(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សែនសុខ។

ក្រសួងមុខងារសាធារណៈ បានបើកសន្និបាតបូកសរុបលទ្ធផលការងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ពិធីបើកបានធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ក្នុងពិធីបើកនោះក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈតំណាងក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត សរុបប្រមាណ៧០០នាក់។

បន្ទាប់ពីការប្រព្រឹត្តទៅនៃពិធីបើកសន្និបាតហើយនោះ ពេញមួយថ្ងៃទី១៩ ខែមីនា សន្និបាតបានប្រព្រឹត្តតាមរបៀបវារៈជាបន្តបន្ទាប់មានដូចជា បទបង្ហាញស្តីពីវឌ្ឍនភាពនៃការដឹកនាំ និងការគ្រប់គ្រងវិស័យមុខងារសាធារណៈ, បទបង្ហាញស្តីពីវឌ្ឍនភាពនៃការដឹកនាំ និងការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ, បទបង្ហាញស្តីពីការគ្រប់គ្រងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងកិច្ចពិភាក្សា សំណួរ និងចម្លើយ។

ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលលើការដឹកនាំគ្រប់គ្រងវិស័យមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈមានតួនាទីជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) ដើម្បីដឹកនាំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តវិធានការគន្លឹះចំនួន៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈគឺ៖ ១) ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើស​មន្ត្រីឱ្យចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិ​យាបន្ន និងប្រសិទ្ធភាព, ២) ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព និង៣) ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយ សង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ក្រសួងមុខងារសាធារណៈសម្រេចបានសមិទ្ធផលនាពេលកន្លងមកអាស្រ័យដោយកត្តាសំខាន់ ៣យ៉ាងរួមមាន៖

ទី១) កត្តាគោលនយោបាយ និង​យុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងការតម្រង់ទិសជាប្រចាំ និង ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ទី២) កត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ គឺដោយសារក្រសួង​មានចក្ខុវិស័យ និងផែនការច្បាស់លាស់ មានរចនាសម្ព័ន្ធការងារត្រឹមត្រូវ មានប្រព័ន្ធការងារល្អ និងជាពិសេសមានថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់កម្រិត ដែលមានជំនាញសមត្ថភាពខ្ពស់ និងបំពេញការងារឈរលើមូលដ្ឋាន អភិក្រម បុរេសកម្ម យោគយល់អធ្យាស្រ័យ និងសហការគ្នា ស្មារតីជាក្រុម និង​ទទួលខុសត្រូវខ្ពស់ទៅតាមជំនាញ និងភារកិច្ចរៀងៗខ្លួន។

ទី៣) កត្តាក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិដៃគូអភិវឌ្ឈ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការ សម្របសម្រួល និងគាំទ្រ ឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ឈានទៅសម្រេចសមិទ្ធផល ដែលជាគោលបំណងរួមគ្នា ក្នុងប្រយោជន៍នៃការកសាងរដ្ឋបាលសាធារណៈ ទំនើបរបស់កម្ពុជា។

ក្រសួងមុខងារសាធារណៈ បានយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការគន្លឹះចំនួន​៣រួមមាន៖

ការអនុវត្តវិធានការគន្លឹះទី១៖ ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូល​បម្រើ​ការងារប្រកបដោយគុណា ធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដោយក្រសួងបានដាក់ឱ្យអនុវត្តនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល តាមរយៈអនុក្រឹត្យ ស្ដីពីការដាក់ឱ្យអនុវត្តនិយាមនេះ ដើម្បីឱ្យការជ្រើសរើសមន្ត្រីប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របតាម​ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។

ក្រសួងបានដឹកនាំ និងសម្របសម្រួលរៀបចំការប្រឡងជ្រើសរើសមន្ត្រី​រាជការ​ស៊ីវិល ផ្អែកលើគោលការណ៍ថ្មី និងផ្អែកលើនិយាមនីតិវិធីប្រតិបត្តិនៃការ ប្រឡងចំនួន៨ក្រសួង សរុប៤២លើកនៃការប្រឡង និងមានបេក្ខជនដាក់ពាក្យចូលរួមការប្រឡងប្រមាណ១២ម៉ឺននាក់។

វិធានការគន្លឹះទី២៖ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។ ក្រសួងមុខងារសាធារណៈបានគាំទ្រដល់គ្រប់ក្រសួង​ស្ថាប័ននៅក្នុងដំណើរការនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និង រចនាសម្ព័ន្ធ ក្រសួង សា្ថប័ន និងបានរៀបចំរបាយការណ៍បូក​សរុបលទ្ធផលនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និង រចនាសម្ព័ន្ធក្រសួងស្ថាប័ន គោរពរាយការណ៍ជូនសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។

ក្រសួងមុខងារ​សាធារណៈ បានសហការជាមួយក្រសួង ស្ថាប័នរៀបចំសិក្ខា​សាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន បានចំនួន ២០ក្រសួង ស្ថាប័ន និងបន្តរៀបចំរហូតដល់គ្រប់ក្រសួង ស្ថាប័នទាំង៣១។

វិធានការគន្លឹះទី៣៖ ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម​ប្រកប​ដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព៖ ក្រសួងមុខងារ សាធារណៈ បានដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម នៃការអនុ​វត្ត​វិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជ​រដ្ឋាភិបាល​នីតិកាលទី៧នៃរដ្ឋសភា ដោយអនុវត្តក្នុងក្របខណ្ឌលេខាធិការដ្ឋាន និងអនុ​គណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. និងគម្រោងនានាក្នុងក្របខណ្ឌនៃការ​អនុ​វត្ត​វិធាន​ការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល
នីតិកាលទី៧ នៃរដ្ឋសភា។

ក្រសួងមុខងារសាធារណៈក្នុងនាមជាលេខាធិការដ្ឋាននៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានដាក់ឱ្យអនុវត្តការ​វាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ វិស័យសុខាភិបាល​ឆ្នាំ២០២៤ បានរៀបចំពិធីប្រកាសអង្គភាពជ័យលាភីចំនួន៥០ អង្គភាពរួម​មាន៖ វិទ្យាល័យចំនួន១០ សាលាមត្តេយ្យសិក្សាចំនួន១០ និងមន្ទីរពេទ្យ​បង្អែក​​ផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ (CPA1) ចំនួន១០ កម្រិត​២ (CPA2) ចំនួន១០ កម្រិត៣.(CPA3) ចំនួន១០ និងបាន​ប្រកាសដាក់​ឱ្យ​អនុវត្តការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូកម្រិតអនុវិទ្យាល័យ សាលាបឋមសិក្សា និង មណ្ឌលសុខភាព សម្រាប់ឆ្នាំ២០២៥។

រយៈពេលពេញមួយឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំ​របស់​ឧបនាយករដ្ឋមន្តី ហ៊ុន ម៉ានី បានដឹកនាំប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឈ្លាសវៃ ហ្មត់ចត់ មានចក្ខុវិស័យ និងទស្សនៈវិស័យច្បាស់លាស់ក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ ជាពិសេសការ​អនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការកែ​ទម្រង់រដ្ឋបាលសាធារណៈ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន រួមមាន ការជ្រើសរើស​មន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ននិងប្រសិទ្ធភាព ការរៀបចំនិងកែលម្អរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន តាមរយៈការអនុវត្តការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និង ការ​ធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​សម្រាប់​វិស័យអប់រំ និងវិស័យសុខាភិបាល ការពង្រឹងការគ្រប់គ្រង ការវិវឌ្ឍ​អាជីពរបស់មន្ត្រីរាជការ និងការអភិវឌ្ឍធនធានមនុស្សនិងស្ថាប័ន ការកែលម្អ​ការផ្ដល់សេវាសាធារណៈ ការកែទម្រង់ប្រព័ន្ធបៀវត្ស ដើម្បីបង្កើនប្រាក់បៀវត្ស ប្រាក់ឧបត្ថម្ភ និងរបបសន្តិសុខសង្គម ព្រមទាំងការលើកកម្ពស់កិច្ច​សហ​ប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់រួមទាំង​ជាមួយ​ដៃគូអភិវឌ្ឍន៍នានា។

ផ្អែកលើទិសដៅការងារដែលបានកំណត់ក្រសួងមុខងារសាធារណៈប្រកាសបន្ត​ប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងគោលបំណងកែលម្អ និងពង្រឹងវិស័យមុខងារសាធារណៈ​កម្ពុជាឱ្យឆ្លើយតប ទៅនឹងការវិវឌ្ឍនៃសង្គមសេដ្ឋកិច្ច និងនយោបាយក្នុងប្រទេស និងសកលលោក។ ក្នុងន័យនេះរដ្ឋបាលសាធារណៈកម្ពុជា នឹងត្រូវប្រែក្លាយឱ្យកាន់តែមានភាពទំនើបធន់ខ្លាំង វៃឆ្លាត គុណភាព ស្អាតស្អំ វិជ្ជាជីវៈ និងមានប្រសិទ្ធភាពក្នុងការបំពេញមុខងារ និងភារកិច្ចរបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ៕