(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមិនកញ្ជើធ្លុះនោះទេ យើងមានប្រាក់ខែបើកជូនមន្រ្ដីរាជការមិនឲ្យយឺតយ៉ាវនោះឡើយ។ ជាក់ស្ដែងសម្រាប់ខែមេសា ឆ្នាំ២០២៥នេះ យើងនឹងបើកប្រាក់ខែជូនមន្រ្ដីរាជការ លោកគ្រូ-អ្នកគ្រូ ដែលជាការបើកប្រាក់ខែឌុប បូករួមទាំងប្រាក់ឧបត្ថម្ភ យើងមិនកញ្ជើធ្លុះនោះទេ ព្រោះការគ្រប់គ្រងប្រព័ន្ធថវិកាហិរញ្ញវត្ថុរបស់យើង គឺច្បាស់លាស់ណាស់។
ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញចូលរួម សម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ឥឡូវនេះយើងកំពុងរៀបចំប្រាក់សោធន សម្រាប់អ្នកគ្រូ-លោកគ្រូ សង្ឃឹមថា នៅថ្ងៃខាងមុនយើងនឹងជួយដោះស្រាយឲ្យកាន់តែល្អប្រសើរឡើង។ ជាការពិតលោកគ្រូ-អ្នកគ្រូ ដែលចូលសោធនយើងមិនបានបោះបង់គាត់ចោលនោះឡើយ ដូចមន្រ្ដីរាជការដំបូងដែលជាបន្ទករបស់យើង ដែលត្រូវរែកទាំង២គឺទាំងមន្រ្ដីថ្មី និងមន្រ្ដីចាស់ ដោយបានគិតគូរទាំងសុខភាព ប្រាក់បៀវត្ស និងសោធន ដោយបានតម្លើងប្រាក់បៀរវត្សជាប្រចាំផងដែរ។
សម្ដេចមហាបវរធិបតីបានបញ្ជាក់ថា ជាក់ស្ដែងសម្រាប់បុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ក៏យើងមិនភ្លេចដែរគឺប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀល សម្រាប់ខែមេសានេះ។ សម្រាប់ខែមេសានេះផងដែរ យើងនឹងបើកប្រាក់ខែឌុបតែម្ដងជូនអ្នកគ្រូលោកគ្រូ មន្រ្ដីរាជការទាំងអស់ និងបូកបន្ថែមប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀល របស់រាជរដ្ឋាភិបាលបន្ថែមទៀត ដោយបើមិនឲ្យយឺតពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នោះទេ [.....]។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា «អ្នកខ្លះថា រាជរដ្ឋាភិបាលដាច់យៃ អស់លុយ បានទៅបោះពុម្ពក្រដាស់ប្រាក់២០ម៉ឺនរៀល តែមែនទែនទៅក្រដាសប្រាក់២០ម៉ឺនរៀលនេះ គឺយើងបោះពុម្ភដើម្បីអបអរសារទរពិធី ឡើងគ្រងរាជ្យគ្រប់២០ព្រះវស្សារបស់ព្រះមហាក្សត្រប៉ុណ្ណោះ ប្រសិនជាយើងដាច់យ៉ៃពិតប្រាកដមែន ម្លេះក្រដាសប្រាក់២០ម៉ឺនរៀលដែលបានបោះពុម្ពនោះ នឹងចរាចរពេញទីក្រុងទៅហើយ តែជាក់ស្ដែងមិនមានក្រដាស់២០ម៉ឺនរៀលចរាចរនោះទេ។ ខ្ញុំសូមជម្រាបជូនថា ប្រសិនបើគេចង់បោះពុម្ពក្រដាសប្រាក់ ម្លេះគេមិនបោះពុម្ពក្រដាសប្រាក់២០ម៉ឺនរៀល ដែលពិបាកចាយនោះទេ ប្រាកដជាបោះពុម្ពក្រដាសប្រាក់តូចៗ ជាការស្រេចទៅហើយ តែនេះមិនមានការចាំបាច់ក្នុងការបោះពុម្ពនោះទេ»។
សម្តេចមហាបវរធិបតីបានបន្ដថា «ប្រសិនបើរដ្ឋអស់សាច់ប្រាក់ក្នុងរតនាគារ នោះគ្មានលទ្ធភាពណាមួយ ក្នុងការបើកប្រាក់ខែជូនមន្រ្ដីរាជការ លោកគ្រូ-អ្នកគ្រូ សម្រាប់ខែមេសា ឆ្នាំ២០២៥ ដែលជាការបើកប្រាក់ខែឌុប បើកប្រាក់ខែទាន់ពេលវេលា ព្រមទាំងប្រាក់ឧបត្ថម្ភមិនឲ្យដាច់ឡើយ យើងមិនកញ្ជើធ្លុះនោះទេ ការគ្រប់គ្រងថវិការ ការគ្រប់គ្រងប្រព័ន្ធថវិកាហិរញ្ញវត្ថុរបស់យើងគឺបានច្បាស់លាស់ណាស់»៕