(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានបង្ហាញបំណងចង់ឱ្យមានការបោះឆ្នោតព្រឹទ្ធសភា មានទម្រង់ដូចទៅនឹងការបោះឆ្នោតរដ្ឋសភាដែរ និងបានជំរុញឱ្យសិក្សាលទ្ធភាពដើម្បីមានគណនេយ្យភាដើម្បីកំណត់ឱ្យបានច្បាស់ថាសមាព្រឹទ្ធសភាម្នាក់ៗ ត្រូវចុះទៅកាន់នៅភូមិភាពណាឱ្យបានច្បាស់លាស។
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពខ្ពង់ខ្ពស់ក្នុងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅទីស្ដីការគណៈរដ្ឋមន្រ្តី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «យើងក៏កំពុងតែពិនិត្យដែរ តើយើងអាចនឹងរៀបចំគណនេយ្យភាពអំពីសមាជិកព្រឹទ្ធសភា ជាមួយនឹងអង្គបោះឆ្នោតដូចដែលរដ្ឋសភាកំពុងធ្វើនោះទេ? ព្រោះឥលូវនេះមិនដឹងថាអ្នកណាទៅនៅភូមិភាគណា ព្រោះភូមិភាគមួយមាន ៤ ទៅ ៥ ខេត្ត ចឹងទេតើគួររៀបចំជាមណ្ឌលបោះឆ្នោតព្រឹទ្ធសភា ដែលត្រូវធ្វើការកែទម្រង់ឱ្យទៅជាមណ្ឌលដែលមានកំណត់បេក្ខភាពច្បាស់លាស់ និងរៀបចំឱ្យបាន ២៥មណ្ឌល នេះគឺយើងត្រូវសិក្សា»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា នៅពេលដែលសម្តេចអញ្ជើញទៅកាន់ជាប្រធានព្រឹទ្ធសភា ទើបសម្តេចមើលឃើញថា សមាជិកព្រឹទ្ធសភា មិនដឹងច្បាស់ថា អ្នកណាត្រូវចុះទៅភូមិភាគណានោះទេ ដូចនេះយើងត្រូវសិក្សាពីរឿងនេះ ដើម្បីកែរប្រែប្រព័ន្ធនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ការកែរប្រែប្រព័ន្ធនេះគឺដើម្បីឱ្យសមាជិកសភាម្នាក់ៗ បានទៅនៅតាមភូមិភាគ និងមានគណនេយ្យភាពជាមួយអង្គនោះឆ្នោត ហើយបើមិនដូចនេះទេ សមាជិកសភាម្នាក់ៗ មិនបានចុះជួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងជួយប្រជាពលរដ្ឋនៅមូលដ្ឋាននោះទេ៕