន្ត្រីសង្ឃ ឯកឧត្តម ជាថ្នាក់ដឹកនាំនៃក្រសួងធម្មការនិងសាសនា ព្រះនាយកសាលាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត លោកគ្រូ អ្នកគ្រូ និងសមណសិស្សនិទ្ទេស A និង B។

យោងតាមរបាយការណ៍នៃការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ថ្ងៃទី២១-២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៥ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ព្រះសង្ឃាលង្ការមុនី បណ្ឌិត យ៉ន កុសល្យ ប្រធានផ្នែកពុទ្ធិកមធ្យមសិក្សា បានឱ្យដឹងថា មានបេក្ខសមណៈ បេក្ខជនចុះឈ្មោះ ប្រឡងសរុប ៤៣៥ អង្គ នាក់។ បេក្ខសមណៈ បេក្ខជនបានប្រឡងជាប់សរុប ៣៨៣ អង្គ នាក់ ស្មើនឹង ៨៧.៨២% ធ្លាក់សរុប ៥២ អង្គ នាក់ ស្មើនឹង ១១.៩៥%។

ក្នុងចំណោមបេក្ខសមណៈបេក្ខជនមកពីសាលាពុទ្ធិកមធ្យមសិក្សាទុតិយភូមិចំនួន ១៤ មានបេក្ខសមណៈ ១ អង្គ ទទួលបាននិទ្ទេស  A ព្រះនាម ស្រេងសុភាព មានស្រុកកំណើតនៅភូមិ ព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ រៀននៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។

ក្រៅពីបេក្ខសមណៈ ទទួលបាននិទ្ទេស A មានបេក្ខសមណៈពីរព្រះអង្គផងដែរ ទទួលបាននិទ្ទេស B ទី១ ព្រះនាម សៀង សម្បូ មានស្រុកកំណើតនៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី២ ព្រះនាម ខេន សុខគង់ មានស្រុកកំណើតនៅភូមិស្ទឹងធំ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលបេក្ខសមណៈទាំងពីរព្រះអង្គក៏រៀននៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។

បន្ទាប់ពីស្តាប់របាយការណ៍នៃលទ្ធផលប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិរួចមក ឯកឧត្តមចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ក្រោមការដឹកនាំផ្ទាល់របស់សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដែលបានសហការគ្នាយ៉ាងល្អជាមួយក្រសួង ស្ថាប័ន និងផ្នែកពាក់ព័ន្ធដទៃទៀត ក្នុងការរៀបចំដំណើរការការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ប្រកបដោយភាពរលូននិងទទួលបានលទ្ធផលគួរជាទីមោទនៈ។

ជាមួយគ្នានេះដែរ ឯកឧត្តមចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានចូលរួមអបអរសាទរដល់សមណសិស្សនិទ្ទេស A និង B ដែលសម្រេចបានលទ្ធផលត្រចះត្រចង់និងលើកទឹកចិត្តដល់សមណសិស្សដែលប្រឡងមិនទាន់ជាប់ ក៏ដូចជាមិនទទួលបាននិទ្ទេសល្អ សូមកុំអស់សង្ឃឹម កុំបាក់ទឹកចិត្ត ត្រូវបន្តប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀត ដើម្បីឱ្យមានសមត្ថភាពសម្រេចបំណង និងទទួលបានលទ្ធផលល្អនាពេលអនាគត ដោយត្រូវប្រកាន់យកនូវផ្នត់គំនិតវិជ្ជមាន ដោយគូសបញ្ជាក់ថា ការប្រឡងគឺជាការវាស់ស្ទង់សមត្ថភាព មិនមែនជាលក្ខខណ្ឌកំណត់ជីវិតយើងទាំងមូលនោះទេ គ្រប់គ្នាគឺសុទ្ធតែជាមូលធនរបស់ប្រទេសជាតិ។

គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសាលាបាលី សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ បានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ នៅមណ្ឌលភ្នំពេញ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ដែលបេក្ខសមណៈ បេក្ខជនត្រូវប្រឡងលើវិញ្ញាសាចំនួន១៤ មុខវិជ្ជា គឺ ភាសាបាលី ភាសាសំស្ក្រឹត ព្រះធម៌ សាសនាប្រៀបធៀប គណិតវិទ្យា អក្សរសាស្ត្រខ្មែរ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា ផែនដីវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និងភាសាអង់គ្លេស៕