(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានឆ្លើយតបនឹងសំណួរមួយដែលថា «ហេតុអ្វីមិនផ្តល់ផ្កាយមាស៥ ជូនសម្តេចក្រឡាហោម​ ស ខេង» គឺដោយសារតែសម្តេចក្រឡាហោម ជាស៊ីវិល ដូច្នេះមិនពាក់ឋានន្តរស័ក្តិ ដូចជាយោធានោះទេ។

ការឆ្លើយតបបែបនេះ ធ្វើឡើងក្នុងឱកាស ដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅទីស្ដីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។

ឆ្លើយតបនឹងសំនួរនេះ សម្ដេចតេជោ ហ៊ុន សែន ​បា​នបញ្ជាក់យ៉ាងដូច្នេះថា «មានសារមួយ ចូលមកបញ្ចេញមតិថា បាត់សម្ដេច ស ខេង ខ្ញុំក៏បានចូលទៅឆ្លើយតបថា សម្ដេច ស ខេង ជាស៊ីវិល គាត់មិនពាក់ឋានន្តរស័ក្តិ ដូចជាទាហាននោះទេ»

សម្ដេចតេជោ ហ៊ុន សែន ​បានឲ្យដឹងថា សម្ដេចក្រឡាហោម ស ខេង នៅក្នុងអំឡុងឆ្នាំ១៩៩៧-១៩៩៨ ពេលនោះ សម្ដេចក្រឡាហោម បាននិយាយថា បើសិនជាសម្ដេចពាក់ស័ក្ដិ ក៏ពាក់ស័ក្ដិត្រឹមស័ក្ដិ៥ដែរ មិនពាក់ធំជាងនឹងនោះទេ ព្រោះថា ពេលនោះកំពុងតែអតិផរណាស័ក្ដិ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ​ក៏បានគូសបញ្ជាក់ផងដែរថា សូមកុំមកព្យាយាមបំបែកផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា ហើយអ្នកត្រូវចាំ អ្នកកាន់តែបំបែកផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា គឺអ្នកទេដែលបែកបាក់ផ្ទៃក្នុងខ្លួនឯង ដូច្នេះសូមកុំបំបែកគណបក្សប្រជាជនកម្ពុជាឲ្យសោះ។

សម្ដេចតេជោ ហ៊ុន សែន ​បានលើកឡើងថា អ្នកដែលធ្លាក់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជាទាំងប៉ុន្មាន គឺបែក​បាក់ខ្លួនឯងទាំងអស់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានធ្វើ» ហើយសម្ដេចបន្ដទៀតថា បក្សប្រឆាំងចំនួនប៉ុន្មានហើយ ដែលចង់បំបែកគណបក្សប្រជាជន ប៉ុន្ដែទីចុងបំផុត លទ្ធផល គឺបែកខ្លួនឯងទាំងអស់ ហើយសម្ដេចបានសង្កត់ធ្ងន់ថា «ខ្ញុំនឹងបន្ដធ្វើកិច្ចការងារនេះ ដោយមិនទុកឲ្យអ្នកឯងរួចខ្លួននោះទេ»

សូមជម្រាបថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ​ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិ ថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

បើតាមសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី, ការផ្តល់ឋានន្តរស័ក្តិ ជូនសម្តេចពិជ័យសេនា និងសម្តេចម៉ែន សំអន នាពេលនេះ ជាការឆ្លើយតបចំពោះគុណបំណាច់ ដែលបានធ្វើកិច្ចការងារបម្រើជាតិ ហើយសម្តេចទាំងពីរ ក៏ជាអ្នកចូលរួមបង្កើតរបបរាជានិយមផងដែរ៕