(ពោធិ៍សាត់)៖ លោក សុខ គាង រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារប្រតិបត្តិខេត្តពោធិ៍សាត់ និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដោយបានការចូលរួមពីក្រុមការងារថ្នាក់ជាតិ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់ និងចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ដើម្បីធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យក្បាលដី តាមបណ្តាឃុំ ស្រុក ពាក់ព័ន្ធនឹងបឹងទន្លេសាប ក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះ ក៏បានប្រកាសចេញលិខិតបង្គាប់ការ លេខ២០៦៧ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ស្តីពីការបង្កើតក្រុម និងអនុក្រុមការងារ ដោយសហការជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីចុះពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លី ភូមិ ឃុំ ស្រុក នៃបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រស្រុកបាកាន ស្រុកកណ្តៀង និងស្រុកក្រគរផងដែរ។
លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានលើកឡើងថា រដ្ឋបាលខេត្តពោធិ៍សាត់តែងតែចូលរួមសហការជាមួយអន្តរក្រសួងជាប់ជាប្រចាំ ដូច្នេះរដ្ឋបាលខេត្តបានចេញលិខិតបង្គាប់ការ លេខ២០៦៧ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះជាបន្ទាន់មួយ ដើម្បីបង្កើតក្រុមការងារ ចំនួន១២រូប ដែលមានលោក ហេង សុភាណា អភិបាលរងខេត្ត ជាប្រធាន និងអនុក្រុមចំនួន៣ទៀត គឺស្រុកបាកាន ចំនួន១២រូប ដែលមានលោក ប្រសិទ្ធ សិទ្ធិគុណ អនុប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជាប្រធាន, ស្រុកកណ្តៀង ចំនួន១២រូប ដែលមានលោក ដេត សុវិចិត្រ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជាប្រធាន និងស្រុកក្រគរ ចំនួន១២រូប ដែលមានលោក សួង សែ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជាប្រធាន។ ក្រុម និងអនុក្រុមការងារទាំង៣ ត្រូវសហការជាមួយក្រុមការងារថ្នាក់ជាតិ និងមានភារកិច្ច ចុះពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លី នៃតំបន់បឹងទន្លេសាប តាមភូមិសាស្រ្តនីមួយៗ និងត្រូវរៀបចំរបាយការណ៍វឌ្ឍនភាពការងារប្រចាំថ្ងៃ ដើម្បីដាក់ជូនប្រធានក្រុមការងារថ្នាក់ខេត្ត ដើម្បីមានមូលដ្ឋានគោរពរាយការណ៍ជូន លោកអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ព្រមទាំងគោរពសុំមតិដឹកនាំបន្ត។
លោក សុខ គាង រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារប្រតិបត្តិខេត្តពោធិ៍សាត់ បានលើកឡើងថា កិច្ចប្រជុំដែលបានប្រារព្ធធ្វើនាពេលនេះ ក្នុងគោលបំណងរៀបចំលក្ខខណ្ឌការប្រើប្រាស់ដី សម្រាប់ការអភិវឌ្ឍតំបន់ទន្លេសាប រួមមានតំបន់២ និងតំបន់៣ នៃភូមិសាស្ត្រខេត្តទាំង៦ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ ក្នុងនោះមាន៖ ១-លក្ខណៈភូមិសាស្ត្រ, ២-ប្រជាសាស្ត្រ និងមុខរបរ, ៣-រូបភាពប្រើប្រាស់ដី, ៤-ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និង៥-ស្ថានភាព សកម្មភាពអភិវឌ្ឍមូលដ្ឋាន។
លោកបានលើកឡើងថា ក្រុម និងអនុក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លី ត្រូវមានទម្រង់បែបបទ ប្រមូលទិន្នន័យឯកភាពគ្នា ធ្វើជាមូលដ្ឋានក្នុងការវាយតម្លៃជាក់ស្តែង តាមភូមិ ឃុំ នីមួយៗ កំណត់បាននូវតម្រូវការប្រើប្រាស់ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការរៀបចំឱ្យមានលក្ខណ្ឌ នៃការប្រើប្រាស់ដីត្រឹមត្រូវ តាមនិយាម និងស្តង់ដាសុវត្ថិភាព ការពារ បរិស្ថាន និងជីវៈចម្រុះ ក្នុងបឹងទន្លេសាប។
លោករដ្ឋលេខាធិការសង្ឃឹមយ៉ាងមុតមាំថា ទាំងក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់មូលដ្ឋាន ជាពិសេសលោកប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកទាំង៣ ត្រូវបន្តកិច្ចសហប្រតិបត្តិការចុះពិនិត្យ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មាន បានគ្រប់ជ្រុងជ្រោយ និងចំគោលដៅ ទទួលបានលទ្ធផលល្អប្រសើរជាក់ជាមិនខាន និងធ្វើរបាយការណ៍បូកសរុបគោរពជូន លោកឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ជាមួយគ្នានោះ កិច្ចការដែលយើងត្រូវចាប់ផ្តើមដំបូងនោះ គឺចាប់ពីស្រុកបាកាន បន្តមកស្រុកកណ្តៀង និងស្រុកក្រគរ នៅតំបន់ដែលរសើប និងមានបញ្ហាប្រឈមខ្លាំង៕