(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ លោក អ៉ិត រ៉ាឌី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានចូលរួមជាអធិបតីក្នុងពិធីបើកកម្មវិធី «ការប្រកួតវាយសីពានរង្វាន់វិស័យយុត្តិធម៌លើកទី៧» ដែលប្រព្រឹត្តទៅក្នុង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ រហូត ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅទីតាំង បុរី អ & អេហ្វ ស៊ីធី ផ្លូវ៦០ម៉ែត្រ។
ការប្រកួតវាយសីពានរង្វាន់វិស័យយុត្តិធម៌នេះ គឺជាប្រកួតលើកទី៧ បន្ទាប់ពីមានការប្រកួតលើកទី១ នៅឆ្នាំ២០១៩ លើកទី២ ឆ្នាំ២០២០ លើកទី៣ ឆ្នាំ២០២១ លើកទី៤ នៅឆ្នាំ២០២២ លើកទី៥ នៅឆ្នាំ២០២៣ និងលើកទី៦ ឆ្នាំ២០២៤ ដោយមានសមាសភាពចូលរួមប្រកួតពីសំណាក់ កីឡាករ កីឡាការនី ដែលជាសមាជិក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង មេធាវី ក្រឡាបញ្ជី និងមន្ត្រីតុលាការ ដែលសុទ្ធសឹងតែជាអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យ ច្បាប់ មានចំនួនប្រមាណ ៤០០រូប បានចូលរួមដាក់ពាក្យប្រកួតប្រជែងដណ្តើម ពានរង្វាន់។
ការប្រកួតវាយសីវិស័យយុត្តិធម៌នេះជាព្រឹត្តការណ៍កីឡាដ៏ធំប្រចាំឆ្នាំមួយ ក្នុងចំណោមព្រឹត្តការណ៍កីឡា ធំៗចំនួន ០២ ក្នុងវិស័យយុត្តិធម៌ ដែលរៀបចំដោយក្រុមកីឡាសេនាយុត្តិធម៌ ដែលមានការចូលរួមដ៏ច្រើនចុះករពី អ្នកច្បាប់ អ្នកអនុវត្តច្បាប់ ទូទាំងប្រទេស។ កីឡាករ កីឡាការនី ដែលចូលរួមនៅក្នុងការប្រកួតខាងលើនេះ ត្រូវ ប្រកួតដណ្តើមពានរង្វាន់ដូចជា៖ ពានរង្វាន់ជ័យលាភី, ពានកិត្តិយស, ពានរង្វាន់ ALL STAR ពានរង្វាន់ កិត្តិយស ALL STAR, ពានរង្វាន់ Mix Double ពានរង្វាន់មិត្តភាព, ពានរង្វាន់មិត្តភាព ALL STAR និងពាន រង្វាន់អនុស្សាវរីយ៍។
លោក សេង ប៊ុនយាង ប្រធានគណៈកម្មការរៀបចំការប្រកួតវាយសី ពានរង្វាន់វាយសីវិស័យយុត្តិធម៌ បានលើកឡើងថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង៖
*ទី១៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសបើកយុទ្ធនាការជាតិផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣ កន្លងទៅ គឺ «ប្រជាជនម្នាក់ លេងកីឡាមួយមុខ»។
*ទី២៖ ដើម្បីចូលរួមពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាពយ៉ាងជិតស្និត រវាងកីឡាករ កីឡាការិនី ដែលសុទ្ធសឹងតែជាអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យច្បាប់។
*ទី៣៖ ដើម្បីចូលរួមចំណែកក្នុងការពង្រឹង និងថែរក្សាសុខភាពរបស់កីឡាករ កីឡាការិនី។
*ទី៤៖ ដើម្បីចូលរួមចំណែកលើកកំពស់ការអភិវឌ្ឍវិស័យកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការប្រកួតក្នុងរយៈពេល៣ថ្ងៃនេះ គឺមានអ្នកចូលរួមប្រកួតពានរង្វាន់ជ័យលាភីចំនួន ៥១គូ, ពានរង្វាន់ ALL STAR ចំនួន ៧៥គូ, ពានរង្វាន់ Mix Double ចំនួន ២០គូ, ពានរង្វាន់មិត្តភាពសម្រាប់កីឡាករដែលមាន អាយុចាប់ពី ៤៨ឆ្នាំឡើងទៅ ចំនួន ១៦គូ, ពានរង្វាន់មិត្តភាព ALL STAR ចំនួន ១២គូ និងពានរង្វាន់អនុស្សាវរីយ៍សម្រាប់កីឡាករក្នុងវិស័យយុត្តិធម៌ និងកីឡាករមហាជន ចំនួន១០គូ។
លោក អ៉ិត រ៉ាឌី មានប្រសាសន៍ថ្លែងកោតសរសើរក្រុមសេនាយុត្តិធម៌ និងគណៈកម្មការរៀបចំ ការប្រកួត វាយសីវិស័យយុត្តិធម៌ ដែលអាចប្រមូលផ្តុំ កីឡាករ កីឡាការនី វាយស៊ីក្នុងវិស័យយុត្តិធម៌ ពីគ្រប់ទិសទី ឱ្យមកប្រមូលផ្តុំគ្នាចូលរួមប្រកួតប្រជែងគ្នាសមត្ថភាពគ្នាក្នុងកម្មវិធីនាពេលនេះ។
គណៈអធិបតីបានផ្តាំ ផ្ញើដល់អ្នកចូលរួមទាំងអស់ពិសេសកីឡាករ កីឡាការិនី ឱ្យប្រកួតដោយយកក្រមសីលធម៌កីឡាជាគោល ពោល គឺកុំយកការចាញ់ឈ្នះជាគោល។ ឯកឧត្តមបន្ថែមថាការប្រកួតតែងមានចាញ់ មានឈ្នះ តែសម្រាប់កីឡាពុំមាន ចាញ់ឈ្នះទេ មានតែអ្នកឈ្នះជានិច្ច ពោលគឺអ្នកចាញ់ការប្រកួតទទួលបាននូវបទពិសោធន៍ថ្មីពីអ្នកឈ្នះ ហើយ អ្នកឈ្នះក៏ទទួលបានបទពិសោធន៍ពីអ្នកចាញ់ដែរ។
ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថាទាំងអ្នកឈ្នះ និងអ្នកចាញ់ក្នុងការប្រកួតទទួលបាននូវជ័យជំនះដូចគ្នា គឺមិត្តភាព ភាតរភាពនិងសុខភាព។ លោក បានរំលេចឡើងថាយើងមានពេលលេងកីឡាប្រកួតវាយសីបែបនេះក៏ ដោយសារប្រទេសយើងមានសន្តិភាពដែរពោលគឺ កីឡារស់ក្នុងសន្តិភាព៕