(ភ្នំពេញ)៖ លោក Bun Park ជាបុគ្គលពូកែទ្រឹស្តីនៅតាមបណ្តាញសង្គម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានចូលខ្លួនមកបំភ្លឺតាមការហោះហៅរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពន្យល់អំពីអត្ថន័យ នៃពាក្យ «សន្ដិភាព»។
ក្នុងការចូលបំភ្លឺនោះ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ចំណុះផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានពន្យល់អំពីអត្ថន័យនៃពាក្យ «សន្ដិភាព» ហើយក៏បានធ្វើកិច្ចសន្យាជាមួយលោក Bun Park ឲ្យបញ្ឈប់បង្ហោះព័ត៌មានបំភ្លៃការពិត នៅលើបណ្ដាញទំនាក់ទំនងសង្គមតទៅទៀត។
ក្រោយពីសមត្ថកិច្ចជំនាញ បានសាកសួររួចរាល់ ក៏បានអនុញ្ញាតឲ្យ លោក Bun Park ត្រឡប់ទៅកាន់គេហដ្ឋានវិញ។
ក្រោយបញ្ចប់ការសួរនាំ និងពន្យល់ពាក្យ «សន្តិភាព» រួចមក នៅពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ លោក ប៊ុន ផាក ក៏បានបង្ហោះខ្លឹមសារនៅតាមបណ្តាញសង្គមដោយ កោតសសើរ នូវការអនុវត្តនីតិវិធីប្រកបដោយវិជ្ជាជីវៈ របស់មន្ត្រីនគរបាលយុត្តិធម៌ ដែលបានផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងឈរលើគោលការណ៍យុត្តិធម៌ តម្លាភាព និងគណនេយ្យភាព។
លោកបានបញ្ជាក់ថា «ខ្ញុំបាទបានយល់ដឹងកាន់តែទូលំទូលាយពីអត្ថន័យពាក្យថា «សន្តិភាព» គឺទទួលបានយ៉ាងលំបាក ដោយមានការលះបង់សាច់ស្រស់ឈាមស្រស់ពីសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនរូប និងការពលីរបស់ទាហាន និងប្រជាពលរដ្ឋជាច្រើន ទើបអាចទាមទារបានសន្តិភាពយ៉ាងលំបាក។ ខ្ញុំយល់ពីគុណតម្លៃពី «សន្តិភាព» មិនអាចកាត់ថ្លៃបានទេ និងសូមខ្ញុំអគុណសន្តិភាព នឹងចូលរួមថែរក្សាតម្លៃនៃសន្តិភាព ឱ្យខានតែបាន គ្រប់មធ្យោបាយទាំងអស់»។
លោក ប៊ុន ផាក បានឃើញពីសកម្មភាពរបស់សមត្ថកិច្ចអនុវត្ត ទៅលើកិច្ចការស្រាជ្រាវបង្ការ បង្ក្រាបបទល្មើសយ៉ាងសកម្ម និងមានប្រសិទ្ធភាព ដើម្បីបន្តផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ដល់ភ្ញៀវទេសចរបរទេស និងអ្នកវិនិយោគ ឱ្យពួកគាត់មានការជឿជាក់ពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងប្រទេសកម្ពុជា ហើយធ្វើឱ្យប្រទេសកម្ពុជា កាន់តែមានមុខមាត់ល្អប្រសើរ លើឆាកអន្តជាតិ។
លោកថា «ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាយល់ពីតម្លៃសន្តិភាព និងស្ថេរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់ខ្ពស់របស់នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត។ អរគុណសន្តិភាព»៕