(សៀមរាប)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥កន្លងទៅ ចំនួន៧៣គ្រួសារ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្នុងនោះដែរ ពលរដ្ឋដែលរងគ្រោះ ទាំង៧៣គ្រួសារ មកពីឃុំចំនួន៧ រួមមាន៖ ១- ឃុំអំពិល៖ ២៩ខ្នង (រលំចំនួន៥ខ្នង និងប៉ះពាល់ធ្ងន់ចំនួន២៤ខ្នង) ២- ឃុំបាគង៖ ១៨ខ្នង (រលំចំនួន៧ខ្នង និងប៉ះពាល់ធ្ងន់ចំនួន១១ខ្នង) ៣- ឃុំកណ្ដែក៖ ៩ខ្នង (រលំចំនួន១ខ្នង និងប៉ះពាល់ធ្ងន់ចំនួន៨ខ្នង) ៤- ឃុំមានជ័យ៖ ៧ខ្នង (រលំចំនួន១ខ្នង និងប៉ះពាល់ធ្ងន់ចំនួន៦ខ្នង) ៥- ឃុំរលួស៖ ២ខ្នង (រលំចំនួន១ខ្នង និងប៉ះពាល់ធ្ងន់ចំនួន១ខ្នង) និងរបួសធ្ងន់២នាក់។ ៦- ឃុំកំពង់ភ្លុក៖ ៤ខ្នង (ប៉ះពាល់ធ្ងន់ចំនួន៤ខ្នង) និង៧- ឃុំត្រពាំងធំ៖ ២ខ្នង (រលំចំនួន១ខ្នង និងប៉ះពាល់ធ្ងន់ចំនួន១ខ្នង)។

ថ្លែងក្នុងឱកាសនោះ លោកស្រី ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចកាលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ លោកយាយ លោកតា អ៊ំពូមីង និងប្រជាពលរដ្ឋដែលរងគ្រោះ ព្រមទាំងជនងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកស្រីបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះ លោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ក្រុមការងារ ដើម្បីចុះពិនិត្យជាបន្តបន្ទាប់ និងរៀបចំអំណោយមនុស្សធម៌ ដើម្បីចែកដល់ជូនបងប្អូននាពេលនេះ និងសម្រាប់ស្រុកភូមិផ្សេងៗទៀតជាបន្តបន្ទាប់។ លោកស្រីក៏បានសម្តែងនូវការសោកស្តាយចំពោះការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

លោកស្រី ទុយ ជិ បន្ថែមថា ដ្បិតអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខូចខាតរបស់បងប្អូនក៏ពិតមែន តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេស គឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»

លោកស្រីក៏បានអំពាវនាវដល់្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះផ្គរលាន់ រន្ទះ និងខ្យល់កន្រ្តាក់ ដែលនឹងកើតមានឡើងក្នុងរដូវនេះ។ ម្យ៉ាងវិញទៀត សុខភាពក៏ជារឿងមួយសំខាន់ផងដែរ ទាំងសុខភាពផ្ទាល់ខ្លូន ក៏ដូចជាសុខភាពកូនចៅផង បើឃើញសភាពមិនស្រួល ត្រូវប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតផ្ទះបំផុត ដើម្បីពិគ្រោះ និងព្យាបាលបានទាន់ពេលវេលា។

លោកស្រីបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ រាល់ពេលធ្វើដំណើរលើដងផ្លូវ សូមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារសុវត្ថិភាពខ្លួនយើង និងក្រុមគ្រួសារយើង ព្រមទាំងអ្នកដទៃផងដែរ។

អំណោយមនុស្សធម៌ដែលផ្ដល់ជូន រួមមាន៖ ក្នុង១គ្រួសារទទួលបាន៖

- គ្រួសាររលំផ្ទះ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស័ង្កសី១៦សន្លឹក និងថវិកា១៥ម៉ឺនរៀល។
- គ្រួសារប៉ះពាល់ធ្ងន់៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស័ង្កសី១០សន្លឹក និងថវិកា៥ម៉ឺនរៀល។
- ជនរងរបួស៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម និងថវិកា២០ម៉ឺនរៀល៕