(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០។

វេទិកានេះដឹកនាំផ្ទាល់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការជាតិសម្រាប់​ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប), គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញដឹកនាំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ៖

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃនេះគឺជាការជួបជុំលើកទី១ ក្នុងក្របខណ្ឌនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រវាងរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន ដែលជាអ្នកតាក់តែងគោលនយោបាយ, ច្បាប់, លិខិតបទដ្ឋានគតិយុត្ត ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ដែលជាប្រតិបត្តិករ ឬ ជា អ្នកប្រែក្លាយគោលនយោបាយ, ច្បាប់, លិខិតបទដ្ឋានគតិយុត្ត ទៅជាសកម្មភាពជាក់ស្ដែងបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននីមួយៗ។

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកដោយសង្ខេបអំពីសាវតារ និងមូលហេតុសំខាន់ៗមួយចំនួនដែលរាជរដ្ឋាភិបាល សម្រេចចិត្តប្រកបដោយឆន្ទៈនយោបាយ យ៉ាងមោះមុតក្នុងការដាក់ចេញ និង ជំរុញអនុវត្តគោលនយោបាយការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់រយៈពេលវែង។

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាព, ការឯកភាពជាតិ និងការឯកភាពទឹកដី ពេញលេញតាមរយៈ «នយោបាយឈ្នះ-ឈ្នះ» ផ្តួចផ្តើម និងដឹកនាំអនុវត្តដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, រាជរដ្ឋាភិបាលបានចាប់ផ្ដើម កែទម្រង់លើគ្រប់វិស័យ ដើម្បីធានារក្សាឱ្យបាននូវសុខសន្តិភាព, សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងគោលដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតាមបែបប្រជាធិបតេយ្យ។

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំពោះការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, រាជរដ្ឋាភិបាលបានចាប់ផ្តើមសិក្សា ដោយមានការពិគ្រោះយោបល់យ៉ាងទូលំទូលាយ និងល្អិតល្អន់អំពីជម្រើសនានាសម្រាប់ ការរៀបចំ និងការអនុវត្តគោលនយោបាយវិមជ្ឈការនាឆ្នាំ១៩៩៩។

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុកការកែទម្រង់នេះ ជាការកែទម្រង់ស្នូលមានលក្ខណៈជាប្រព័ន្ធដ៏ មានសារសំខាន់មួយក្នុងចំណោមការដ្ឋានកែទម្រង់ស្នូលនានា ដើម្បីកសាងមូលធនសង្គម (social capital) និង មូលធននយោបាយ (political capital) ដែលជាបុរេលក្ខខណ្ឌសម្រាប់ ការស្តារ និងការអភិវឌ្ឍប្រទេសជាតិឡើងវិញលើគ្រប់វិស័យ។

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងមូលធនសង្គម គឺដើម្បីកសាង ទំនាក់ទំនងល្អ រវាងប្រជាជន និងប្រជាជន ដោយគ្មានការរើសអើង, មិនប្រកាន់និន្នាការនយោបាយ និងក្រុមសហគមន៍ផ្សេងៗគ្នានៅក្នុងសង្គម។ ការកសាងមូលធននយោបាយ គឺការកសាងជំនឿទុកចិត្ត និងការប្រាស្រ័យទាក់ទងល្អរវាងប្រជាជន និង ស្ថាប័នសាធារណៈដែលជាតំណាងឱ្យផលប្រយោជន៍ប្រជាជន ប្រកបដោយ គណនេយ្យភាព, តម្លាភាព, បរិយាបន្ន និង សមធម៌។

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការអនុវត្តគោលនយោបាយនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងរយៈពេលជាង ២ទសវត្សន៍កន្លងមកនេះ, ទន្ទឹមនឹងការកសាងបាននូវក្របខណ្ឌគតិយុត្ត ក៏ដូចជាការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំង៣ កម្រិតរចនាសម្ព័ន្ធស្ថាប័ន។ សម្តេចសូមកត់សម្គាល់នូវសមិទ្ធផលសំខាន់ៗចំនួន៣ ដូចខាងក្រោម៖

សមិទ្ធផលទី១៖ ការពង្រឹង និងការពង្រីកលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចនៅ មូលដ្ឋានការធ្វើវិមជ្ឈការពិតជាបានចូលរួមចំណែកដល់ការពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, ការពង្រឹងស្ថិរភាពនយោបាយ និង អភិបាលកិច្ច ព្រមទាំងការជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋាន ដោយមានការចូលរួមពីប្រជាពលរដ្ឋ, ការកសាងឡើងវិញនូវ មូលធនសង្គម និងមូលធននយោបាយ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយ ប្រសិទ្ធភាព, និរន្តរភាព, បរិយាបន្ន និងសមធម៌។

សមិទ្ធផលទី២៖ ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានគោលបំណងចម្បងនៃការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ គឺការលើកកម្ពស់គុណ- ភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការបែងចែកផលប្រយោជន៍នៃការអភិវឌ្ឍ ប្រកបដោយបរិយាបន្ន, ចីរភាព និង សមធម៌។ ដើម្បីសម្រេចបាននូវគោលបំណងដ៏ពិសិដ្ឋនេះ, ការកែទម្រង់បានផ្ដោតលើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ, ប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ, ការផ្ទេរមុខងារ ធនធាន និងការទទួលខុសត្រូវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណង «បង្ខិតសេវាឱ្យទៅកៀកជិតប្រជាពលរដ្ឋ» សំដៅបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋទទួលបានសេវាដោយឆាប់រហ័ស, តម្លាភាព, ប្រសិទ្ធភាព និង គណនេយ្យភាពនៅតាមមូលដ្ឋាន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានរៀបចំ និងអនុវត្តគោលនយោបាយការកែទម្រង់នេះ ផ្អែកតាមស្ថានភាពនយោបាយ, សេដ្ឋកិច្ច, សង្គមកិច្ច និង វប្បធម៌ជាក់ស្ដែងរបស់កម្ពុជា ដោយ មានការប្រុងប្រយ័ត្ន, ការពិគ្រោះយោបល់, ការឯកភាពស្រុះស្រួលគ្នា, មានមូលដ្ឋានច្បាប់, មានផែនការសម្រាប់ធ្វើជាផែនទីបង្ហាញផ្លូវតាមដំណាក់កាលនីមួយៗច្បាស់លាស់ ដោយប្រកាន់ខ្ជាប់ នូវអភិក្រម «ធ្វើផង រៀនសូត្រដកស្រង់បទពិសោធផង និង កែលម្អផង» ជាអាទិ៍៖ កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី១ ដែលយើងបានអនុវត្តពីឆ្នាំ២០១០ និងបញ្ចប់ឆ្នាំ២០២០ និងកម្មវិធីជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី២ ដែលយើងចាប់ផ្តើមអនុវត្តពីឆ្នាំ២០២១ និងត្រូវបញ្ចប់នៅឆ្នាំ២០៣០ ខាងមុខ។

សមិទ្ធផលទី៣៖ ការចូលរួមកាត់បន្ថយភាពក្រីក្រដោយផ្ទាល់នៅតាមមូលដ្ឋាន ភាពក្រីក្រ គឺជាបញ្ហាសង្គមដ៏ធំមួយដែលរាជរដ្ឋាភិបាលផ្តោតការ យកចិត្តទុកដាក់ កាត់បន្ថយជាបន្តបន្ទាប់។ ក្នុងទិសដៅកាត់បន្ថយភាពក្រីក្រ, រាជរដ្ឋាភិបាល បាន និងកំពុងដាក់ចេញនូវវិធានការចម្រុះក្នុងការជំរុញ លើការអភិវឌ្ឍលើគ្រប់វិស័យ និង ការអនុវត្តគោល- នយោបាយគាំពារសង្គម។ ជាក់ស្ដែង, ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ, អត្រានៃភាពក្រីក្រ ត្រូវបានកាត់បន្ថយចាប់ពីអត្រាជាង ៥០% នៅដើមទសវត្សរ៍ ឆ្នាំ២០០០ មកនៅត្រឹមជាង ១០% នៅមុនវិបត្តិជំងឺកូវីដ-១៩។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៥៥ឆ្នាំមុន និងថ្ងៃនេះ ខុសគ្នាស្រឡះ។ កិច្ចប្រជុំ ថ្ងៃនេះ យើងអង្គុយនិយាយគ្នា​​ ដើម្បីការកសាងប្រទេស សម្រាប់ប្រជាជនយើង។

* ឆ្លើយតបនឹងការស្នើបង្កើនថវិកានៅថ្នាក់មូលដ្ឋាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងារនេះយើងបានធ្វើជាជំហានៗ ប៉ុន្តែជាមួយនឹងការបង្កើនថវិកា គឺត្រូវធ្វើយ៉ាងម៉េច ឲ្យការងារមានប្រសិទ្ធភាព និងការគ្រប់គ្រងមន្ត្រីនៅមូលដ្ឋានឲ្យបាន។ បើយើងចាយច្រើនទៅលើបន្ទុកបុគ្គលិក មានន័យថា ការចំណាយលើបន្ទុកផ្សេង ត្រូវកាត់បន្ថយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យពិនិត្យលើមន្ត្រីកិច្ចសន្យា មាននិយាមច្បាស់លាស់ ត្រួតពិនិត្យ និងរើសឲ្យចំគោលដៅតែម្តង។ ការបំពេញមន្ត្រី ត្រូវឲ្យមានចរីភាព ដោយការ «រើសឲ្យចំ បំពេញឲ្យត្រូវ រក្សាឲ្យនៅ»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យមានការគ្រប់គ្រង និងទទួលខុសត្រូវឲ្យបានច្បាស់លាស់ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស គ្រូពេទ្យ និងគ្រូបង្រៀន ពាក់ព័ន្ធនឹងការផ្ទេរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា គ្រូកិច្ចសន្យា នឹងត្រូវបានផ្តល់មេដាយ មិនមែនត្រឹមលិខិតសរសើរដូចមុនទេ។ សម្តេច បានឲ្យទីស្តីការគណៈរដ្ឋមន្ត្រីសិក្សា ផ្តល់មេដាយមិនថាគ្រូកិច្ចសន្យា​ ឬគ្រូក្របខ័ណ្ឌ ព្រោះពួកគាត់សុទ្ធតែធ្វើការងារ ដើម្បីប្រទេសជាតិ។

* ពាក់ព័ន្ធនឹងការបំពេញគ្រូក្របខ័ណ្ឌ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រូកិច្ចសន្យា ឬគ្រូស្ម័គ្រចិត្ត បង្រៀនបាន ៣ឆ្នាំឡើងលើ មានគុណវុឌ្ឍិត្រឹមត្រូវ និងមាននិយាមរើសច្បាស់លាស់ ត្រូវពិចារណាបើកច្រក បញ្ចូលក្នុងក្របខ័ណ្ឌ ហើយលើកទឹកចិត្តឲ្យបង្រៀននៅទីតាំងដើម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជាគោលការណ៍ នៅតំបន់ដាច់ស្រយាល ជាពិសេសកន្លែងខ្វះខាតខ្លាំង គ្រូមធ្យមសិក្សាដែលចូលនិវត្តន៍ ត្រូវបើកច្រកសម្រាប់រយៈពេលខ្លី ពិនិត្យលទ្ធភាពឲ្យបន្តកិច្ចសន្យា ធ្វើជាគ្រូបណ្តោះអាសន្ន រហូតរើសគ្រូថ្មីបាន។ សម្តេច ស្នើក្រសួងអប់រំ និងក្រសួងមុខងារសាធារណៈរៀបចំការងារនេះ។ សម្តេច បានថ្លែងថា ការរើសមន្ត្រីចូលនិវត្តន៍ឲ្យបន្តធ្វើការ ក៏ត្រូវអនុវត្តដូចគ្នា សម្រាប់គ្រូពេទ្យ ផងដែរ។

* ចំពោះការស្នើសុំប្រាក់សោធននិវត្តន៍ ចំពោះក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ប្រាក់លម្ហែមាតុភាពសម្រាប់សមាជិក្រុមប្រឹក្សាជាស្ត្រី និងការបង្កើនប្រាក់ឧបត្ថម្ភសម្រាប់ថ្នាក់ដឹកនាំភូមិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាប់ឆ្នោត ៣អាណត្តិឡើង នឹងទទួលបានប្រាក់សោធននិវត្តន៍។ ការបង្កើនប្រាក់ឧបត្ថម្ភសម្រាប់ថ្នាក់ដឹកនាំភូមិ ក្រៅតែពីបានធ្វើការងារបន្តបន្ទាប់ហើយ សម្តេច ប្រកាសនឹងដំឡើងប្រាក់ឧបត្ថម្ភនេះបន្តទៀត ខណៈចំនួនថវិកា និងពេលវេលាដំឡើង កំពុងត្រូវបានសិក្សា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសផ្តល់ប្រាក់លម្ហែមាតុភាពសម្រាប់សមាជិក្រុមប្រឹក្សាជាស្ត្រី ដែលនឹងអនុវត្តចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦៕