(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ពិធីសែនក្រុងពាលីដើម្បីបុកគ្រឹះសាងសង់អគារអធិការដ្ឋានខណ្ឌកំបូល បានរៀបចំឡើងដើម្បីសម្រួលដល់កងកម្លាំងក្នុងការស្នាក់នៅបំពេញភារកិច្ច ពង្រឹងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ មានកន្លែងទុកមធ្យោបាយបទល្មើស និងកន្លែងឃុំខ្លួនបណ្ដោះអាសន្ន។

ពិធីនោះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ដោយមានការនិមន្តពីព្រះសិរីកោសល សុំ សុខា ព្រះអនុណគណខណ្ឌកំបូល និងជាចៅអធិការវត្តភ្នៀតសិម្ពលី ព្រះគ្រូរតនធរោ អ៊ុំ ញាញ ចៅអធិការវត្តទួលឪជ្រឹង «ហៅទ្រនំជ្រឹង» និងចូលរួមពីលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលការងារដឹកនាំអធិការដ្ឋាននគរបាលខណ្ឌកំបូល តំណាងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមជាមួយលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល អភិបាលរងនិងអធិការរង នាយកផ្នែក នាយប៉ុស្តិ៍ ព្រមទាំងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀតផងដែរ។

លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ បានឲ្យដឹងថា ទីតាំងសាងសង់អគារអធិការដ្ឋាន នគរបាលខណ្ឌកំបូល ស្ថិតនៅភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ មានទំហំផ្ទៃដី៥០០០ម៉ែត្រការ៉េ ការសាងសង់អគារនេះ ដើម្បីសម្រួលដល់ កងកម្លាំងក្នុងការស្នាក់នៅបំពេញភារកិច្ច ពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ មានកន្លែងទុកមធ្យោបាយបទល្មើស និងកន្លែងឃុំខ្លួនបណ្ដោះអាសន្ន។

លោក ហុង ពិសិដ្ឋ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រី នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល អស់លោក លោកស្រី សប្បុរសជននានាដែលបានជួយឧបត្ថម្ភជាបន្តបន្ទាប់៕