(ភ្នំពេញ)៖ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃ១៨ ខែមិនា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយលោក បាឌ្រី ប្រាសាទ ភែនឌី (Badri Prasad Pandey) រដ្ឋមន្ត្រីក្រសួងវប្បធម៌ ទេសចរណ៍ និងអាកាសចរណ៍ស៊ីវិល នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ នៅទីស្តីការក្រសួង។

នាកាសនោះដែរ លោករដ្ឋមន្ត្រី ចាយ បូរិន បានស្នើដល់លោករដ្ឋមន្រ្តីប្រទេសនេប៉ាល់ ក្នុងការជួយគាំទ្រដល់វត្តខ្មែរលុម្ពិនី ក្នុងប្រទេសនេប៉ាល់ ពិចារណាក្នុងការលើកលែងទិដ្ឋាការសម្រាប់ព្រះសង្ឃខែ្មរ ដែលគង់នៅវត្តខ្មែរនៅនេប៉ាល់។

នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាកាសនេះ លោកបាឌ្រី ប្រាសាទ ភែនឌី បានកោតសរសើរប្រទេសកម្ពុជាដែលបានចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ប៉ុន្តែបានបើកទូលាយដល់សាសនាផ្សេងៗទៀតរស់នៅជាមួយគ្នាដោយសុខដុមនីយកម្មសាសនាទូទាំងប្រទេស។

លោករដ្ឋមន្ត្រី ក្រសួងវប្បធម៌ ទេសចរណ៍ និងអាកាសចរណ៍ស៊ីវិល ប្រទេសនេប៉ាល់ បានបញ្ជាក់ផងដែល អំពីគោលបំណងផ្លាស់ប្តូរទេសចរណ៍រវាងប្រជាជនប្រទេសនេប៉ាល់-កម្ពុជា ដើម្បីសិក្សាពីវប្បធម៌ ប្រពៃណី និងសាសនា នៃប្រទេសទាំង២។

លោក ចាយ បូរិន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រី ក្រសួងវប្បធម៌ ទេសចរណ៍ និងអាកាសចរណ៍ស៊ីវិល និងគណៈប្រតិភូប្រទេសនេប៉ាល់ មកកាន់ទឹកដីព្រះរាជាណាចក្រកម្ពុជា និងបានជម្រាបជូន ថាក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដ៏ឈ្លាសវៃនិងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំប្រទេសទទួលបានសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងបានបើកទូលាយឲ្យមានសេរីភាពលើជំនឿសាសនារៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវចំពោះសាសនា និងសង្គម។

លោករដ្ឋមន្រ្តី ចាយ បូរិន ក៏សូមជូនពរលោក រដ្ឋមន្ត្រី ក្រសួងវប្បធម៌ ទេសចរណ៍ និងអាកាសចរណ៍ស៊ីវិល និងគណៈប្រតិភូប្រទេសនេប៉ាល់ ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យក្នុងបេសកកម្មបម្រើជាតិមាតុភូមិ ពិសេសបន្តបេសកកម្មរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-នេប៉ាល់ កាន់តែរឹងមាំនិងស្ថិតស្ថេរជាអង្វែងតរៀងទៅ៕