(កណ្ដាល)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានលើកឡើងករណីជនបរទេសត្រូវចោរឆក់កាបូប និងកោតសរសើរដល់សមត្ថកិច្ចដែលបានដោះស្រាយទាន់ពេលវេលា ខណៈដែលកត្តាសន្តិសុខ សុវត្ថិភាព ត្រូវតែយកចិត្តទុកដាក់បន្ថែម។
ការលើកឡើងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្តេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលដទៃទៀតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល។
នាឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងពីករណីមួយ ដែលជនបរទេសម្នាក់មកកម្សាន្តនៅប្រទេសកម្ពុជា ហើយបានសរសើរពីសន្តិសុខនៅកម្ពុជាដើរពេលយប់មិនបារម្ភពីសុវត្ថិភាព ឬចោរកម្ម ខណៈដែលប្រទេសមហាអំណាចខ្លះមិនសូវមានសុវត្ថិភាពក្នុងការដើរហើរយប់ព្រលប់នោះទេ។
សម្តេចបវរធិបតី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំឃើញថ្ងៃមុន ជនជាតិម្នាក់មកប្រទេស (អង់គ្លេស) ខ្ញុំមិនបានចាំ គាត់ថាដើរនៅស្រុកខ្មែរម៉ោង១០យប់ អត់មានអារម្មណ៍ថាមាននរណាមកចាប់គាត់ មកប្លន់គាត់ គាត់ថាមិនគួរណាសោះ នៅប្រទេសមហាអំណាចខ្លះចេញពេលយប់អ៊ីចឹងគឺខ្លាចគេចាប់ ខ្លាចគេប្លន់ទូរស័ព្ទ។ តែទៅមកប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍ មានអារម្មណ៍ថាមានសុវត្ថិភាពជាងប្រទេសមហាអំណាចមួយចំនួន...»។
ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកពីករណីរបស់ជនបរទេសម្នាក់ដែលត្រូវបានចោរឆក់កាបូប ត្រឹមតែមួយម៉ោង ឬពីរម៉ោងក្រោយ ប៉ូលីសរបស់យើងបានឃាត់ខ្លួនជនសង្ស័យនោះបាន ហើយសម្តេចបានកោតសរសើរដល់សមត្ថកិច្ចរបស់យើង ដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះបានទាន់ពេលវេលា។
ការណ៍នេះ សម្តេចប្រមុខនៃរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា «រឿងសុវត្ថិភាព រឿងស្ថិរភាព សន្តិសុខ ដែលអាជ្ញាធរសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ ហើយនេះក៏ពាក់ព័ន្ធទៅនឹងការអប់រំរបស់យើងផងដែរ»។
សូមជម្រាបផងដែរថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥កន្លងទៅ លោក Christ ជនជាតិអាមេរិក ដែលជា Vlogger ល្បីឈ្មោះប្រើប្រាស់បណ្ដាញសង្គមជួយផ្សព្វផ្សាយរឿងល្អពីកម្ពុជានោះ ហើយមាន TikTok និង Facebook ឈ្មោះ «travelwithcris» និងមិត្តស្រី គឺជា Vlogger ដ៏ល្បីដូចគ្នា ត្រូវបានចោរឆក់កាបូប នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ជនដៃដល់ឆក់កាបូបគូដណ្ដឹងលោក Christ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបបានហើយនៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ ក្រោយកើតហេតុប៉ុន្មានម៉ោងប៉ុណ្ណោះ៕