(ភ្នំពេញ)៖ នៅព្រឹកថ្ងៃថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលដទៃទៀតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល។
ខាងក្រោមខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចទទួលបានសំណូមពរ និងបញ្ហាជាច្រើនពីប្រជាពលរដ្ឋតាមរយៈហ្វេសប៊ុក។ សម្តេចបានថ្លែងថា ព្រោះតែបែបនេះហើយ ទើបសម្តេចចំណាយថវិកាផ្សព្វផ្សាយលើហ្វេសប៊ុក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការធ្វើទំនើបកម្មមិនត្រឹមតែអគារសិក្សានោះទេ តែក៏ត្រូវធ្វើទំនើបកម្មសម្ភារសិក្សា និងបរិយាកាសសិក្សាផងដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំត្រូវពង្រឹងតាំងពីថ្នាក់តូចឡើងទៅ បូករួមទាំងការបញ្ចូលបច្ចេកវិទ្យាផងដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យពង្រឹងការសិក្សានៅថ្នាក់ចំណេះដឹងទូទៅ។ បើការសិក្សា១២ឆ្នាំនៃសាលាចំណេះដឹងទូទៅបានល្អ ជាទុនដ៏ប្រសើរសម្រាប់ថ្នាក់ឧត្តមសិក្សា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលបំណងរបស់រាជរដ្ឋាភិបាល មិនខុសពីប្រជាពលរដ្ឋនោះទេ គឺចង់ធ្វើឱ្យកាន់តែល្អប្រសើរពីមួយជំនាន់ ទៅមួយជំនាន់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធរយកចិត្តទុកដាក់ជួយដល់កូនចៅប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនរៀនសូត្របានខ្ពស់ តាមរយៈការជួយដោះស្រាយឧបសគ្គដែលពួកគាត់ជួបប្រទះ ហើយនាំឱ្យកូនៗឈានទៅបោះបង់ការសិក្សា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានបរទេសម្នាក់មកលេងកម្ពុជា បានសរសើរពីសន្តិសុខនៅកម្ពុជាដើរពេលយប់មិនបារម្ភពីសុវត្ថិភាព ឬចោរកម្ម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិសុខ សុវត្ថិភាព គឺជាកិច្ចការសំខាន់ ដែលអាជ្ញាធរ និងសមត្ថកិច្ចត្រូវយកចិត្តទុកដាក់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើគ្មានធនធានមនុស្ស មិនអាចកសាងប្រទេសជាតិឱ្យរីកចម្រើនបានឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បរិមាណនៃការអប់រំ មិនសំដៅលើការមានសាលាច្រើននោះទេ តែគឺការផ្តល់ឱកាសឱ្យកូនចៅប្រជាពលរដ្ឋទទួលបានការអប់រំច្រើន។ អាស្រ័យហេតុនេះហើយទើបរាជរដ្ឋាភិបាលតាំងពីសម្តេចតេជោដឹកនាំ រហូតដល់សម្តេច គឺបន្តពង្រាយសាលាទៅតាមទីជនបទ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនកញ្ជើធ្លុះនោះទេ មានប្រាក់បើកជូនមន្ត្រីរាជការមិនឱ្យយឺតយ៉ាវនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំសីលធម៌ និងគោរពវិន័យ ជាកិច្ចការដ៏សំខាន់សម្រាប់សិស្សតូចៗ។ សម្តេចបានថ្លែងថា ពេលនៅរៀនសាលាយោធាអាមេរិក ឆ្នាំដំបូង គឺគេបង្រៀនឱ្យយកចិត្តទុកដាក់លើកិច្ចការតូចៗ បូករួមពីការបត់ភួយឡើងទៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកថា តាំងពីតូចមកជីដូនជីតា និងឪពុកម្តាយសម្តេចតែងអប់រំឱ្យធ្វើជាមនុស្សល្អ។ ពាក្យអប់រំនេះ ចារឹកក្នុងបេះដូងរបស់សម្តេចរហូតដល់ពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើមអាណត្តិសម្តេចមានប្រសាសន៍លើកពីគោលនយោបាយ តែពេលនេះប្រសាសន៍សម្តេចខុសពីដើមអាណត្តិ ព្រោះត្រូវលើកបង្ហាញពីសមិទ្ធផលកើតចេញពីគោលនយោបាយដែលបានដាក់ចេញនៅដើមអាណត្តិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនុកចិត្ត និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្រូ និងអាណាព្យាបាលសិស្ស គឺជាកិច្ចការចាំបាច់ជួយពង្រឹងការអប់រំរបស់សិស្ស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកបើករថយន្តធ្លាក់ផ្លូវ ហើយរំភើបខ្លាំងពេលពលរដ្ឋមួយភូមិចេញមកជួយ។ ពិសោធន៍នេះបង្ហាញថា អំពើល្អ តែងទទួលបាការជួយពីប្រជាពលរដ្ឋ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានគ្រូណាកាច មានបំណងមិនល្អចំពោះសិស្សនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សរសើរកងវិស្វកម្មរបស់នាយឧត្តមសេនីយ៍ ខេង សុមេធ ប្រតិបត្តិការលឿនលើកិច្ចការសាងសង់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពន្យល់បន្ថែមពាក់ព័ន្ធការសិក្សាពេទ្យថ្នាក់វេជ្ជបណ្ឌិតទូទៅ។ សម្តេចបានផ្តល់ជម្រើសទៅក្រសួងសុខាភិបាល ឱ្យសិក្សាជម្រើសរវាងរៀន ៨ឆ្នាំ និង ៦ឆ្នាំ តែថែមម៉ោងសិក្សា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១០៖៣៨នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។ សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕