(ហ៊ឺណាន, ចិន)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានអញ្ជើញថ្នាក់ដឹកនាំ និងអ្នកវិនិយោគនៅក្រុងចឹងចូវ ខេត្តហ៊ឺណាន ប្រទេសចិន មកទស្សនកិច្ចនៅកម្ពុជា និងស្វែងរកឱកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្មនៅកម្ពុជា។

សំណើនេះធ្វើឡើង ក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយ លោក អាន វៃ (An Wei) លេខាបក្សប្រចាំ​ក្រុងចឹង​ចូវ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥។ ជំនួបនេះធ្វើឡើង ក្នុងគោលបំណងពិភាក្សា​អំពីលទ្ធភាព​នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ។

ក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន, គណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

មានមតិស្វាគមន៍ លោកលេខាបក្សប្រចាំក្រុងចឹងចូវ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជាដែលបានអញ្ជើញមកកាន់ក្រុងចឹងចូវ។ ទន្ទឹមនឹងនេះ លោក អាន វៃ ក៏បានជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាពថ្មីៗ​នៃការ​អភិ​វឌ្ឍក្រុងចឹងចូវ ដែលជាទីប្រសព្វរវាងវប្បធម៌បុរាណ និងសហសម័យ។

លេខាបក្សប្រចាំក្រុងចឹងចូវរូបនេះ បានបង្ហាញសុទិដ្ឋិនិយមថា ដំណើរបេសកកម្មរបស់ ឧប​នាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងទាក់ទាញបានគម្រោងវិនិយោគជាច្រើន​ពីខេត្ត​ហ៊ឺណាន​ឱ្យទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីចូលរួមចំណែកលើកកម្ពស់​វិបុល​ភាពសហគមន៍វាសនារួមកម្ពុជា-ចិន។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណសមភាគីសម្រាប់​បដិសណ្ឋារកិច្ច​យ៉ាងកក់ក្តៅជូនគណៈប្រតិភូកម្ពុជានាឱកាសបំពេញបេសកកម្មជំរុញ និងទាក់ទាញវិ​និ​យោគ​នៅខេត្តហ៊ឺណាន ដែលជាបេសកកម្មក្រៅប្រទេសដំបូងគេបង្អស់ប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចយ៉ាងឆាប់​រហ័សរបស់ក្រុងចឹងចូវដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មដ៏សំខាន់​នៅតាម​បណ្តោយទន្លេលឿងរបស់ខេត្តហ៊ឺណាន។

ឧបនាយករដ្ឋមន្ត្រីក៏បានយកឱកាសនេះ ជម្រាបជូនភាគីមិត្តចិនអំពីបច្ចុប្បន្ន​ភាពថ្មីៗ​នៃ​ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបរិយាកាសវិនិយោគនៅកម្ពុជា។ លោកឧបនាយករដ្ឋ​មន្ត្រី​អញ្ជើញគណៈប្រតិភូរដ្ឋបាលក្រុងចឹងចូវ និងតំណាងសហគ្រាសប្រចាំក្រុងចឹងចូវ ពិនិត្យលទ្ធភាព និងឱកាសបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីមកសិក្សាស្វែង​យល់​អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែប ជាពិសេសពិនិត្យលទ្ធ​ភាព​រៀបចំតំបន់សេដ្ឋកិច្ចពិសេសលើវិស័យកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ច​ពិសេស​លើអនុវិស័យអេឡិចត្រូនិក ដែលអាចដើរតួនាទីបំពេញបន្ថែមពីលើខ្សែច្រវាក់​ផលិត​កម្ម ដែលមានស្រាប់នៅខេត្តហ៊ឺណាន៕