(កណ្ដាល)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានអះអាងដោយលើកឡើងអំពីទិសដៅរបស់រាជរដ្ឋាភិបាល ដែលស្របជាមួយនឹងការចង់បានប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវគុណភាពអប់រំគ្រប់កម្រិតនៅក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការពង្រឹងគុណភាពអប់រំ និងការធ្វើទំនើបកម្មប្រព័ន្ធអប់រំនៅកម្ពុជា នឹងធ្វើឡើងជាបន្ដបន្ទាប់ និងជាជំហានតាមលទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងធ្វើបន្តិចម្ដងៗ តាមលទ្ធភាព ប៉ុន្តែទិសដៅតែប៉ុណ្ណឹង គឺទិសដៅពេលណាដែលលទ្ធភាពកាន់តែកើន យើងកាន់តែផ្ដល់ការអប់រំផ្នែកកម្រិតមធ្យម កម្រិតបឋមនេះឲ្យកាន់តែល្អ ហើយកម្រិតបឋមដែលខ្ញុំនិយាយនោះគឺ១២ឆ្នាំពីថ្នាក់បឋម ដល់ថ្នាក់ទី១២»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, បច្ចុប្បន្ននេះ មាន១១សាលា ដែលជាសាលាជំនាន់ថ្មី ហើយសាលាជំនាន់ថ្មីនេះ គឺជារូបមន្តជោគជ័យមួយ ដែលរដ្ឋ និងសហគមន៍រួមគ្នាជួយទៅដល់សាលា ដើម្បីបង្រៀនដល់សិស្សានុសិស្ស។ សម្ដេចបន្ដទៀតថា បច្ចុប្បន្នក្រសួងអប់រំ យុវជន និងកីឡា កំពុងសាកល្បងកម្មវិធីមួយចំនួន ដើម្បីវិនិយោគបន្ថែមទៅលើការបង្រៀនក្រៅម៉ោង ឬបន្ថែមម៉ោងបង្រៀន។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានអះអាងថា សម្រាប់សាលាជំនាន់ថ្មីទាំង១១នេះ គឺរាជរដ្ឋាភិបាលចំណាយថវិកាជាង១លានដុល្លារក្នុងមួយសាលា ដើម្បីពង្រឹងគុណភាពអប់រំ តាមរយៈសាលាជំនាន់ថ្មីនេះ។ សម្ដេចបញ្ជាក់ថា ការធ្វើទំនើបកម្មមិនត្រឹមតែអគារសិក្សានោះទេ តែក៏ត្រូវធ្វើទំនើបកម្មសម្ភារសិក្សា និងបរិយាកាសសិក្សាផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដថា ការអប់រំត្រូវពង្រឹងតាំងពីថ្នាក់តូចឡើងទៅ បូករួមទាំងការបញ្ចូលបច្ចេកវិទ្យាផងដែរ ដោយក្នុងនោះសម្ដេចជំរុញឲ្យបន្ដពង្រឹងការសិក្សានៅថ្នាក់ចំណេះដឹងទូទៅ ព្រោះបើការសិក្សា១២ឆ្នាំ នៃសាលាចំណេះដឹងទូទៅបានល្អ ជាទុនដ៏ប្រសើរសម្រាប់ថ្នាក់ឧត្តមសិក្សា៕