(បាត់ដំបង)៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ លោក រ៉ូហ្វី អូស្មាន អនុប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) តំណាងលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការ CMDF បានអញ្ជើញចែកកញ្ចប់អាហារស្រាយបួសសម្រាប់ខែរ៉ម៉ាឌន ចំនួន៣៦០កញ្ចប់ ជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។

ក្នុងចំណោមកញ្ចប់អាហារខាងលើ ត្រូវបានផ្តល់ជូនដល់ប្រជាពលរដ្ឋនៅភូមិស្ពានពីរ ឃុំក្បាលត្រាច ស្រុកក្រគរ ចំនួន១៣៥កញ្ចប់ ភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ចំនួន១០០កញ្ចប់ និងនៅសាលាបឋមសិក្សាឥស្លាម អាល់ហារ៉មៃរន៍២ ភូមិពោធិ៍ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ចំនួន១២៥កញ្ចប់។ កញ្ចប់អាហារខាងលើទទួលបានការឧបត្ថម្ភពីអង្គការសម្ព័ន្ធពិភពឥស្លាម (MWL) ផ្តល់ជូនតាមរយៈអង្គការ CMDF។

ក្នុងឱកាសមានមតិសំណេះសំណាល លោក រ៉ូហ្វី អូស្មាន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជូនដល់ប្រជាពលរដ្ឋទាំងអស់ នូវក្តីនឹករឭកបំផុត និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការចូលរួមបន្តថែរក្សាសុខសន្តិភាព ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបានថ្លែងអំណរអរគុណដល់អង្គការសម្ព័ន្ធពិភពឥស្លាម ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្ដល់អំណោយកញ្ចប់អាហារស្រាយបួស ដល់ប្រជាពលរដ្ឋនៅកម្ពុជា ជារៀងរាល់ឆ្នាំ ក្នុងខែរ៉ម៉ាឌន។ ជាពិសេសគឺ អរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបើកទូលាយសម្រាប់ការទទួលជំនួយមនុស្សធម៌ ពីបណ្តាប្រទេសនានា លើពិភពលោក។

លោកបានរំលឹកដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃកម្ពុជា បានធានានូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនា នៅកម្ពុជា ដោយគ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសសហគមន៍ឥស្លាមកម្ពុជាផងដែរ។

លោកបា បន្ថែមថា សហគមន៍ឥស្លាមកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ និងបើកឲ្យទទួលជំនួយពីបរទេស ដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាមកម្ពុជា ក៏ដូចជាសង្គមជាតិទាំងមូល ជារៀងរហូតមក៕