(សៀមរាប)៖ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកស្រី ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលកើតឡើងកាលពីរសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង ចំនួន៧៣គ្រួសារ មកពី ៧ឃុំ
ឃុំទាំងនេះមាន៖ ឃុំអំពិល ២៩ខ្នង ក្នុងនោះ រលំចំនួន៥ខ្នង និងប៉ះពាល់ធ្ងន់ចំនួន២៤ខ្នង ឃុំបាគង ១៨ខ្នង ក្នុងនោះ រលំចំនួន ៧ខ្នង និងប៉ះពាល់ធ្ងន់ចំនួន១១ខ្នង ឃុំកណ្ដែក ៩ខ្នង ក្នុងនោះ រលំចំនួន១ខ្នង និងប៉ះពាល់ធ្ងន់ចំនួន៨ខ្នង ឃុំមានជ័យ ៧ខ្នង ក្នុងនោះ រលំចំនួន១ខ្នង និងប៉ះពាល់ធ្ងន់ចំនួន៦ខ្នង ឃុំរលួស ២ខ្នង ក្នុងនោះ រលំចំនួន ១ខ្នង និងប៉ះពាល់ធ្ងន់ចំនួន១ខ្នង និងរបួសធ្ងន់២នាក់ ឃុំកំពង់ភ្លុក ៤ខ្នង ក្នុងនោះ ប៉ះពាល់ធ្ងន់ចំនួន៤ខ្នង និងឃុំត្រពាំងធំ ២ខ្នង ក្នុងនោះ រលំចំនួន១ខ្នង និងប៉ះពាល់ធ្ងន់ចំនួន១ខ្នង ពិធីចែកអំណោយនៅធ្វើនៅបរិវេណរដ្ឋបាលស្រុកប្រាសាទបាគង។
មានប្រសាសន៍នាឱកាសនោះ លោកស្រី ទុយ ជិ ប្រាក់សោភ័ណ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចកាលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកជំទាវបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ក្រុមការងារ ដើម្បីចុះពិនិត្យជាបន្តបន្ទាប់ និងរៀបចំអំណោយមនុស្សធម៌ជូនបងប្អូន នាពេលនេះ និងសម្រាប់ស្រុកភូមិសាស្ត្រផ្សេងៗជាបន្តបន្ទាប់ដែរ។
ក្នុងឱកាសនេះដែរ លោកស្រី បានសម្តែងនូវការសោកស្តាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ លោកស្រី បានបន្តថា ដ្បិតអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខូចខាតរបស់បងប្អូនក៏ពិតមែន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
លោកស្រី ក៏បានអំពាវនាវ សូមបងប្អូនមានការប្រុងប្រយ័ត្ន ចំពោះផ្គរលាន់ រន្ទះ និងខ្យល់កន្រ្តាក់ ដែលនឹងកើតមានឡើងក្នុងរដូវនេះ។ ម្យ៉ាងវិញទៀត សុខភាពជារឿងសំខាន់ណាស់ ទាំងសុខភាពផ្ទាល់ខ្លូន ក៏ដូចជាកូនចៅផង បើឃើញសភាពមិនស្រួលត្រូវប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះបំផុត ដើម្បីឆាប់បានពិគ្រោះ និងព្យាបាលបានទាន់ពេលវេលា។ លើសពីនេះលោកស្រី បានក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋទាំងអស់ថា រាល់ពេលធ្វើដំណើរលើដងផ្លូវសូមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពខ្លួនយើង ក្រុមគ្រួសារយើង និងអ្នកដទៃផងដែរ។
អំណោយមនុស្សធម៌បានផ្ដល់ជូនក្នុង ១គ្រួសារ ទទួលបាន គ្រួសាររលំផ្ទះ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស័ង្កសី១៦សន្លឹក និងថវិកា១៥ម៉ឺនរៀល និងគ្រួសារប៉ះពាល់ធ្ងន់៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស័ង្កសី១០សន្លឹក និងថវិកា៥ម៉ឺនរៀល ហើយជនរងរបួស មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ ១យួរ អំបិល១គីឡូក្រាម និងថវិកា២០ម៉ឺនរៀល៕