(ភ្នំពេញ)៖ និស្សិតឆ្នាំទី១ សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ឆមាសទី១ ចំនួន ៥៤១នាក់ ដែលកំពុងសិក្សាផ្នែករចនាពហុប្រព័ន្ធផ្សព្វផ្សាយ ពីមហាវិទ្យាល័យព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ត ផ្តល់សារៈសំខាន់ចំពោះការចុះកម្មសិក្សា និងទស្សនកិច្ចនៅក្រសួងព័ត៌មាន ដែលមានរយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។
ថ្លែងក្នុងឱកាស ជួបប្រជុំ និងធ្វើបទបង្ហាញជាមួយនិស្សិតទាំង ៥៤១នាក់ ដែលបានចាប់ផ្តើមហ្វឹកហាត់ការងារ និងទស្សនកិច្ចនៅក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមីនា ម្សិលមិញ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធ និងសកម្មភាពការងារខ្លះៗ របស់អគ្គនាយកដ្ឋានទាំង៥ ចំណុះឱ្យក្រសួងព័ត៌មាន។
អ្នកនាំពាក្យ បានជម្រាបនិស្សិតសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ថា ក្រសួងព័ត៌មាន គឺជាសេនាធិការមួយរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍ ការងារសាធារណមតិ ព្រមទាំងផ្សាយព័ត៌មានដែលពិត និងគ្រប់ជ្រុងជ្រោយ តាមរយៈជាសំណេរ សម្លេង វីដេអូ ។ល។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប និងប្រពៃណី ដើម្បីធានាបាននូវសិទ្ធិទទួលព័ត៌មានរបស់សាធារណជនទាំងជាតិ និងអន្តរជាតិ ហើយក្រសួងក៏មានមុខងារត្រូវជួយដល់ ក្រសួង/ស្ថាប័ន ផ្សេងៗទៀតក្នុងការផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាផលិត ព័ត៌មាន។
ជាមួយគ្នានេះ និស្សិតទាំងអស់នឹងប្រមូលបាននូវធាតុចូល អំពីការហ្វឹកហាត់ការងារ និងដំណើរទស្សនកិច្ចឈ្វេងយល់នៅពេលនេះ ដើម្បីមានមូលដ្ឋានគ្រឹះល្អមួយដើម្បីជាទុនក្នុងការផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្តជាក់ស្តែង ហើយនេះក៏ជាឱកាសសម្រាប់និស្សិតបានជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំដែលទទួលបន្ទុកការងារព័ត៌មាន និងសោតទស្សន៍ នៅក្នុងអគ្គនាយកដ្ឋានដែលជាប្រព័ន្ធផ្សព្វផ្សាយទាំង០៣ គឺអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (TVK) និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា (RNK)។
ក្នុងឱកាសនោះលោក ទេព អស្នារិទ្ធ បានឧទ្ទេសនាមពីការកកើតប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋដែលជាពិសេសគឺទីភ្នាក់ងារសារព័ត៌មានកម្ពុជា កាសែតកម្ពុជា វិទ្យុជាតិកម្ពុជា និងទូរទស្សន៍ជាតិកម្ពុជា ដែលជាទម្រង់នៃការផ្សព្វផ្សាយរបស់រដ្ឋចាប់តាំងពីឆ្នាំ១៩៧៨មក។
បន្ថែមពីលើនេះ អ្នកនាំពាក្យ បានថ្លែងបន្ថែមពីតួនាទីដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋមានទាំងការផ្សាយបែបប្រពៃណី ដូចជាកាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី និងតាមរយៈមធ្យោបាយបែបថ្មី ដែលជាសម្លេងរបស់ជាតិក្នុងការចូលរួមថែរក្សាស្ថិរភាព និងសុខសន្តិភាពអស់រយៈកាលជាង៤៦ឆ្នាំកន្លងមក ហើយក៏ជាផ្នែកមួយនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចផងដែរ។
ដោយឡែកក្រសួងព័ត៌មានក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា បានប្តេជ្ញាចិត្តនៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺបាននិងកំពុងរៀបចំក្រសួងនេះឱ្យទៅជាស្ថាប័នទំនាក់ទំនងសារធារណៈរបស់រដ្ឋាភិបាលប្រកបដោយបុរេសកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងគុណភាពដែលនេះមានន័យថាក្រសួងព័ត៌មាន គឺជាសេនាធិការរបស់រដ្ឋាភិបាល លើការផ្សព្វផ្សាយ។
មុនបញ្ចប់ អ្នកនាំពាក្យ បានផ្តាំផ្ញើនិស្សិតទាំងអស់ដែលជាយុវជនបន្តវេន ហើយក៏ជាផ្នែកមួយនៃការផ្សព្វផ្សាយផងដែរ គឺត្រូវចូលរួមផ្សព្វផ្សាយអំពីឧត្តមភាពប្រជាជាតិយើង មានដូចជាការផលិតផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ ផ្សាយ និងចែករម្លែកព័ត៌មានពាក់ព័ន្ធនឹងចំណេះដឹងដែលឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណជន ទាំងប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មី និងត្រូវខិតខំរៀនសូត្រ ចៀសឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយទៅជាទំពាំងស្នងឬស្សីក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិទាំងអស់គ្នា៕