(ហ៊ឺណាន, ចិន)៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយលោក Liu Ning លេខាធិការនៃគណៈកម្មាធិការគណៈបក្សកុម្មុយនីសចិនខេត្តហ៊ឺណាន និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជន ខេត្តហ៊ឺណាន ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនោះលោកលេខាបក្សបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូដែលបានអញ្ជើញមកកាន់ខេត្តហ៊ឺណាននាឱកាសនេះ។ លោកក៏បានជម្រាបគណៈប្រតិភូឱ្យបានជ្រាបអំពីវឌ្ឍនភាពថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃខេត្តហ៊ឺណាន ដែលជាមជ្ឈមណ្ឌលនយោបាយ, សេដ្ឋកិច្ច, និងវប្បធម៌រយៈពេលជាង២សហស្សវតរ៍មកហើយ។
លោក Liu Ning ក៏បានបង្ហាញការកត់សម្គាល់អំពីកិច្ចខិតខំប្រឹងប្រែងរវាងថ្នាក់ដឹកនាំកម្ពុជា និងចិន ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន, ពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ, និងបង្កើតឱ្យមានវឌ្ឍនភាពវិជ្ជមានក្នុងការកសាងរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏ដូចជារបៀងមច្ឆា និងអង្ករជាដើម។ ជាមួយគ្នានេះ លោក បានបង្ហាញសុទិដ្ឋិនិយមថាដំណើរបេសកកម្មនាពេលនេះនឹងអាចទាក់ទាញបានគម្រោងវិនិយោគិនជាច្រើនពីខេត្តហ៊ឺណាន ពិនិត្យលទ្ធភាព និងឱកាសទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជា សំដៅចូលរួមចំណែកលើកកម្ពស់វិបុលភាពសហគមន៍វាសនារួមកម្ពុជា-ចិន។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូកម្ពុជានាឱកាសនៃដំណើរបេសកកម្មជំរុញ និងទាក់ទាញវិនិយោគមកកាន់ខេត្តហ៊ឺណាន ដែលជាបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅក្រៅប្រទេសដំបូងគេបង្អស់ប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ខេត្តហ៊ឺណាន ដែលជាខេត្តដ៏រស់រវើកមួយរបស់ចិន។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានយកឱកាសនេះជម្រាបជូនភាគីមិត្តអំពីបច្ចុប្បន្នភាពថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបរិយាកាសវិនិយោគនៅកម្ពុជា។
ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញគណៈប្រតិភូរដ្ឋបាលខេត្តហ៊ឺណាន និងតំណាងសហគ្រាសប្រចាំខេត្ត បំពេញទស្សនកិច្ចការងារនៅកម្ពុជាដើម្បីសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែប ជាពិសេសពិនិត្យលទ្ធភាពរៀបចំតំបន់សេដ្ឋកិច្ចពិសេសលើវិស័យកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសលើអនុវិស័យយានយន្ត និងអេឡិចត្រូនិកដើម្បីផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្នុងតំបន់ផងដែរ៕