(កំពង់ចាម)៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី៣ ដល់សិស្សនគរបាលជ័យលាភីចំនួន៧៧នាក់ នារី២០នាក់ មកពីអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាលានគរបាលជាតិភូមិភាគ២។
ថ្លែងក្នុងឱកាសនោះ លោកសន្តិបណ្ឌិត នេត សាវឿន បានថ្លែងកោតសរសើរដល់បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ២ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស គួរឲ្យកត់សម្គាល់ និងប្រកបដោយមោទនភាព ដើម្បីបំពេញបានតម្រូវការជាក់ស្ដែង នៃការងារបណ្ដុះបណ្ដាលធនធានមនុស្ស ព្រមទាំងបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភា និងសាលានគរបាលជាតិភូមិភាគនានា។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានថ្លែងកោតសរសើរដល់សិស្សនគរបាលជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើឲ្យបន្តការសិក្សា ដកស្រង់បទពិសោធន៍ ពង្រឹង និងពង្រីកចំណេះដឹងឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពញភារកិច្ចទទួលខុសត្រូវបានល្អប្រសើរជូនជាតិ និងប្រជាពលរដ្ឋ។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងនាមប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងអំពីយុទ្ធសាស្ដ្រប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាទិភាពចំនួន៥ រួមមាន៖ ផ្សព្វផ្សាយអប់រំ, គ្រប់គ្រងសារធាតុគីមីផ្សំ, អនុវត្តច្បាប់, ព្យាបាល និងស្ដារនីតិសម្បទា និងសហប្រតិបត្តិការអន្ដរជាតិ។ ក្នុងចំណោមទិសដៅទាំង៥នេះ រាជរដ្ឋាភិបាល បានកំណត់យកវិធានការផ្សព្វផ្សាយអប់រំ ជាអាទិភាពទី១។
លោកសន្ដិបណ្ឌិត នេត សាវឿន ក៏បានគូសបញ្ជាក់អំពីចំណុចលេចធ្លោក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅឆ្នាំ២០២៤ ជូនដល់អង្គពិធីទាំងមូលផងដែរ ដោយបញ្ជាក់ថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ បានក្លាយជាចលនាជាតិ និងមានការចូលរួមពីគ្រប់វិស័យទាំងអស់ ហើយឈានទៅលុបបំបាត់ស្ទើរទាំងស្រុងការចែកចាយ ប្រើប្រាស់ក្នុងក្លឹបកម្សាន្ដ ព្រមទាំងការលបលួចកែច្នៃ។ លោកក៏បានលើកឡើងពីបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការសម្អាតបឹង ព្រមទាំងមធ្យោបាយដ៏សំខាន់ក្នុងការរាយការណ៍ពីបទល្មើសគ្រឿងញៀន គឺ App NoDrug។
បន្ថែមពីនេះ លោកសន្ដិបណ្ឌិត នេត សាវឿន បានណែនាំដល់សិស្សនគរបាលជ័យលាភី ត្រូវខិតខំយកចំណេះដឹងដែលបានមកពីការសិក្សារៀនសូត្រទៅអនុវត្តជាក់ស្ដែង និងគោរពឲ្យបាននូវវិន័យនគរបាលជាតិ ដោយប្រកាន់ខ្ជាប់នូវក្របសីលធម៌ វិជ្ជាជីវៈ ឥរិយាបថ ជាពិសេសគុណធម៌។ លើសពីនេះ ត្រូវខិតខំស្រាវជ្រាវរៀនសូត្របន្ថែមទៀត ដោយឈរលើគោលការណ៍ រៀនពេញ១ជីវិត៕