(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យចុះស្រង់មន្ត្រីក្របខណ្ឌ និងកិច្ចសន្យាធ្វើការចាប់ពី១០ឆ្នាំឡើង ដើម្បីផ្តល់មេដាយជូនគាត់ តែត្រូវធានាភាពសុក្រឹត្យ ត្រឹមត្រូវ និងតម្លាភាព ប្រយ័ត្នមន្ត្រីអត់ដែលធ្វើការក៏ស្រង់ឈ្មោះមកផ្តល់មេដាយដែរ ពោះយន្តការផ្ដល់មេដាយជូនមន្រ្ដី​ គឺជាយន្តការពិសេសធ្វើតែម្ដងទេ ហើយត្រូវពិនិត្យសម្រាប់តែមន្រ្ដី​ ទាំងមន្រ្ដីក្របខណ្ឌ និងមន្រ្ដីកិច្ចសន្យា ដែលធ្វើការលើសពី ១០ឆ្នាំ ហើយមិនទាន់ទទួលបានមេដាយសោះ ដើម្បីរៀបចំមេដាយជូនពួកគាត់។

ការណែនាំបែបនេះ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សែនសុខ។

ពាក់ព័ន្ធនឹងការបំពាក់មេដាយនេះដែរ ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ចំពោះនីតិវិធីនៃការបំពាក់មេដាយជូនមន្ត្រីមានស្នាដៃ និងមន្ត្រីជាប់កិច្ចសន្យានេះ គឺមានសារាចរណែនាំតាំងពី២៤មុនមកម្ល៉េះ ពោលគឺតាំងពីឆ្នាំ២០០១ សារាចរណែនាំលេខ០១ ដែលអនុញ្ញាតឱ្យការស្នើសុំបំពាក់មេដាយនេះឆ្លាក់គ្នា ២ឆ្នាំម្តង ដោយក្នុង១ឆ្នាំ បាន១០ភាគរយនៃចំនួនមន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ត្រង់ចំណុចនេះ មន្ត្រីមានការប្រែប្រួលរហូត ដូច្នេះ ចំណុចនេះវាជាការលំបាក ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា គ្រប់អាណត្តិមិនដែលបំភ្លេចចោលនោះទេ។

បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យគោលការណ៍ចំនួន២៖

គឺទី១៖ ចំពោះមុខ គឺធ្វើម្តងជាទ្រង់ទ្រាយធំ មានន័យថាឱ្យបង្កើតក្រុមការងារចំពោះកិច្ច នៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីឱ្យធ្វើលើកិច្ចការងារនេះ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ចុះស្រង់តែម្តង មន្ត្រីដែលមានអតីតភាព ១០ឆ្នាំឡើង ទាំងមន្ត្រីជាប់កិច្ចសន្យា ទាំងមន្ត្រីមិនកិច្ចសន្យា និងមិនដែលធ្លាប់បានបំពាក់មេដាយសោះ ដើម្បីបំពាក់ជូនពួកគាត់តែម្តង។ ចំណុចនេះ គឺជាការងារចំពោះមុខដែលត្រូវធ្វើ។

ទី២៖ ឱ្យពិនិត្យមើលទៅលើសារាចរណែនាំលេខ ០១ ឱ្យគិតគូរឡើងវិញ ហើយពិតណាស់យើងមិនអាចបំពាក់ម្តង បាន១០០ភាគរយនោះទេ ប៉ុន្តែ ត្រូវគិមើលទៅលើការកែសម្រួលចំនួន ទំហំកម្រិតណា ឬភាពបត់បែនកម្រិតណា ដើម្បីអាចមានឱកាសផ្តល់ជូនមន្ត្រីរបស់យើង និងរៀបចំលក្ខខណ្ឌផ្តល់ជូនឱ្យបានច្បាស់លាស់ ផ្អែកៅលើសមិត្មកម្មការងារ និងវិន័យសណ្តាប់ធ្នាប់ ហើយសុំឱ្យធ្វើឱ្យសុក្រឹត្យ ត្រឹមត្រូវ និងតម្លាភាព ប្រយ័ត្នមន្ត្រីអត់ដែលធ្វើការក៏ស្រង់ឈ្មោះមកផ្តល់មេដាយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំយ៉ាងដូច្នេះថា៖ «ខ្ញុំបញ្ជាក់ហើយ សុំធ្វើឱ្យសុក្រឹត្យ ប្រយ័ត្នអ្នកអត់មុខ១០ឆ្នាំ មានតែឈ្មោះ តែបានមេដាយដែរ ត្រូវតែច្បាស់អ្នកដែលសកម្ម មន្ត្រីដែលធ្វើការងារជាប់ នេះគឺសុំឱ្យច្បាស់ ហើយនេះយើងធ្វើម្តង តែម្តង ហើយការងារ២នេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបចំក្រុមការងារចំពុះកិច្ចហើយ សុំឱ្យក្រសួង ស្ថាប័នថ្នាក់ក្រោមជាតិធ្វើការងារឱ្យលឿន ស្រង់មន្ត្រីយើង បានលើស១០ឆ្នាំហើយ អ្នកអត់ដែលបានសោះ»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះការបំពាក់មេដាយជូនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ធ្វើការរយៈពេល១០ឆ្នាំឡើង តែមន្ត្រីដែលមិនធ្លាប់បានបំពាក់មេដាយតែប៉ុណ្ណោះ ពីព្រោះការបំពាក់នេះ គឺធ្វើតែម្តងជូនមន្ត្រីដែលមិនទាន់បានបំពាក់មេដាយ។ ការផ្ដល់មេដាយជូនមន្រ្ដី ត្រូវពិនិត្យមើលឱ្យច្បាស់លាស់ ហើយមន្រ្ដី ដែលទទួលបានមេដាយ គឺជាមន្រ្ដីសកម្ម និងមានវត្តមានធ្វើការប្រចាំថ្ងៃ មិនមែនមន្រ្ដីដែលអត់មានមុខមកធ្វើការ ឬមួយមន្រ្ដីមានបញ្ហាអ្វីផ្សេងៗនោះទេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងស្ថាប័នរបស់រដ្ឋ រៀបចំផ្តល់បណ្ណសរសើរជូនមន្ត្រីរាជការ ដែលបំពេញការងារបានល្អ និងសកម្ម។ សម្តេចបញ្ជាក់ថា ការផ្តល់បណ្ណសរសើរនេះ លិខិតសរសើរ ក្រដាស១សន្លឹក សុំកុំគិតថាជារឿងតិចតួចឱ្យសោះ ពីព្រោះបុគ្គលម្នាក់ៗ មន្ត្រីម្នាក់ៗ គឺមានតម្លៃខ្លាំងណាស់ នេះជាការទទួលស្គាល់នូវការសខិតខំប្រឹងប្រែង ទទួល់ស្នាដៃរបស់មន្ត្រីរាជការ ដូច្នេះ យើងត្រូវផ្តល់ការលើកទឹកចិត្តបែបនេះជូនដល់មន្ត្រីរាជការ ពោលគឺមិនចាំបាច់តែប្រាក់ខែ និងលុកកាក់នោះទេ៕