(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិ​បាលកំពុងគិតគូរ ក្នុងការរៀបចំផ្តល់នូវប្រាក់សោធននិវត្តន៍ ដល់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាប់ឆ្នោតចាប់ពី ៣អាណិត្តឡើយ។

ជាមួយគ្នានេះ សម្រាប់ប្រាក់លម្ហែមាតុភាពសម្រាប់សមាជិក្រុមប្រឹក្សាជាស្ត្រី សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងអនុវត្តចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ ហើយសម្រាប់ការបង្កើនប្រាក់ឧបត្ថម្ភសម្រាប់ថ្នាក់ដឹកនាំភូមិ សម្តេចក៏បានប្រកាសនឹងដំឡើងប្រាក់ឧបត្ថម្ភបន្តទៀតផងដែរ។

ការថ្លែងរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំ វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី១៨ ខែមីនា ​ឆ្នាំ២០២៥នេះ។

សូមជម្រាបថា ការលើកកម្ពស់ជីវភាពរបស់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ រួមទាំងក្រុមប្រឹក្សារាជធានីខេត្ត-ស្រុក និងឃុំ មន្ត្រីភូមិ ដោយមានការដំឡើងប្រាក់បៀវត្ស និងប្រាក់បំណាច់មុខងារជារៀងរាល់ឆ្នាំ។

ជាក់ស្តែងប្រាក់បំណាច់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ ត្រូវបានដំឡើងជូនដោយគិតអនុវត្ត សម្រាប់រយៈពេល១២ខែ គឺពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៥ ដូចខាងក្រោម៖

* ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ត្រូវបានដំឡើងពី ១ ៦៥០ ០០០រៀល នៅឆ្នាំ២០២៤ ទៅដល់១ ៦៨៥ ០០០រៀល នៅឆ្នាំ២០២៥
* សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ត្រូវបានដំឡើងពី ១ ២៤៥ ០០០រៀល នៅឆ្នាំ២០២៤ ទៅដល់១ ២៨០ ០០០រៀល នៅឆ្នាំ២០២៥។
* ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ត្រូវបានដំឡើងពី១ ៣៦៥ ០០០រៀល នៅឆ្នាំ២០២៤ ទៅដល់១ ៣៩៥ ០០០រៀល នៅឆ្នាំ២០២៥
* សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ត្រូវបានដំឡើងពី១០២០ ០០០រៀល នៅឆ្នាំ២០២៤ ទៅដល់១ ០៥០ ០០០រៀល នៅឆ្នាំ២០២៥។
* មេឃុំ ចៅសង្កាត់ ត្រូវបានដំឡើងពី១ ៣២០ ០០០រៀល នៅឆ្នាំ២០២៤ ទៅដល់១ ៣៤៥ ០០០រៀល នៅឆ្នាំ២០២៥
* ជំទប់ទី១ ទី២ ចៅសង្កាត់រងទី១ ទី២ ត្រូវបានដំឡើងពី៩៨០ ០០០រៀលនៅឆ្នាំ២០២៤ ទៅដល់ ១ ០០៥ ០០០រៀល នៅឆ្នាំ២០២៥ ​
* សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបានដំឡើងពី៨៧០ ០០០រៀល នៅឆ្នាំ២០២៤ ទៅដល់៨៩៥ ០០០រៀល នៅឆ្នាំ២០២៥
* មេភូមិ ត្រូវបានដំឡើងពី ៥៥០ ០០០រៀល នៅឆ្នាំ២០២៤ ទៅដល់ ៥៧០ ០០០រៀល នៅឆ្នាំ២០២៥។
* អនុប្រធានភូមិ ត្រូវបានដំឡើងពី៤៣០ ០០០រៀល នៅឆ្នាំ២០២៤ ទៅដល់ ៤៤៥ ០០០រៀល នៅឆ្នាំ២០២៥
* សមាជិកភូមិ ត្រូវបានដំឡើងពី៤០០ ០០០រៀល នៅឆ្នាំ២០២៤ ទៅដល់៤១៥ ០០០រៀល នៅឆ្នាំ២០២៥៕