(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានអះអាងថា ឥស្សរជនដែលត្រូវបានបំពាក់ឋានន្ដរស័ក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៅពេលនេះ គឺសុទ្ធតែមានអតីតភាពការងារចូលបម្រើជាកងទ័ព ក្រោម៥៥ឆ្នាំនោះឡើយ។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីភាពបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិតុ្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្វីដែលខ្ញុំចង់បញ្ជាក់បំផុត សម្រាប់ពួកយើងដែលពាក់ឋានន្ដរស័ក្ដិជូននៅថ្ងៃនេះ គឺយើងចូលទាហានមិនតិចជាង៥៥ឆ្នាំទេ។ ខ្ញុំជាមួយសម្ដេច ម៉ែន សំអន គឺចូលទាហានស្នើគ្នានៅឆ្នាំ១៩៧០ គិតមកដល់ពេលនេះ គឺមានរយៈពេល៥៥ឆ្នាំ។ ដោយឡែក សម្ដេចពិជ័យសេនា ទៀ បាញ់ គឺលឿនមុននោះ»។
ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា ដែលជាអ្នកពន្លត់ភ្លើងសង្គ្រាម និងនាំមកនូវសុខសន្ដិភាពរហូតមកដល់ពេលបច្ចុប្បន្ននេះ បានរំលឹកអំពីប្រវត្តិមួយចំនួននៃទំនាក់ទំនងស្គាល់គ្នាជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។ សម្ដេចបន្ដថា ប្រវត្តិនៃការតស៊ូរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ នៅពេលនោះ ត្រូវបានគេយកទៅបាញ់សម្លាប់ចោល ដែលកាលនោះ សម្ដេច ទៀ បាញ់ មានឈ្មោះដើម ទៀ សង្វាត់ ប៉ុន្ដែដោយសារគេបាញ់មិនស្លាប់ ទើបប្ដូរឈ្មោះមកជា ទៀ បាញ់ វិញ។
ដោយឡែក ចំពោះសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនវិញ បានស្គាល់គ្នាជាមួយសម្ដេចតេជោ ហ៊ុន សែន រយៈពេល៤៨ឆ្នាំហើយ ពោលនៅចុងឆ្នាំ១៩៧៧ នៅពេលសម្ដេចចូលផ្ទៃក្នុងប្រទេសដើម្បីស្វែងរកភរិយា គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយសម្ដេចចូលពេទ្យទើបមានទំនាក់ទំនងស្គាល់គ្នាពេលនោះមក ដោយផ្ដើមពីការប្រមូលកម្លាំងតស៊ូ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។
សូមជម្រាបថា រហូតមកដល់ពេលនេះ ឥស្សរជនកម្ពុជាចំនួន៥រូប ដែលគ្រងឋានន្ដរស័ក្ដិផ្កាយមាស៥ផុតលេខ រួមមាន៖
*ទី១៖ សម្ដេចពញាចក្រី ហេង សំរិន
*ទី២៖ សម្ដេចធម្មពោធិ៍សា ជា ស៉ីម
*ទី៣៖ សម្ដេចតេជោ ហ៊ុន សែន
*ទី៤៖ សម្ដេចពិជ័យសេនា ទៀ បាញ់
*ទី៥៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៕