(ភ្នំពេញ)៖ ចំណាត់ការបិទការផ្សាយវិទ្យុអាស៊ីសេរី ត្រូវអ្នកមានជំនឿលើហុងស៊ុយ «យុគ៩» ចាត់ទុកថា វាជាបាបកម្មដែលវិទ្យុអាស៊ីសេរីបានសាង។ Fresh Exclusive មានសេចក្តីរាយការណ៍អត្ថាធិប្បាយស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

ការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងចំណាត់ការបិទការផ្សាយវិទ្យុអាស៊ីសេរី រួមទាំងសេវា RFA ជាភាសាខ្មែរ ត្រូវបានមតិជាច្រើនចាត់ទុកថា វាអាចជាបាបកម្ម ជាពិសេសចំពោះអ្នកមានជំនឿលើ «យុគ៩»។

ជំនឿលើក្បួនហុងស៊ុយ «យុគ៩» ឆ្នាំ២០២៤-២០៤៤ ត្រូវបានគេសរសេរ និងចាត់ទុកថា វាជា «យុគភ្លើង» ដែលតម្រូវឱ្យមនុស្សត្រូវប្រព្រឹត្តតែអំពើល្អ ជាពិសេស «ពាក្យសម្តី ឥរិយាបថនិងមនោគតិ» មានន័យថា បើខ្លួនមានគំនិតទុច្ចរិត និងប្រព្រឹត្តតែអំពើអាក្រក់, បណ្តាសានៃបាបកម្មនោះ គង់នឹងធ្លាក់មកលើអ្នកនោះវិញជាមិនខានឡើយ ដូចជាករណីការផ្សាយព័ត៌មានមិនពិត, ព័ត៌មានញុះញង់ ដែលមានចេតនាចង់នាំប្រទេសកម្ពុជា ដែលមានសន្តិភាពចង់ឱ្យធ្លាក់ចូលក្នុងសង្គ្រាមវិញនោះជាដើម។

ចំណាត់ការបិទការផ្សាយវិទ្យុអាស៊ីសេរី ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជា ដោយសារជាច្រើនឆ្នាំមកនេះ វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ត្រូវបានពលរដ្ឋខ្មែរនិយាយថា បានផ្សព្វផ្សាយតែព័ត៌មានមិនពិត, ព័ត៌មានញុះញង់ និងព័ត៌មានបង្កឲ្យប្រទេសកម្ពុជាដែលមានសន្តិភាពធ្លាក់ចូលក្នុងវិបត្តិចលាចល និងវិទ្យុនោះទៀត បម្រើឱ្យតែផលប្រយោជន៍ក្រុមប្រឆាំងជ្រុលនិយម ជាជាងផ្តល់ព័ត៌មានដែលឆ្លុះបញ្ចាំងនូវតថភាពសង្គមទាំងមូលរបស់ជាតិកម្ពុជា។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងសំណេរតាមបណ្តាញសង្គមវេលាយប់ថ្ងៃទី១៧ មីនា ឆ្នាំ២០២៥ បានបង្ហាញជាសាធារណៈនូវការគាំទ្រចំពោះសេចក្តីសម្រេចរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ក្នុងចំណាត់ការបិទការផ្សាយវិទ្យុក្រោមការផ្តល់ថវិការបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនេះ។

ប្រសាសន៍របស់សម្តេចតេជោ តាមបណ្តាញសង្គម គឺការសង្កត់ធ្ងន់លើតួនាទីបំផ្លិចបំផ្លាញរបស់វិទ្យុអាស៊ីសេរី នៅក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត។ សម្តេចតេជោ បានសម្តែងការអរគុណចំពោះលោកប្រធានាធិបតី Trump ដែលបានចាត់វិធានការប្រឆាំងនឹង «ម៉ាស៊ីនឃោសនា» ដែលកន្លងមក បានធ្វើឱ្យមានការមិនចុះសម្រុងគ្នាទូទាំងពិភពលោក។ សម្តេច បានរំលឹកនូវសេចក្តីថ្លែងការណ៍មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកឆ្នាំ២០១៧ នៅប្រទេសហ្វីលីពីន ដែលពេលនោះសម្តេចបានចង្អុលបង្ហាញពីរបៀបដែលប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក មិនបានរួមចំណែកជួយលើគោលនយោបាយការបរទេសរបស់អាមេរិកនោះទេ ប៉ុន្តែបែរជាធ្វើឱ្យបណ្តាប្រទេសជាច្រើនមានការភ័ន្តច្រឡំនឹងនយោបាយពិតរបស់ សហរដ្ឋអាមេរិកនោះទៅវិញ។

ខ្លឹមសារនៃសំណេរទាំងស្រុងរបស់សម្តេចតេជោ មានដូចតទៅនេះ «យើងគួរតែវាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តីក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់ផ្តើមពីបណ្តាញព័ត៌មាន ដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាមេរិកជាមុន។ នេះជាការរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល ញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក ដែលចេញមកពីក្បាលម៉ាស៊ីនឃោសនាដែលលោកប្រធានាធិបតី ត្រាំ បញ្ឈប់ការផ្តល់ថវិកា។

ដូចខ្ញុំបានជំរាបអង្គប្រជុំអាស៊ាន អាមេរិកចំពោះមុខលោកប្រធានាធិបតី ត្រាំ នៅហ្វីលីពីន ឆ្នាំ២០១៧ថា ការមិនទុកចិត្តលើអាមេរិកដោយប្រទេសមួយចំនួន វាក៏មានចំណែកចេញមកពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលធ្វើឱ្យប្រទេសទាំងនោះយល់ច្រឡំថា ជាគោលជំហររដ្ឋាភិបាលអាមេរិក។

ចរិតមាយាទ និងសំដីនៃអ្នកយកព័ត៌មាន និងអ្នកនិយាយព័ត៌មានមួយចំនួនតូចនៃបណ្តាញព័ត៌មាននេះ ឫកធំជាងប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលទៅទៀត គ្មានគុណធម៌ និងសីលធម៌ទេ»។ លិខិតរបស់សម្តេចតេជោ បានសរសេរចុងក្រោយថា «សូមកោតសរសើរ និងសូមអរគុណលោកប្រធានាធិបតី ដូណាល់ ត្រាំ»។

វិទ្យុអាស៊ីសេរី ជាភាសាខ្មែរ ត្រូវបានពលរដ្ឋខ្មែរ សម្តែងក្តីខឹងសម្បារជាច្រើនដងរួចមកហើយ ចំពោះការផ្សាយព័ត៌មានប្រឌិតនិងញុះញង់ និងព័ត៌មានមិនឆ្លុះបញ្ចាំងអំពីការពិតក្នុងសង្គម។ សូម្បីតែឧប្បទ្ទវហេតុឆេះព្រះឆាយាលក្ខណ៍ ក្នុងពិធីដំណាច់ឆ្នាំសកលឈានចូលឆ្នាំ២០២៥ ដោយសារតែកំហុសបច្ចេកទេសសោះ ប៉ុន្តែវិទ្យុអាស៊ីសេរីនាពេលនោះ បែរជាផ្សាយលើកឡើងនូវសម្តីអកុសលរបស់ក្រុមជ្រុលនិយមដែលលើកឡើងនូវអបីយ៍ជំនឿ ដើម្បីចង់ឱ្យគេគិតថាប្រទេសកម្ពុជា នឹងរងវិបត្តិក្នុងឆ្នាំថ្មី ដោយសារការដឹកនាំរបស់រាជរដ្ឋាភិបាលកាច់ចង្កូត ដោយគណបក្សប្រជាជនកម្ពុជា ដែលអ្វីផ្សាយទាំងនោះ គឺជាការផ្សាយខុសពីការពិតទាំងស្រុង។

ការផ្សាយរបស់វិទ្យុអាស៊ីសេរី កន្លងមក តែងតែធ្វើខ្វាក់ ធ្វើគ និងថ្លង់ជានិច្ច ចំពោះភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដោយចោទថាការដឹកនាំប្រទេសបានធ្វើឱ្យជាតិខ្មែរក្រីក្រ គ្មានការអភិវឌ្ឍ ឬចោទថានាំប្រទេសឱ្យវណ្ឌកក្នុងបំណុល ដែលការផ្សាយទាំងនោះ គឺបំផ្លើសទាំងស្រុង។

ពិតមែនហើយ កម្ពុជាដែលធ្លាប់តែជាប្រទេសរងភាពហែកហួរដោយសង្គ្រាមស៊ីវិល រយៈពេលជិត៣០ឆ្នាំ នៅទីបំផុតក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានក្លាយជាប្រទេសមានសន្តិភាព និងទឹកដីឯកភាពទាំងស្រុងយ៉ាងពេញលេញ នៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ ប៉ុន្តែការផ្សាយវិទ្យុរបស់អាស៊ីសេរី បានបំភ្លៃការពិត ដោយមិនចង់ឱ្យពលរដ្ឋខ្មែរនិងសាធារណមតិមើលឃើញនូវការពិតនៃសុខសន្តិភាព ដែលកើតឡើងក្រោមនយោបាយឈ្នះឈ្នះ របស់គណបក្សប្រជាជនកម្ពុជាកាន់អំណាចបច្ចុប្បន្នឡើយ។

ម្យ៉ាងវិញទៀតខណៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានចាក់គ្រឹះសន្តិភាពរយៈពេល២៦ឆ្នាំ ជាមួយនឹងការអភិវឌ្ឍប្រទេសឥតឈប់ឈរតាមរយៈរដ្ឋាភបាលអាណ្ណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រយៈពេលជាងមួយឆ្នាំកន្លះរួចមកនេះក៏ដោយ, ការផ្សាយរបស់វិទ្យុអាស៊ីសេរី ក៏មិនដែលបាននិយាយអំពីភាពល្អនៃការដឹកនាំរបស់ប្រទេសជាតិឡើយ ប៉ុន្តែបែរជាផ្សាយតែរឿងអាក្រក់អំពីជាតិសាសន៍ខ្មែររបស់ខ្លួនឯងតែប៉ុណ្ណោះ។

ក្នុងការផ្សាយញុះញង់ដទៃទៀតដែលចង់ឱ្យខ្មែរមានសង្គ្រាមជាមួយនឹងប្រទេសជិតខាងរបស់ខ្លួន នៅពេលដែលរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រ ទេសជិតខាង ស្របតាមស្មារតីព្រំដែនសន្តិភាព សហប្រតិបត្តិការ និងមិនឈ្លានពានរវាងគ្នាទៅវិញទៅមកនោះ, វិទ្យុអាស៊ីសេរី បែរជាផ្សាយចាក់ចុចថា ទឹកដីរបស់ខ្មែរ ត្រូវបានបំពានដោយប្រទេសវៀតណាម និងថៃ ដែលការផ្សាយនោះ គ្មានបំណងអ្វីក្រៅពីការចង់ញុះញង់ឱ្យប្រទេសកម្ពុជា ដែលមានសន្តិភាព ត្រូវធ្វើសង្គ្រាមជាមួយនឹងប្រទេសជិតខាងឡើយ។ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសរួចមកហើយនូវការប្រើនយោបាយការទូតរបស់ខ្លួនក្នុង ការដោះស្រាយកិច្ចការប្រឈមមុខគ្នាជាមួយនឹងប្រទេសជិតខាង បើទោះបីជាបានប្រកាសរក្សាសិទ្ធិតបតទៅវិញចំពោះគ្រប់ទង្វើដែលភាគីម្ខាងបានធ្វើមកកាន់ប្រទេសកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងខែមីនា ឆ្នាំ២០២៥ថា កម្ពុជាប្រកាន់ជំហគោរពច្បាប់អន្តរជាតិ ចរចាដោយសន្តិវិធី ប៉ុន្តែកម្ពុជាត្រៀមលក្ខណៈគ្រប់ពេល បើមានការប្រើកម្លាំងប្រដាប់អាវុធឈ្លានពានកម្ពុជា គឺកម្ពុជានឹងឆ្លើយតបរាប់ទាំងការប្រើកម្លាំងប្រដាប់អាវុធផងដែរ។ ប៉ុន្តែចំពោះការផ្សាយរបស់វិទ្យុអាស៊ីសេរីវិញ បែរជាចោទប្រកាន់ថារាជរដ្ឋាភិ បាលមិនហ៊ានបង្ហាញគោលជំហរច្បាស់លាស់របស់ខ្លួនឡើយ។

នាពេលនេះការផ្សាយក្នុងរបៀបញុះញង់ដូចជាវិទ្យុអាស៊ីសេរីជាដើមនោះ ត្រូវបានរដ្ឋបាល លោក ដូណាល់ ត្រាំ បានផ្តល់យុត្តិធម៌ដល់កម្ពុជាវិញហើយ តាមរយៈចំណាត់ការផ្អាកការផ្សាយក្រោមហេតុផលត្រួតពិនិត្យលើភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុ និងការរំលោភបំពានសន្តិសុខ។ ការបិទនេះ ទោះបីស្ថិតក្នុងហេតុផលអ្វីក៏ដោយ ប៉ុន្តែមនុស្សមួយចំនួនដែលមានជំនឿលើ ហុងស៊ុយ «យុគ៩» ដែលទស្សន៍ទាយនូវលេខវាសនានិងជីវិត បាននិយាយថាវាជាអំពើបាបកម្ម ដែលអ្នកណាសាង គឺអ្នកនោះនឹងទទួល។

ដូច្នេះការផ្សាយព័ត៌មានមិនពិតណា ដែលមានចេតនាចង់នាំសង្គមខ្មែរដ៏សុខសាន្ត ក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ ២៦ឆ្នាំរួចមកនេះ ដោយចង់ឱ្យប្រទេសធ្លាក់ចូលក្នុងសង្គ្រាមសាជាថ្មីវិញនោះ នឹងពិតជាទទួលបាបកម្មរបស់ខ្លួនជាមិនខានឡើយតាមជំនឿហុងស៊ុយ «យុគ៩»។

ដូច្នេះវិទ្យុអាស៊ីសេរី គប្បីត្រូវតែជឿថា បាបកម្មពិតជាមានមែនចំពោះខ្លួនឯងដែលផ្សាយព័ត៌មានមិនពិត និងព័ត៌មានញុះញង់នោះ! ហើយអ្នកដែលមានគំនិតចង់នាំប្រទេសខ្មែរ ឱ្យធ្លាក់ចូលក្នុងសង្គ្រាមវិញ គប្បីត្រូវដកខ្លួនចេញពីគំនិតនោះជាបន្ទាន់៕