(តាកែវ)៖ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពត-ខេត្តកែប-ខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានផ្តល់ជូនជាផ្ទះសំណាញ់ ១០០ខ្នង ដល់សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់»

ការផ្តល់ជូននេះ គឺដើម្បីបន្ថែមភាពរឹងមាំមួយកម្រិតទៀត ដល់ស្ថេរភាពនៃការផ្គត់ផ្គង់បន្លែ ពីក្នុងសហគមន៍ទៅកាន់ទីផ្សារក្នុងស្រុក និងបង្កើតសមត្ថភាពប្រកួតប្រជែងនៃផលិតកម្មបន្លែរបស់យើងជាមួយបន្លែនាំចូល។

ជំហាននៃការអភិវឌ្ឍលើកនេះ នឹងក្លាយទៅជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការពង្រីកវិសាលភាពនៃប្រតិបត្តិការ របស់សហគមន៍កសិកម្មទំនើបនៅត្រាំកក់ និងពន្លឿនការធ្វើសមហរណកម្ម នៃផលិតកម្មបន្លែដែលមានស្រាប់នៅក្នុងស្រុកត្រាំកក់ នឹងបម្រើផលប្រយោជន៍ដោយផ្ទាល់ផង ប្រយោលផង ដល់បងប្អូនកសិករជាច្រើនពាន់គ្រួសារនៅក្នុងតំបន់នេះ។

ជួសមុខឱ្យលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាសហគមន៍អ្នកដាំបន្លែនៅក្នុងឃុំត្រាំកក់ទាំងមូល លោក​ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តទាំង៣ សម្រាប់ការវិនិយោគលើការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ប្រកបដោយអត្ថន័យមួយនេះ។

ជាមួយគ្នានេះ លោក​ ឃឹម​ ហ្វីណង់ បានបញ្ជាក់ថា ក្នុងនោះក៏មានកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ជូនដល់សហគមន៍កសិកម្មទំនើបត្រាំកក់ផងដែរ រួមមាន៖

* ហិរញ្ញប្បទានឥតសំណង៤០%៖ ១៦២​,១៥០ដុល្លារអាមេរិក

* ផ្លូវថ្នល់៖ ៥,៥គីឡូម៉ែត្រ (ផ្លូវក្រាលកៅស៊ូប្រភេទ DBSTប្រវែង ២.៥គម និងបេតុងទទឹង៦ម ប្រវែង ៣គម) ដែលគ្រោងថវិកាប្រមាណ ១,៥០១,២០០ដុល្លារអាមេរិក

* ប្រព័ន្ធធារាសាស្រ្តក្រៅកសិដ្ឋាន៖ កែលម្អប្រព័ន្ធធារាសាស្រ្ត ដើម្បីពង្រីកផ្ទៃដីស្រោចស្រពប្រព័ន្ធទុយោ ចែកចាយទឹក សម្រាប់ផ្ទៃដីដាំដុះចំនួន ១,១៥០ហិកតា ដែលគ្រោងចំណាយថវិកាប្រមាណ ២,៣៨០,០០០ ដុល្លារអាមេរិក៕