(ភ្នំពេញ)៖ ក្នុងកិច្ចសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានមានសង្ឃដីកាថា បច្ចុប្បន្ន មានការយកគម្ពីរព្រះត្រៃបិដកខ្មែរ ទាំង១១០ក្បាល ទៅថតចម្លង ដោយបោះពុម្ពខុសអក្ខរាវិរុទ្ធ និងរៀបចំទំព័រខុស ដែលប៉ះពាល់ដល់ខ្លឹមសារពុទ្ធវចនៈដើម។

ប្រការនេះហើយ បានជាក្រុមជំនុំព្រះត្រៃបិដក នឹងត្រូវរៀបចំឡើងនៅពេលខាងមុខ ក្នុងគោលបំណងលើកកម្ពស់ពុទ្ធវចនៈ ក្នុងគម្ពីរព្រះត្រៃបិដកខ្មែរ ទាំង ១១០ក្បាល និងឲ្យរោងពុម្ពឯកជនយកទៅបោះពុម្ព ដោយរក្សាបាននូវខ្លឹមសារដើមឡើងវិញ។

បើតាមសង្ឃដីការព្រះតេជគុណ សុំ សុខា, ដូចគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេក្តីបំភ្លឺរួចហើយ គឺការបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ ក្នុងគោលបំណងបន្តវេនបុព្វបុរសខ្មែរ ពោលគឺក្រុមជំនុំព្រះត្រៃបិដកជំនាន់ដើម ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩២៩ ហើយបានធ្វើការបកប្រែគម្ពីរព្រះត្រៃបិដក ពីភាសាបាលីមកជាភាសាខ្មែររួចជាស្ថាពរ។ ប៉ុន្តែគម្ពីរដីកាដ៏សេសផ្សេងៗ ទៀតក្រៅពីព្រះត្រៃបិដក ដូចជាគម្ពីរអដ្ឋកថា ដីកា យោជនា ជាដើម ពុំទាន់ត្រូវបានចងក្រងនិងបកប្រែជាផ្លូវការពីភាសាបាលី មកជាខេមរភាសានៅឡើយទេ។

ជាចាំបាច់ គណៈសង្ឃពុទ្ធសាសនា មានកាតព្វកិច្ច សហការជាមួយក្រសួងធម្មការនិងសាសនា ក្នុងការរៀបចំនិងបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ ដើម្បីធ្វើកិច្ចការបកប្រែបន្តពីអ្នកប្រាជ្ញជំនាន់មុននូវគម្ពីរដីកាផ្សេងៗរបស់ព្រះពុទ្ធសាសនា ដែលពុំទាន់បានធ្វើការបកប្រែ ដោយផ្អែកលើធនធានមនុស្ស (ទាំងបព្វជិត ទាំងគ្រហស្ថ) ក្នុងពុទ្ធសាសនមណ្ឌលខ្មែរ នាពេលបច្ចុប្បន្ន ដែលមានសមត្ថភាពជំនាញ ភាសាបាលី សំស្ក្រឹត និងភាសាបរទេសជាច្រើនអាចបន្តវេន ក្នុងការធ្វើកិច្ចការនេះបានដោយពិតប្រាកដ។ ម្យ៉ាងទៀត យោងតាមស្មារតីអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩ បានអនុម័តសម្រេចរៀបចំក្រុមជំនុំព្រះត្រៃបិដកផងដែរ។

«ការរៀបចំបែបនេះ ពុំមែនឈ្មោះថា លុបបំបាត់តម្លៃគុណូបការៈស្នាព្រះហស្ត ឬស្នាដៃរបស់ក្រុម ជំនុំព្រះត្រៃបិដកជំនាន់ដើមនោះទេ។ ផ្ទុយទៅវិញ ការណ៍នេះ ជាការជួយអភិរក្សកេរមរតករបស់បុព្វបុរស ជំនាន់មុនឲ្យមាននិរន្តរភាពហាក់បីដូចជាក្រុមជំនុំព្រះត្រៃបិដកជំនាន់ដើម មានជីវិតនៅជាមួយពុទ្ធសាសនិកជនខ្មែរគ្រប់រូប»។ ព្រះតេជគុណ សុំ សុខា ស្រង់សេចក្តីបំភ្លឺរបស់គណៈសង្ឃនាយក មកពន្យល់បែបនេះ។

សេចក្តីបំភ្លឺ ក៏បានបញ្ជាក់ថា «ចំពោះឃ្លា «ផ្ទៀងផ្ទាត់ឡើងវិញនូវគម្ពីរព្រះត្រៃបិដកខ្មែរ» ក្នុងន័យនេះ ពុំមែន មានន័យថា ក្រុមជំនុំព្រះត្រៃបិដកថ្មី ដែលនឹងត្រូវបង្កើតនាពេលខាងមុខនេះ ធ្វើការពិនិត្យនិងកែប្រែទៅលើខ្លឹមសារព្រះត្រៃបិដករបស់ក្រុមជំនុំព្រះត្រៃបិដកជំនាន់ដើមនោះទេ។ ផ្ទុយទៅវិញ ក្នុងកាលកន្លងមក និងបច្ចុប្បន្នមានរោងពុម្ពឯកជនមួយចំនួន បានយកគម្ពីរព្រះត្រៃបិដកច្បាប់ដើមទៅថតចម្លង ដោយបោះពុម្ពខុសអក្ខរាវិរុទ្ធ និងរៀបចំទំព័រខុសមិនតាមលំដាប់លំដោយ ធ្វើឲ្យប៉ះពាល់ដល់ខ្លឹមសារពុទ្ធវចនៈដើម ដែលជាកង្វល់ដ៏ធំរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។ ហេតុនេះជាចាំបាច់តម្រូវ ឲ្យមានក្រុមជំនុំព្រះបិដកឡើងវិញ ដើម្បីជាយន្តការរៀបចំនីតិវិធីសម្រាប់ការបោះពុម្ពឲ្យបានត្រឹមត្រូវតាម ព្រះត្រៃបិដកច្បាប់ដើម ជៀសវាងភាពខុសឆ្គង និងភាពអនាធិបតេយ្យក្នុងការបោះពុម្ពផ្សព្វផ្សាយពុទ្ធវចនៈ ដែលមានក្នុងគម្ពីរព្រះត្រៃបិដកខ្មែរ»។

ដោយឡែក ការប្រើឈ្មោះ «ក្រុមជំនុំព្រះត្រៃបិដក» ពុំមានអ្វីចំឡែកនិងខុសឆ្គងឬប្រើពុំបាននោះឡើយ ព្រោះថាការបន្តវេនពីជំនាន់មួយទៅជំនាន់មួយជារឿងល្អបំផុត ក្នុងការអភិរក្សរក្សាកេរមរតកស្នាព្រះហស្ត ឬស្នាដៃបុព្វបុរសគ្រប់ជំនាន់និងជាការរក្សាឈ្មោះដើម មិនឲ្យបាត់បង់ថែមទៀតផង។ ដូចគ្នានេះដែរ ការប្រើប្រាស់ឈ្មោះក្រុមជំនុំព្រះត្រៃបិដកដូចជំនាន់ដើម គ្រាន់តែជាការបន្តវេនក្នុងការការពារ ងអភិរក្សរក្សាតម្លៃកេរមរតក ក្រុមជំនុំព្រះត្រៃបិដកជំនាន់ដើម ឲ្យនៅគង់វង្សឋិតថេរចីរកាល និងបន្តវេនបកប្រែគម្ពីរដីកាពុទ្ធសាសនាតទៅទៀតប៉ុណ្ណោះ។

ជាងនេះទៅទៀត ភាពអសកម្មនិងការធ្វេសប្រហែសមិនបន្តការងាររបស់ដូនតាដែលនៅសេសសល់ ឈ្មោះថាជាការមិនគោរពគុណបុព្វបុរសទៅវិញទេ តែបើបានបន្តការងាររបស់ដូនតាដែលនៅសេសសល់ នោះទើបឈ្មោះថាជាការគោរពលើកតម្កើងគុណបុព្វបុរសងជាការរក្សាវង្សអ្នកប្រាជ្ញមិនឲ្យសាបសូន្យ។

សរុបសេចក្តីមក ការប្រើឃ្លាផ្ទៀងផ្ទាត់ក្តី ការប្រើឈ្មោះក្រុមជំនុំព្រះត្រៃបិដកក្តី គឺក្នុងសុឆន្ទៈលើកកម្ពស់ពុទ្ធវចនៈ ដែលមានក្នុងគម្ពីរព្រះត្រៃបិដកខ្មែរ ១១០ក្បាល ឲ្យឋិតថេរគង់វង្ស មិនឲ្យប្រាសចាកច្បាប់ដើម របស់បុព្វបុរសខ្មែរពោលគឺក្រុមជំនុំព្រះត្រៃបិដកជំនាន់ដើម បានបកប្រែពីបាលីភាសាមកជាខេមរភាសានោះឡើយ៕