(ភ្នំពេញ)៖ គម្រោងភ្ជាប់បំពង់មេនាំទឹកឆៅ ដោយពុំផ្តាច់ការផ្គត់ផ្គង់ទឹកស្អាត ក្រោមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថល ក្នុងតំបន់ទីប្រជុំជនរាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ជាផ្លូវការ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។
ពិធីភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាតនេះ រៀបចំឡើងក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក UENOAtsushi ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា។
គម្រោងសាងសង់សង់ស្ថានីយបូមទឹកឆៅកោះនរា គឺជាស្ថានីយបូមទឹកឆៅថ្មី ដើម្បីជំនួសស្ថានីយបូមទឹកឆៅក្ដីតាកុយ ដែលទទួលផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍កោះនរាថ្មី របស់ក្រុមហ៊ុនអូរវើស៊ី ខេមបូឌាន អ៊ិនវេសមេន ខបភើរេសិន (OCIC)។
គម្រោងនេះនឹងរួមបញ្ចូលសេវាទីប្រឹក្សាបច្ចេកទេស ការសាងសង់ស្ថានីយ៍បូមទឹកឆៅដែលមានសមត្ថភាពសរុប ៤៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ (ដែលរួមបញ្ចូលសមត្ថភាពមានស្រាប់របស់ស្ថានីយ៍បូមទឹកឆៅក្តីតាកុយចំនួន ២៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងសមត្ថភាពថ្មី ២០០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ) ការដំឡើងប្រព័ន្ធអេឡិចត្រូមេកានិក សម្ភារបរិក្ខារ និងបំពង់មេនាំទឹកឆៅទំហំមុខកាត់ ១.៤០០មម ចំនួន២ខ្សែប្រវែង ១.៦០០ម៉ែត្រ។
តាមការសិក្សាកន្លងមក ការតភ្ជាប់បំពង់មេនាំទឹកឆៅចេញពីស្ថានីយបូមទឹកឆៅថ្មី កោះនរា មកកាន់បំពង់មេនាំទឹកឆៅដែលមានស្រាប់ទំហំមុខកាត់ ១.៦០០មម ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ ១ នេះ ចាំបាច់ត្រូវធ្វើការបញ្ឈប់ការផ្គត់ផ្គង់ទឹកស្អាតពីរោងចក្រផលិតទឹកស្អាតនិរោធ ដែលមានសមត្ថភាពផលិត ២៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃរយៈពេលប្រមាណមួយសប្ដាហ៍ ដែលនឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតប្រមាណជាង ៣០% នៃបរិមាណផលិតសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហើយនឹងប៉ះពាល់ទៅដល់អតិថិជនជាអ្នកប្រើប្រាស់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រមាណ ១ លាននាក់។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមជំនាញការជប៉ុន បានបានសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីរិះរកវិធីសាស្ត្រ បញ្ជៀសការកាត់ផ្តាច់សេវា ឬបញ្ឈប់ដំណើរការរោងចក្រផលិតទឹកស្អាត នៅពេលអនុវត្តការតភ្ជាប់នេះ។ ជាលទ្ធផល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលការគាំទ្រផ្នែកបច្ចេកទេស និងសម្ភារ តាមរយៈគម្រោងភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។
លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រសាសន៍ថា នេះជាលើកទី១ក្នុងប្រវត្តិសាស្រ្ត ដែលកម្ពុជាអាចតភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត សម្រាប់បំពង់ដែលមានមុខកាត់ធំបែបនេះ។ ប្រព័ន្ធបច្ចេកវិទ្យាតភ្ជាប់ដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាតនេះ នឹងធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹកស្អាតជូនអតិថិជនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ព្រមទាំងនិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ផលិតកម្ម និងសេវាកម្មនានា ដែលត្រូវការទឹកស្អាត បន្ថែមលើតម្រូវការសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ គម្រោងនេះក៏បង្ហាញពីការរួមចំណែករបស់ក្រុមហ៊ុន OCIC ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយក្រុមហ៊ុនបានសាងសង់ជំនួសមកវិញនូវស្ថានីយបូមទឹកឆៅមួយ ដែលមានសមត្ថភាពលើសពីស្ថានីយបូមទឹកឆៅក្ដីតាកុយ។”
លោកបន្តថា «ដំណើរទស្សនកិច្ចនៅការដ្ឋានស្ថានីយបូមទឹកឆៅថ្មីកោះនរា និងបើកការដ្ឋានគម្រោងភ្ជាប់បំពង់មេនាំទឹកឆៅ ដោយពុំផ្តាច់ការផ្គត់ផ្គង់ទឹកស្អាត ជាសក្ខីភាពដ៏សំខាន់ដែលបង្ហាញពីចំណងមិត្តភាព ដ៏ជ្រាលជ្រៅរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុនក្នុងការជួយគាំទ្រ ដល់តម្រូវការចាំបាច់ក្នុងការអភិវឌ្ឍន៍នៅកម្ពុជា ព្រមទាំងបានបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងកោះនរា»៕