(ភ្នំពេញ)៖ ពីយុវតីស្រស់សោភានៅខេត្តកំពង់ធំ ក្លាយជាអ្នកទោសពីបទល្មើសគ្រឿងញៀន ស្រ្តីវ័យក្មេង សំបុរស ខ្ពស់ស្ដើងមួយរូប មិនអល់អែកឡើយក្នុងការលាតត្រដាងអំពីរឿងរ៉ាវជីវិតដែលផុងខ្លួនកសាងកំហុសចំពោះគ្រួសារ និងសង្គមជាតិ ដោយសារតែចំណងស្នេហ៍ជាមួយបុរសម្នាក់នៅរាជធានីភ្នំពេញ។

រៀបរាប់ប្រាប់មន្រ្តីព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផៃ្ទកាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចសម្ភាសនៅបណ្ណាល័យពន្ធនាគាររាជធានីភ្នំពេញ (PJ) សោភា (ឈ្មោះជំនួស) បានរម្លឹកថា ដំបូងឡើយនាងបានបើកចិត្តទទួលយកក្ដីស្រលាញ់ ជាមួយបុរសម្នាក់ដែលជាកូនអ្នករស់នៅភ្នំពេញរហូតប្រែពីអ្នកស្គាល់គ្នាធម្មតាទៅជាសង្សារដើរលេងជាមួយគ្នាទាំងយប់ទាំងថ្ងៃ។

សោភា អះអាងថា ពីដំបូងនៃចំណងស្នេហ៍នោះ នាងពុំបានដឹងថាបុរសនោះជាអ្នកប្រើប្រាស់ និងលក់គ្រឿងញៀនឡើយ លុះស្រលាញ់គ្នាបានជាងមួយឆ្នាំក្នុងជីវិតដូចប្ដីប្រពន្ធ ទើបនាងដឹងអំពីរឿងនេះ។ បន្ទាប់ពីដឹងរឿងសង្សារជាអ្នកលក់គ្រឿងញៀន ដោយក្ដីស្រលាញ់ រូបនាងក៏ព្យាយាមលួងលោម និងណែនាំឱ្យបញ្ឈប់សកម្មភាពនេះដែរ ប៉ុន្តែការព្យាយាមនោះបានបរាជ័យ និងថែមទាំងផ្ដល់លទ្ធផលផ្ទុយមកវិញ គឺត្រូវបុរសជាសង្សារបញ្ចុះបញ្ចូល រហូតឥទ្ធិពលក្តីស្រលាញ់ធ្វើឱ្យនាង សម្រេចចិត្តដើរលើផ្លូវនេះជាមួយសង្សារ។

ទីបំផុត ផ្លូវអន្តរាយនេះបានមកដល់ទីបញ្ចប់! សមត្ថកិច្ចបានស្រាវជ្រាវ និងឈានទៅចាប់ខ្លួននាង និងសង្សារ ព្រមទាំងបក្ខពួកជាបន្តបន្ទាប់។ «ខ្ញុំលក់សម្រាប់អ្នកដើរលេងយប់ជាប្រចាំរហូតដល់បែកធ្លាយ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពេលនោះនាងខ្ញុំមិនហ៊ានប្រាប់ឪពុកម្តាយឱ្យបានដឹងរឿងនោះទេដោយសារភាពអៀនខ្មាស លុះពេលឃុំខ្លួននៅពន្ធនាគារទើបគាត់បានដឹងនូវព័ត៌មាននេះ»។ នាងបានបន្តទាំងទឹកភ្នែករលីងរលោងថា «នៅពេលដែលខ្ញុំត្រូវឃុំខ្លួននៅក្នុងពន្ធនាគារ ពេលវេលាមួយដែលខ្ញុំនឹកឃើញមុនគេ គឺឪពុកម្តាយ នឹកដំបូន្មានដែលគាត់ធ្លាប់ប្រៀនប្រដៅគ្រប់បែបយ៉ាង ហើយគាត់ធ្លាប់បានហាមប្រាម មិនឱ្យខ្ញុំឡើងមកធ្វើការនៅភ្នំពេញទេ ប៉ុន្តែខ្ញុំមិនព្រមស្តាប់គាត់ និងជឿតាមការលួងពីសង្សារផងទើបជួបលទ្ធផលបែបនេះ»។

ឆ្លងកាត់នូវបទពិសោធនេះ សោភា ក៏បានបង្ហាញនូវភាពសោកស្តាយរាល់កំហុសឆ្គង ព្រោះតែការមិនស្តាប់បង្គាប់ ទើបធ្វើឱ្យខ្លួនមានវិប្បដិសារីរហូតមកដល់សព្វថ្ងៃ។ នារីរូបនេះបានបន្ថែមថាក្រោយឃុំខ្លួននៅក្នុងពន្ធនាគារមួយរយៈ និងទទួលបានការអប់រំណែនាំពីមន្ត្រីពន្ធនាគារនូវដំបូន្មានល្អៗ «នាងខ្ញុំមានការភ្ញាក់រលឹក និងបានផ្លាស់ប្តូរចិត្តគំនិត ហើយខ្ញុំសូមប្តេជ្ញាចិត្តនៅពេលដែលចាកចេញពីពន្ធនាគារ ខ្ញុំសន្យាថានឹងធ្វើជាពលរដ្ឋល្អ កូនល្អ ស្តាប់បង្គាប់ឪពុកម្តាយ ថែរក្សាកិត្តិយសគ្រួសារមិនឱ្យរឿងនេះកើតឡើងជាលើកទីពីរឡើយ»។

រៀបរាប់ដោយអួលដើមករ និងទាំងទឹកមុខក្រហម នារីដែលចាញ់បោកការលួងលោមរបស់សង្សាររូបនេះ បានលើកដៃសំពះខមាលទោសអ្នកមានគុណរបស់ខ្លួនពីចម្ងាយ និងបានផ្តាំផ្ញើដល់ដល់បងប្អូនទាំងអស់សូមកុំជ្រើសរើសយកមុខរបរនេះដូចរូបនាង ព្រោះធ្វើឱ្យប៉ះធ្ងន់ធ្ងរដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕

ដោយ៖ សេង បូលីន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ