(បាត់ដំបង)៖ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២៥ ដោយមានការឧបត្ថម្ភមូលនិធិពី គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមខេត្តបាត់ដំបង បានបើកវគ្គបណ្តុះបណ្តាល ស្តីអំពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព,ការជួញដូរមនុស្ស, មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម និងវិជ្ជាសង្គ្រោះបឋម ជូនអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ដែលអញ្ជើញមកពីឃុំចំនួន៧ នៃស្រុកសំឡូត សរុប ២៥នាក់ (ស្រី៥នាក់)។
វគ្គបណ្តុះបណ្តាល មានការអញ្ជើញចូលជាអធិបតីភាពបើកដោយ លោក តុល ភន ប្រធានគណៈកម្មាធិការអនុសាខាស្តីទី ស្រុកសំឡូត និងប្រតិភូ អាយ.ស៊ី.អរ.ស៊ី ប្រចាំកម្ពុជា។
វគ្គបណ្តុះបណ្តាល បានរៀបចំធ្វើឡើងក្នុងគោលបំណងបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា តាមសហគមន៍ឱ្យមានការយល់ដឹងអំពីគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ធ្វើចំណាកស្រុកទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស និងការជួញដូរមនុស្ស ក្នុងបំណងកេងប្រវ័ញ្ច កម្លាំងពលកម្ម បម្រើកិច្ចការផ្ទះ កេងប្រវ័ញ្ចផ្លូវភេទ បង្ខំឱ្យដើរសុំទានបង្ខំឱ្យរៀបការ ការដកហូតអវៈយវៈជាដើម និងវិជ្ជាសង្គ្រោះបឋម និងបញ្ជ្រាបការយល់ដឹង ពីយុទ្ធភណ្ឌគ្រឿងផ្ទុះសំណល់ ពីសង្គ្រាម កុំឱ្យប្រថុយជីវិតនឹងមុខរបរចិញ្ចឹមគ្រួសារ ដូចជាការភ្ជួររាស់លើដីដែលមិនស្គាល់ច្បាស់ ឬលើកផ្លាស់ទីតាំងយុទ្ធភណ្ឌគ្រឿងផ្ទុះចេញពីផ្លូវគ្រឿងចក្រ ដើម្បីចូលរួមលើកកម្ពស់សេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ៕