(ភ្នំពេញ)៖ ផ្តើមចេញពីការ Comments សំណាក់អ្នកលេងបណ្តាញសង្គមមួយ ដែលបានលើកឡើងអំពីការផ្តល់ឋានរន្តរសក្តិថ្នាក់ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថា នៅសម្តេចក្រឡាហោម ស ខេង ម្នាក់ទៀត, សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ឆ្លើយតបវិញថា សម្តេចក្រឡាហោម ស ខេង មិនពាក់ផ្កាយ៥ទេ ដោយសារលោកជាមន្ត្រីស៊ីវិល។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ចាប់ទុកការចោទសួររបស់បែបនេះ គឺក្នុងន័យចង់បំបែកបំបាក់ផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ប្រមុខរដ្ឋស្តីទីថ្លែងខ្លាំងៗផ្តាំទៅអ្នកដែលចង់បំបែកគណបក្សប្រជាជនកម្ពុជាថា អ្នកចង់ដែលបំបែកគណបក្សប្រជាជន គឺតែងតែបែកខ្លួនឯងទាំងអស់ ហើយសម្តេចនឹងបន្តធ្វើការងារនេះ ដោយមិនទុកឱ្យអ្នកឯងរួចខ្លួនទេ។

ការថ្លែងរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។

សម្តេចបានថ្លែងដូច្នេះថា «អ្នកដែលធ្លាប់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា ទាំងប៉ុន្មាន គឺបែកខ្លួនឯងទាំងអស់ ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានធ្វើ បក្សប៉ុន្មានហើយដែលចង់បំបែកគណបក្សប្រជាជនកម្ពុជា ប៉ុន្តែទីចុងបំផុតលទ្ធផល គឺបែកខ្លួនឯងទាំងអស់ ហើយខ្ញុំនឹងបន្តធ្វើនូវកិច្ចការងារនេះ ដោយមិនទុកឱ្យអ្នកឯងរួចខ្លួនទេ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មីថា សូមកុំព្យាយាមបំបែកគណបក្សប្រជាជន អ្នកកាន់តែធ្វើអ្នកកាន់តែគ្រោះថ្នាក់

សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១។ ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។

គណបក្សប្រជាជនកម្ពុជា បានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូ ហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជន នៅទូទាំងប្រទេស វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបន្តអភិវឌ្ឍន៍ប្រទេស ឱ្យរុងរឿងរីកចម្រើនដូចសព្វថ្ងៃនេះ៕