(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានបង្ហើបអំពីការធ្វើវិមានធំថ្មីមួយទៀតសម្រាប់ព្រឹទ្ធសភា ដើម្បីទុកសម្រាប់រៀបចំកម្មវិធីផ្សេងៗ ដោយមិនចាំចាញ់ខ្ចីវិមានសន្តិភាព សម្រាប់រៀបចំកម្មវិធីទៀតនោះទេ និងបានស្នើឱ្យលោក ប្រាក់ សុខុន ឱ្យធ្វើជាប្រធានគណៈកម្មាធិការក្នុងការកសាងវិមាននេះ។
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពខ្ពង់ខ្ពស់ក្នុងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅទីស្ដីការគណៈរដ្ឋមន្រ្តី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ឥលូវនេះអនុញ្ញាតឱ្យខ្ញុំថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានឱ្យខ្ញុំខ្ចីវិមានសន្តិភាពសម្រាប់ធ្វើពិធីបំពាក់បំពាក់ឋានន្តរសក្តិ ប៉ុន្តែបន្តិចទៀតខ្ញុំនឹងមានទីកន្លែងខ្លួនឯង ដែលកន្លែងនេះខ្ញុំក៏សាងតែខ្ញុំមិនបាននៅទីនេះទេ ហើយអ្នកដែលនៅទីនេះក៏មិនប្រាកដថា នៅទីនេះបាន ១០០ឆ្នាំដែរ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម្តេចនឹងទៅធ្វើវិមាននៅព្រឹទ្ធសភាមួយទៀត ប៉ុន្តែមិនធំដូចវិមានសន្តិភាពនោះទេ ប៉ុន្តែសម្តេចចង់មានវិមានខ្លួនឯង និងបានស្នើលោក ប្រាក់ សុខុន ឱ្យធ្វើជាប្រធានគណៈកម្មាធិការក្នុងការកសាងវិមាននេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា នៅពេលសាងសង់រួចនៅឆ្នាំក្រោយនេះ បើសិនមានការរៀបចំកម្មដូចនេះទៀត សម្តេចមិនចាំបាច់វិមានសន្តិភាព ដើម្បីរៀបចំនោះទេ គឺសម្តេចមានទីតាំងខ្លួនឯងហើយ៕