(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយក្រសួងធនធានទឹកចិន និងអង្គការ យូនីសេហ្វ បានប្រកាសដាក់ឱ្យអនុវត្ត គម្រោងទឹកស្អាត និងអនាម័យដែលមានភាពធន់នឹងអាកាសធាតុនៅកម្ពុជា ដើម្បីពង្រីកលទ្ធភាពផ្គត់ផ្គង់ទឹកស្អាត និងជំរុញឱ្យពលរដ្ឋដែលងាយរងគ្រោះ ទទួលបានសេវាទឹកស្អាត ។

គំនិតផ្តួចផ្តើមនេះគឺជាការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធានាថា សហគមន៍ដែលងាយរងគ្រោះបំផុត មានលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យដែលមានសុវត្ថិភាព និងមានភាពធន់នឹងអាកាសធាតុ ដោយកាត់បន្ថយការគំរាមកំហែងដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថាប្រទេសកម្ពុជាបានបោះជំហានទៅមុខគួរឱ្យកត់សម្គាល់ក្នុងការពង្រីកលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យ ឆ្ពោះទៅការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDG) ៦.១ និង ៦.២។

លោកបន្តថា«គោលដៅនេះកំណត់ថា យើងត្រូវធានាថាមានទឹកបរិភោគដែលមានសុវត្ថិភាព និងថ្លៃសមរម្យ និងមានសេវាអនាម័យសម្រាប់ប្រជាជនទាំងអស់ត្រឹមឆ្នាំ២០៣០ ដោយផ្តល់អាទិភាពដល់ស្ត្រី ក្មេងស្រី និងប្រជាពលរដ្ឋងាយរងគ្រោះ»។

ក្រោមកម្មវិធីសហប្រតិបត្តិការនេះ ក្រសួងចំនួន ៣ របស់កម្ពុជា គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាអង្គភាពអនុវត្តគម្រោង ដោយទទួលបានជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ពីក្រសួងធនធានទឹក នៃសាធារណៈរដ្ឋប្រជាមានិតចិន និងអង្គការ យូនីសេហ្វ ប្រចាំប្រទេសចិន។

លោក Li Guoying រដ្ឋមន្ត្រីក្រសួងធនធានទឹក នៃសាធារណៈរដ្ឋប្រជាមានិតចិន បានលើកឡើងថា«ប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយកម្ពុជា អង្គការយូនីសេហ្វ ប្រទេសផ្សេងៗ និងអង្គការអន្តរជាតិនានា ដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងគោលនយោបាយអភិបាលកិច្ច ការចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យាគ្រប់គ្រងទឹក។ តាមរយៈកិច្ចសហការនេះ យើងនឹងខិតខំសម្រេចឱ្យបាននូវគោលដៅទឹកនៃរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ និងកសាងសហគមន៍ចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី»។

សម្រាប់កម្មវិធីសហប្រតិបត្តិការនេះ ផែនការលម្អិតពហុឆ្នាំមួយត្រូវបានរៀបចំឡើង ដោយផ្តោតលើការលើកកម្ពស់គុណភាពទឹក និងអនាម័យនៅតាមសាលារៀន និងសហគមន៍, ការអនុវត្តប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដែលផ្អែកលើទំនាញ និងថាមពលពន្លឺព្រះអាទិត្យ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់, ការដំឡើងបច្ចេកវិទ្យាឆ្លាតវៃ ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យពីចម្ងាយ, និងការដំឡើងគ្រឿងបរិក្ខារទឹកស្អាត និងអនាម័យ តាមសាលារៀន និងមណ្ឌលសុខភាព ដើម្បីផ្តល់ភាពងាយស្រួលដល់កុមារក្នុងការប្រើប្រាស់ ជាពិសេសសម្រាប់កុមារដែលមានពិការភាព ដោយកាត់បន្ថយតម្រូវការនៃធ្វើដំណើរដែលមិនចាំបាច់សម្រាប់កុមារទាំងនេះ។

ពិភពលោកកំពុងទទួលរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ញឹកញាប់ និងពិបាកព្យាករ នៃការប្រែប្រួលអាកាសធាតុ រួមទាំងផលប៉ះពាល់លើប្រភពទឹក ដែលមានឥទ្ធិពលផ្ទាល់លើការផ្តល់សេវាទឹកស្អាត និងអនាម័យ។

យោងតាម របាយការណ៍ហេតុផលអាកាសធាតុសម្រាប់សេវាទឹកស្អាត និងអនាម័យនៅកម្ពុជា ប្រជាជនកម្ពុជាប្រមាណ ៤ លាននាក់ពឹងផ្អែកលើសេវាទឹកស្អាត និងអនាម័យ ដែលកាន់តែប្រឈមនឹងហានិភ័យដោយសារគ្រោះរាំងស្ងួត ទឹកជំនន់ និងព្រឹត្តិការណ៍អាកាសធាតុផ្សេងៗទៀត។
លោកបណ្ឌិត Anirban Chatterjee អនុប្រធានអង្គការ យូនីសេហ្វ ប្រចាំនៅកម្ពុជា បានលើកឡើងថា«កុមារគឺជាអ្នកទទួលខុសត្រូវតិចតួចបំផុតចំពោះការប្រែប្រួលអាកាសធាតុ ប៉ុន្តែពួកគាត់ជាអ្នករងផលប៉ះពាល់ខ្លាំងជាងគេ ពីការប្រែប្រួលអាកាសធាតុ និងវិបត្តិទាក់ទងនឹងអាកាសធាតុនានា។ ដោយធ្វើការរួមគ្នា យើងអាចជួយឱ្យកុមារគ្រប់រូបទទួលបានសិទ្ធិក្នុងការរស់នៅ ក្នុងបរិស្ថានដែលមានសុវត្ថិភាព ស្អាត និងមានសុខភាពល្អនៅថ្ងៃអនាគត»។

កម្មវិធីសហប្រតិបត្តិការនេះក៏មានគោលគោលដៅនាំយកបច្ចេកវិទ្យាទំនើបថ្មីៗ គំរូអាជីវកម្មនិរន្តរភាព និងដំណោះស្រាយដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងភាពធន់នៃសេវាទឹកស្អាត និងអនាម័យ ដោយលើកកម្ពស់សុខមាលភាពរបស់សហគមន៍ សាលារៀន និងមូលដ្ឋានសុខភិបាល នៅក្នុងតំបន់គោលដៅ ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន៕