(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបដិសេធចំពោះសំណើររបស់ក្រសួងចំនួន ដែលបានស្នើសុំសម្តេចស្នើដំឡើងសាលាបណ្តុះបណ្តាល​របស់ក្រសួង​ទៅជាគ្រឹះស្ថានសាធារណៈបង្រៀនយកថ្លៃ ដើម្បីទាញយកចំនូលចូលរដ្ឋ ដោយសម្តេចបញ្ជាក់ថា មិនមានការចាំបាច់នោះទេក្នុងការបើកដូចនេះ តែត្រូវងាកមកខំប្រឹងបណ្តុះបណ្តាលមន្ត្រី​របស់ខ្លួនឱ្យមាន​ជំនាញច្បាស់លាស់វិញទើបល្អ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសដែលអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សែនសុខ។

ពាក់ព័ន្ធនឹងការស្នើដំឡើងសាលាបណ្តុះបណ្តាលរបស់ក្រសួងទៅជាគ្រឹះស្ថានសាធារណៈនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «កន្លងទៅមានក្រសួងស្ថាប័នមួយចំនួន បានស្នើមក​តែខ្ញុំបដិសេធ ដែលចង់តំឡើងសាលាទៅជាគ្រឹះស្ថានសាធារណៈបើកបង្រៀនយកលុយ ហើយខ្ញុំពិនិត្យមើលភ្លាមថាតើមានតម្រូវការចាំបាច់ឫអត់ទេ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា​ ភារកិច្ចរបស់សាលានៅតាមក្រសួងស្ថាប័ននីមួយៗ គឺផ្តោតខ្លាំងទៅលើការបណ្តុះបណ្តាលមន្ត្រី មិនចាំបាច់ទៅបើកគួរដើម្បីប្រកួតប្រជែងជាមួយសាលាឯកជន ទៅលើជំនាញការងារ ដែលសាលាឯកជនមាននោះទេ ត្រូវប្រមូលផ្តុំធនធានត្រឹមតែរៀបចំជាគួររយៈពេលខ្លី វគ្គបំប៉នរយៈពេលខ្លី វគ្គមធ្យមត្រឹមតែរយៈពេល ១ឆ្នាំ បំប៉នដល់មន្ត្រី ដែលនេះគួរតែជាភារកិច្ច​របស់សាលា​នៅចំណុះក្រសួង មិនមានការចាំចាច់ដែលសាលានៅចំណុះក្រសួងមួយទៅបើកបណ្តុះបណ្តាលជំនាញដែលសាលាឯកជនមានរួចហើយនោះទេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ជាក់ស្តែងសម្រាប់ក្រសួងព័ត៌មាន ជំនាញព័ត៌មានមានវិស័យឯកជនបើកបង្រៀនរយៈពេលវែងហើយ ដូចនេះក្រសួងបើកតែសសម្រាប់រយៈពេលខ្លី ដើ​ម្បីបណ្តុះបណ្តាលអ្នកសារព័ត៌មានទៅបានហើយ។ សម្តេចបន្ថែមថា បើសិនជាយើងដំឡើងសាលាបណ្តុះបណ្តាលរបស់ក្រសួងទៅជាសាលា នោះនឹងបានចំណូល តែមកប៉ោងក្របខណ្ឌទៅវិញ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកដែរថា ប៉ុន្មានថ្ងៃមុននេះសម្តេចបានឱ្យក្រសួងផែនការកែសម្រួលឡើងវិញ ដោយក្រសួងបានរៀបចំសុំស្នើបើកជាគ្រឹះស្ថានសាធារណៈដើម្បីបើកវគ្គបង្រៀន​ជាសាកលវិទ្យាល័យ ដំឡើងទៅបង្រៀនដល់៤ឆ្នាំ ដោយសម្តេចបានបដិសេធ នឹងឱ្យងាកមកបង្រៀនតែមន្ត្រីឱ្យមានជំនាញច្បាស់លាស់វិញផងដែរ៕