(កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការអប់រំសីលធម៌ និង​គោរព​វិន័យ ជាកិច្ចការដ៏សំខាន់សម្រាប់សិស្សតូចៗ ដែលទាមទារឱ្យមានការចូលរួមពីឪពុកម្ដាយ អាណាព្យាបាល និងលោកគ្រូអ្នកគ្រូ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូនេះ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលដទៃទៀតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល ។

ថ្លែងទៅកាន់អង្គពិធីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សម្រាប់សិស្សសិក្សានៅបឋមសិក្សា លោកគ្រូ អ្នកគ្រូ ត្រូវបង្ហាញពីវិន័យល្អដល់ពួកគាត់ ប្រសិនជាចង់ឱ្យពួកគាត់គោរពពេលវេលា លុះត្រាតែលោកគ្រូអ្នកគ្រូគោរពពេលវេលា បើចង់​ឱ្យពួកគាត់មានអនាម័យ ទាល់តែលោកគ្រូអ្នកគ្រូបង្ហាញសកម្មភាពមានអនាម័យដល់ពួកគាត់ដែរ ដែលនេះហើយគឺជាការរៀនក្នុងការដឹកនាំ»។​

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អភិបាលកិច្ចគឺជាកិច្ចការសំខាន់ ដែលមានដូចជា (១) ការចាត់តាំង ការពង្រឹងថ្នាក់ដឹកនាំនៅក្នុងសាលា ដូចជានាយក នាយករង មន្ត្រី រួមទាំងបុគ្គលិកទាំងអស់ គឺត្រូវឥរិយាបថ​មួយដែលសិស្សមើលតាម និង(២) ការពិនិត្យកែសម្រួលកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងស្របតាមកម្មវិធី ក្នុងការពង្រឹងចំណេះដឹងវិស័យសីលធម៌ និងឥរិយាបថ។

ជាមួយគ្នានេះសម្តេច បានគូសបញ្ជាក់ថា «ខ្ញុំចុះទៅជួបជាមួយលោកគ្រូអ្នកគ្រូ ឪពុកម្ដាយ ខ្ញុំសួរទាំងពេលខ្ញុំចុះទៅកំពង់ឆ្នាំង និងកំពង់ស្ពឺ អ្នកកំពង់ឆ្នាំងថា កូនគាត់ពីយប់គេរៀបចំកាតាបឱ្យហើយ បើពីមុនវិញអត់ទេ[..] ព្រឹកឡើងងើបមកបត់ភួយ រៀបចំខ្នើយ ចេញពីផ្ទះចេះសំពះលាឪពុកម្ដាយ ឥរិយាបថតូចៗនេះ កុំគិតថាមិនសំខាន់នេះហើយគឺជាវិន័យ»

ត្រង់ចំណុចនេះសម្តេចនាយករដ្ឋមន្ត្រី បានចែករំលែកនូវបទពិសោធន៍របស់សម្តេច កាលសិក្សានៅសាលាយោធាអាមេរិក ឆ្នាំដំបូង គឺគេបង្រៀនឱ្យយកចិត្តទុកដាក់លើកិច្ចការតូចៗ បូករួមពីការបត់ភួយឡើងទៅ។
ដោយសម្តេចបានថ្លែងដូចនេះថា ចូលឆ្នាំទីមួយ ពេលព្រឹកគេឱ្យរៀបពូក រៀបស្បែកជើងកុំឱ្យមានស្អីទាំងអស់ ហើយខ្នើយត្រូវបត់តាមជ្រុងរបស់គេ បត់ខុសបន្តិចក៏ពិន័យ ហើយខោអាវដាក់ព្យួរ ខុសតែលំដាប់លំដោយក៏ត្រូវពិន័យ ខុសតែចន្លោះព្យួរមួយៗខុសគ្នាបន្តិច ក៏ត្រូវពិន័យ គឺគេបង្រៀនឱ្យចេះមើលការងារតូចៗឱ្យមត់ចត់ ព្រោះរឿងតូចៗហ្នឹងអាចបង្កបញ្ហា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មេរៀននៅក្នុងសាលាយើងអាចនឹងភ្លេច តែឥរិយាបថដែលគ្រូបង្រៀនយើងមិនដែលភ្លេចនោះទេ ការស្មោះត្រង់ ការចេះជួយគ្នា ពេលធ្វើខុសយើងត្រូវពិន័យ គឺយើងចាំវិន័យ៕