(កណ្តាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដើមអាណត្តិសម្តេចមានប្រសាសន៍លើកពីគោលនយោបាយ តែពេលនេះប្រសាសន៍សម្តេចខុសពីដើមអាណត្តិ ព្រោះត្រូវលើកបង្ហាញពីសមិទ្ធផលកើតចេញពីគោលនយោបាយដែលបានដាក់ចេញនៅដើមអាណត្តិ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្ដេចតែងតែចុះជួបប្រជាពលរដ្ឋ និងសិស្សានុសិស្សដោយផ្ទាល់នៅតាមមូលដ្ឋានដោយមិនបានប្រាប់ជាមុន ដើម្បីតាមដានត្រួតពិនិត្យការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។
ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលដទៃទៀតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការអប់រំសីលធម៌ និងគោរពវិន័យ ជាកិច្ចការដ៏សំខាន់សម្រាប់សិស្សតូចៗ។ សម្តេចបានរម្លឹកថាពេលនៅរៀនសាលាយោធាអាមេរិក ឆ្នាំដំបូង គឺគេបង្រៀនឱ្យយកចិត្តទុកដាក់លើកិច្ចការតូចៗ បូករួមពីការបត់ភួយឡើងទៅ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានរម្លឹកថា បានតាំងពីតូចមកជីដូនជីតា និងឪពុកម្តាយសម្តេចតែងអប់រំឱ្យធ្វើជាមនុស្សល្អ។ ពាក្យអប់រំនេះ ចារឹកក្នុងបេះដូងរបស់សម្តេចរហូតដល់ពេលបច្ចុប្បន្ន។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះនឹងបន្តពង្រឹងគុណភាពអប់រំចាប់ពីថ្នាក់ទី១ ដល់ទី១២ ដោយត្រូវពង្រឹងទាំងចំណេះដឹងឱ្យបានច្បាស់លាស់ និងពង្រឹងលើឥរិយាបថសម្រាប់រស់នៅក្នុងសង្គម។ ការពង្រឹងចំណេះដឹងឱ្យបានច្បាស់លាស់ គឺត្រូវពង្រឹង ដោយធ្វើយ៉ាងណានៅក្រោយរៀនចប់ ត្រូវមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បំពេញការងារនានា ដើម្បីចិញ្ចឹមជីវិត។ ចំពោះការពង្រឹងឥរិយាបថ គឺត្រូវពង្រឹងបែបបទសុជីវធម៌ សីលធម៌ឱ្យបានល្អ ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំនិយាយនេះ មានអ្នកប្រាប់ខ្ញុំថា ឥឡូវនេះ ខ្ញុំនិយាយខុសពីដើមអាណត្តិ មូលហេតុដែលខ្ញុំនិយាយខុសពីដើមអាណត្តិដោយសារតែ ១ឆ្នាំជាងនេះ យើងធ្វើច្រើន ឥឡូវខ្ញុំនិយាយ គឺនិយាយពីអ្វីដែលយើងបានធ្វើពិតប្រាកដ មិនមែនគ្រាន់តែជាគោលនយោបាយដែលត្រូវធ្វើទេ»។
ជាមួយគ្នានេះដែរ សម្តេចសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្វីដែលសម្តេចតែងតែលើកឡើងនៅលើវេទិកា ឬកិច្ចប្រជុំនានានោះទេ គឺមិនមែនគ្រាន់តែសម្តេចដាក់េចេញផែនការនៅដើមអាណត្តិ ប៉ុន្តែ គឺនិយាយពីគោលនយោបាយ ពីទិសដៅ ដែលយើងគិតថា វានឹងត្រូវដើរដល់ចំណុចណា។ ដូច្នេះ រាល់ការលើកឡើងជាច្រើន គឺជាអ្វីដែលបានកើតមានឡើង ដើម្បីចែករំលែក លើកទឹកចិត្ត ជំរុញការងារបន្តទៀត ធ្វើយ៉ាងណាទូទាំងប្រទេសពង្រឹងទៅលើគុណភាពអប់រំ និងការបន្ថែមម៉ោងសិក្សា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ទំនុកចិត្ត និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្រូ និងអាណាព្យាបាលសិស្ស គឺជាកិច្ចការចាំបាច់ជួយពង្រឹងការអប់រំរបស់សិស្ស។ សម្ដេចបានបញ្ជាក់ថា ការនិយាយនេះគឺដើម្បីចែករំលែក និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងមាតាបិតា និងសិស្សានុសិស្ស៕