(សៀមរាប)៖ ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ខេត្ត រយៈពេល ៥ឆ្នាំ(២០២៥-២០២៩) ក្រោមវត្តមានរបស់លោកស្រី យូ សុភា សមាជិកាក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធាន តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីចូលរួមផងដែរ។
ក្នុងឱកាសនោះ លោកស្រី យូ សុភា បានលើកឡើងថា កិច្ចប្រជុំនេះមានសារៈសំខាន់ សម្រាប់គ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមផ្តល់យោបល់ ពិភាក្សាទៅលើក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន ដែលជាធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ រួមមាន៖
* យុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច យុទ្ធសាស្រ្តអភិវឌ្ឍន៍សង្គមកិច្ច យុទ្ធសាស្រ្តអភិវឌ្ឍន៍គ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងការបន្សាំ នឹងការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍គ្រប់គ្រងរដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឈានទៅរៀបចំ សេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នំា ក្នុងអាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីឆ្លើយតបទៅនឹងសេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្ត ឲ្យមានប្រសិទ្ធភាពខ្ពស់។
លោកស្រីបន្តថា ដើម្បីធានាបាននូវនិរន្តភាពនៃការអភិវឌ្ឍន៍ខេត្ត ក្រុមប្រឹក្សាខេត្តបានកំណត់ពីចក្ខុវិស័យ គោលបំណង គោលដៅយុទ្ធសាស្ត្រ សូចនាករ និងចំណុចដៅសំខាន់ៗ ដែលត្រូវសម្រេចឲ្យបានក្នុងរយៈពេល៥ឆ្នាំ នៃអាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ហើយធានាឲ្យមានសង្គតិភាពជាមួយផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និង គោលនយោបាយរបស់វិស័យជំនាញ។
លោកស្រី បានបន្តថា ក្រុមប្រឹក្សាខេត្ត ត្រូវមានសៀវភៅផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ (២០២៥-២០២៩) ក្នុងអាណត្តិរបស់ខ្លួន ហើយសៀវភៅនេះ ត្រូវបានក្រុមការងារកសាងផែនការខេត្ត បានខិតខំរៀបចំ និងចងក្រងជាសេចក្តីព្រាងសម្រាប់ដាក់ជូន គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ពិនិត្យ និងផ្តល់យោបល់។
លោកស្រី យូ សុភា ក៏បានក្រើនរំលឹកដល់គ្រប់មន្ទីរ ស្ថាប័ន អង្គភាព នៅក្នុងរដ្ឋបាលខេត្តសៀមរាបទាំងអស់ ត្រូវធ្វើការលើកនូវគម្រោងផែនការរបស់សាមីមន្ទីរ ស្ថាប័ន អង្គភាពរបស់ខ្លួន ដោយដាក់ចូលក្នុងផែនការ អភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត ហើយផែនការរបស់មន្ទីរ ស្ថាប័ន អង្គភាពក៏ត្រូវដាក់ទៅតាមរយៈសាមីក្រសួងរបស់ខ្លួន។
លោកស្រី បន្ថែមថា រយៈការផែនការអភិវឌ្ឍន៍រយះពេល៥ឆ្នាំ ២០២៥-២០២៩ របស់ខេត្ត ត្រូវបានរៀបចំឡើងតាមលំដាប់លំដោយនៃមាតិកា ស្របតាមសេចក្តីណែនាំបច្ចេកទេស នៃការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រាជធានី ខេត្ត ដែលបានលើកឡើងនូវខ្លឹមសារសំខាន់ៗ រំលេចឡើងក្នុងក្របខណ្ឌអភិវឌ្ឍន៍ខេត្ត គឺជាផែនទីចង្អុលប្រាប់ផ្លូវ ដើម្បីប្រើប្រាស់ជាមូលដ្ឋានដ៏សំខាន់ ក្នុងការធ្វើសេចក្តីសម្រេចចិត្ត អំពីការអភិវឌ្ឍន៍ខេត្ត ក្របខ័ណ្ឌចំណាយរយៈពេលមធ្យម (បីឆ្នាំ) និងថវិកាប្រចាំឆ្នាំរបស់ខេត្ត និងអ្នកពាក់ព័ន្ធជុំវិញខេត្ត។
លោកស្រីបានបន្ដថា កិច្ចប្រជុំនេះ សូមមេត្តារួមគ្នា ពិនិត្យ និងផ្តល់យោបល់ កំណត់នូវបញ្ហាប្រឈមនានា ដែលមានកន្លងមក ក្នុងការអនុវត្តតួនាទី ក៏ដូចជា បញ្ហា ប្រឈមនៅមូលដ្ឋាន ផ្តល់ជាធាតុចូលបន្ថែមទៀត ជូនដល់ក្រុមការងារកសាងផែនការ ដើម្បីដាក់បញ្ចូលទៅក្នុង ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល។
លោកស្រី សង្ឃឹមថា កិច្ចប្រជុំនាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ ដែលជាតម្រូវការចាំបាច់ សម្រាប់ការរៀបចំគម្រោង សកម្មភាពអាទិភាពចាំបាច់នានា និងអស់លោក លោកស្រីទាំងអស់ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញទៅតាមទម្រង់ បញ្ចូលទៅក្នុងកិច្ចដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ដើម្បីរៀបចំឱ្យបានត្រឹមត្រូវទៅតាមជំហាននីមួយៗ និងនិតិវិធីណែនាំ៕