(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ ប្រកាសចាត់ក្រុមការងារចុះស្រាវជ្រាវលើបញ្ហាដីធ្លី​របស់​ប្រជាពលរដ្ឋម្នាក់នៅផ្លូវអន្ទង់អាំង (ភ្នំ១៥០០) ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីស្វែងរកការពិត។

ស្ត្រីឈ្មោះ សែម សុខគា ប្រជាពលរដ្ឋមួយរូបរស់នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានអះអាងថា ដីរបស់ខ្លួននៅតាមផ្លូវជាតិលេខ៥៥ គីឡូម៉ែត្រ១៣៧ ស្ថិតក្នុងស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ដែលខ្លួនកាត់កាប់រយៈពេលជាង១០ឆ្នាំមកហើយ និងមាន​បណ្ណកម្ម​សិទ្ធិថែមទៀតនោះ ត្រូវបានអាជ្ញាធររឹបអូស។

ស្ត្រីរូបនេះ បានជំទាស់នឹងចំណាត់ការរបស់អាជ្ញាធរខេត្តពោធិ៍សាត់ ហើយបានស្វះស្វែង​រកកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាល ដើម្បីបានសិទ្ធិគ្រប់គ្រងដីរបស់ខ្លួនត្រឡប់មកវិញផ​ង​ដែរ។

ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមីនា កន្លងទៅនេះ ក្រសួងបានទទួលពាក្យបណ្តឹងពីលោកស្រី សែម សុខគា រួចហើយ។

ក្រោយទទួលបានពាក្យបណ្តឹងនេះ ក្រសួងយុត្តិធម៌ បានប្រកាសថា ក្រសួងនឹងចាត់ក្រុមការងារចុះស្រាវជ្រាវដោយផ្ទាល់នៅទីតាំងជាក់ស្តែង ក៏ដូចជាជួបផ្ទាល់ជាមួយអ្នកស្រី សែម សុខគា ព្រមទាំងភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ និងស្រាវជ្រាវលើករណីនេះ៕