(ភ្នំពេញ)៖ ក្នុងឱកាសបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានរំលឹកអំពីប្រវត្តិ នៃការផ្តល់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ក្រោយកម្ពុជាបញ្ចប់សង្គ្រាមកន្លងមក។

សម្តេចបានរៀបរាប់ថា ក្នុងការចរចាបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន កាលពីឆ្នាំ១៩៩៣ ក្រោមព្រះរាជាធិបតីភាពសម្តេចឪ គឺព្រះមហាក្សត្រ ព្រះបរមរតនកោត បានផ្តល់នូវឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនដល់ឥស្សរជន៣រូបនោះគឺសម្តេចផ្ទាល់ សម្តេច ជា ស៊ីម និងសម្តេច ហេង សំរិន ដោយសារសម្តេចក្រុមព្រះពេលនោះ មានឋានៈជា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥រួចទៅហើយ ដែលសម្តេចក្រុមព្រះ នឹងធ្វើជាសហនាយករដ្ឋមន្រ្តី ជាមួយសម្តេចតេជោ។

សម្តេចបានរៀបរាប់បន្តថា ពេលនេះព្រះករុណាសម្តេចឪ បានចេញព្រះរាជក្រឹត្យជាភាសាបារាំង ដែលសូម្បីតែព្រះរាជក្រឹត្យផ្តល់គោរមងារជូនសម្តេច ក៏ធ្វើឡើងជាភាសាបារាំងដែរ។ រហូតដល់ឆ្នាំ១៩៩៤ មានការស្រុះស្រួលគ្នាមួយ ក្នុងការកាត់បន្ថយមួយស័ក្តិម្នាក់ ដោយកាត់ពីផ្កាយ៥មកនៅផ្កាយ៤ ហើយពីផ្កាយ៤ មកនៅផ្កាយ៣ ​ចុះមួយស័ក្តិទាំងអស់គ្នា។

«អីចឹងតើផ្កាយប្រាំ ខ្ញុំឡើងពេលណាមកវិញ? គឺពេលដែលព្រះករុណា នឆ្នាំ២០០៧ ដែលរឿងនេះព្រះករុណាព្រះអង្គបានធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល២លើក គឺទី១ ពេលដែលខ្ញុំមិនមានគោរមងារជាសម្តេចទេ ប៉ុន្តែក្រោយមកព្រះអង្គបានឱ្យសម្តេចចៅហ្វាវាំង និមន្តព្រះសង្ឃរាជ ពិភាក្សាអំពីនរណាត្រូវមានគោរមងារអ្វី អីចឹងបានមានសម្តេចអគ្គមហាសេនាបតីតេជោ សម្តេចធម្មពោធិសាល​ សម្តេចពញាចក្រី ប៉ុន្តែពេលនោះសម្តេចសង្ឃរាជឱ្យប្រើត្រឹមមហាទេ ប៉ុន្តែព្រះករុណា ឱ្យថែមអគ្គមហា...»

សម្តេចបានបន្តថា ក្រោយមករឿងដំឡើងផ្កាយមាស៥នេះមួយទៀត ដែលសម្តេចមិនបានដឹងខ្លួនទាល់តែសោះ ព្រោះនោះជាព្រះរាជទាន មិនមែនជាសំណើទេ គឺនៅឆ្នាំ២០០៧ដដែល ប៉ុន្តែពេលនោះ មិនត្រូវបានប្រគល់ជូន សម្តេចក្រុមព្រះទេ ​សម្តេចក្រុមព្រះនៅតែជានាយឧត្តមសេនីយ៍ ផ្កាយមាស៤ ព្រោះត្រូវបានបញ្ចុះសក្តិមួយសារហើយ មិនត្រូវបានដំឡើងវិញ។

សម្តេចបន្តរំលឹកទៀតថា ប៉ុន្តែពេលនោះ ក្នុងជួរកងទ័ព សម្តេចក្រុមព្រះមានអត្តលេខ០០១ ចំណែកសម្តេចតេជោ មានអត្តលេខ០០២៕

សម្តេចបានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជានៅមាន នាយឧត្តមសេនីយ៍ ផុតលេខ ផ្កាយមាស៥ តែ៤រូបប៉ុណ្ណោះ នោះគឺសម្តេចតេជោ សម្តេច ហេង សំរិន សម្តេច ទៀ បាញ់ និងសម្តេចម៉ែន សំអន៕