(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានលើកឡើងថា សម្តេចហាក់ដូចជាមាននិស្ស័យពីធម្មជាតិ ដែលទេវតាចារថាត្រូវតែមានសម្តេចពិជ័យសេនា ទៀ បាញ់ រាល់ពេលដែលសម្តេចជួបសភាពការណ៍លំបាកៗ ហើយមានសម្តេចពិជ័យសេនា ទៀ បាញ់ ម្នាក់ប្រៀបដូចមានកងទ័បមួយកងពលនៅក្បែរខ្លួនសម្តេចគ្រប់កាលៈទេសៈ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងឱកាសដែលសម្តេចអញ្ជើញបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្ដេច ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ នាវិមានសន្តិភាព។

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំអាចនិយាយបានថា នៅពេលមានសភាពការណ៍កើតឡើង ខ្ញុំហាក់ដូចជាមាននិស្ស័យមួយពីធម្មជាតិ ដែលទេវតាចារថាត្រូវតែមានរដ្ឋមន្ត្រីការពារជាតិមួយនេះ ដូច្នេះទើបសម្តេចពិជ័យសេនា ទៀ បាញ់ បានទទួលតំណែងជារដ្ឋមន្ត្រីការពារជាតិ ជាមួយខ្ញុំក្នុងរយៈពេល៣៥ឆ្នាំ នៅក្នុងមុខតំណែងខ្ញុំជានាយករដ្ឋមន្ត្រី ៣៨ឆ្នាំ […] មាន ទៀ បាញ់ ម្នាក់ប្រៀបដូចមានកងទ័បមួយកងពលនៅក្បែរ នេះគឺជារឿងវិញ្ញាណពិតរបស់ខ្ញុំ»

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលណាមានសភាពការណ៍ពិបាកៗ គឺតែងតែមានវត្តមានរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ជានិច្ច នេះជារឿងនៃអតីតកាល។ ដោយឡែកសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គឺគាត់បានផ្សាភ្ជាប់នៃចលនានេះជាហូរហែរមក តាមរយៈការកសាងកម្លាំងទ័ពជាមួយគ្នា និងការកសាងកម្លាំងនៅក្នុងជួរគណបក្ស និយាយជារួមគឺការចូលរួមកសាងដំណើរការកសាងជាតិជាមួយសម្តេច ព្រមទាំងឥស្សរជនមួយចំនួនផងដែរ។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រាប់ការអនុវត្តនយោបាយឈ្នះឈ្នះ ប្រសិនបើគ្មានសម្តេចពិជ័យសេនា ទៀ បាញ់ ទេ សម្តេចមិនប្រាកដថា អនុវត្តនយោបាយឈ្នះឈ្នះនេះទទួលបានជោគជ័យ ឬអត់។ ចំពោះរឿងនេះវាសំខាន់ខ្លាំងណាស់ ព្រោះពេលនោះគ្រាន់តែប្រភពចារកម្មផ្តល់ព័ត៌មានមក ធ្វើឱ្យគ្រោះថ្នាក់បាត់ទៅហើយ ប៉ុន្តែ ភាពនឹងនរសម្តេចពិជ័យសេនា ទៀ បាញ់ ទៅលើការវិភាគសភាពការណ៍។ ឧទាហរណ៍ចារកម្មផ្តល់ព័ត៌មានមក នៅផ្ទៃក្នុងយើងតែម្តង ថា អ៉ី ឈាន កំពុងជួបតា ម៉ុក នៅសណ្ឋាគារនេះ បន្ទប់លេខ ពេលនោះ អ៉ី ឈាន នឹងស្លាប់ទៅហើយ។

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានរម្លឹកថា សម្តេចពិជ័យសេនា ទៀ បាញ់ ជាអ្នកការពារប្តូរផ្តាច់ចំពោះសុវត្ថិភាព លោក អ៉ី ឈាន នៅពេលមានព័ត៌មានចារកម្មថា អ៉ី ឈាន ឃុបឃិតជាមួយតាម៉ុក។ ពីព្រោះគ្រានោះសម្តេចជឿជាក់លើសម្តេចពិជ័យសេនា ទៀ បាញ់ ខណៈមានព័ត៌មានជាច្រើនរួមគ្នា ចាក់សម្លាប់ អ៉ី ឈាន ដើម្បីបង្កឱ្យស្ថានភាពនៅកម្ពុជាមានការប្រែប្រួល។

ត្រង់ចំណុចនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា ប្រសិនបើគ្រានោះ យើងជឿលើព័ត៌មានចារកម្ម ទាក់ទងនឹងការឃុបឃិត របស់ អ៉ី ឈាន និងតា ម៉ុក តំបន់ប៉ៃលិន មិនចាំចាច់កម្លាំងខ្មែរក្រហមវ៉ៃ យកទៅវិញនោះទេ ប៉ុន្តែ គ្រាន់តែប្រជាពលរដ្ឋនៅតំបន់ប៉ៃលិន មិនព្រមធ្វើសមាហរណកម្មជាមួយរដ្ឋាភិបាល ឬងាកទៅរកខ្មែរក្រហមវិញ ក៏គ្រប់គ្រាន់ដើម្បីបំផ្លាញចោលនូវការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីបម្រួបបម្រួមជាតិជាធ្លុងមួយ និងស្ថិតក្រោមរដ្ឋាភិបាលតែមួយផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងដំណាក់កាលនោះ ពាក់ព័ន្ធការវិភាគលើការពិត អ៉ី ឈាន និង សុក ភាព ជាពិសេស អ៉ី ឈាន ជាអ្នកដេញវាយតាម៉ុក រឿងអ្វីដែល អ៉ី ឈាន ទៅចូលរួម និងចរចាជាមួយតា ម៉ុក ចំណុចនេះ គឺមិនអាចទៅរួចនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការផ្តល់ឋានន្តរស័ក្តជូនសម្តេចពិជ័យសេនា និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាពេលនេះ ជាការឆ្លើយតបចំពោះគុណបំណាច់ ដែលបានធ្វើកិច្ចការងារបម្រើជាតិ ហើយសម្តេចទាំងពីរក៏ជាអ្នកចូលរួមបង្កើតរបបរាជានិយមផងដែរ។ សម្តេចតេជោ បានថ្លែងអំណរគុណ សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលចូលរួមជាមួយសម្តេច ក្នុងកិច្ចការងារជាច្រើនកន្លងមក៕