(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ការផ្តល់ឈាម គឺជាការធ្វើអំពើល្អ ដែលជាការជួយសង្គ្រោះជីវិតមនុស្ស រាប់លាននាក់។

ការលើកឡើងបែបនេះរបស់ លោកសាស្រ្តាចារ្យ ឈាង រ៉ា បានធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ក្នុងពិធីបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក មន្ទីរពេទ្យកាល់ម៉ែត ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិត»។ ពិធីនេះមានការនិមន្ដចូលរួមពី ព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព វជិរប្បញ្ញោ ព្រះធម្មធរគណ លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធីឯ.ក. (វីតាល់) ព្រមទាំងមន្ត្រីរាជការ បុគ្គលិកនៃមន្ទីរកាល់ម៉ែត និងសិស្សនិស្សិតជាច្រើននាក់។

លោកសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងយ៉ាងដូច្នេះថា៖ «កម្មវិធីក្នុងនាពេលនេះ គឺជាការបង្ហាញពីទឹកចិត្តការស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិត ទៅកាន់អ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់របស់មន្ត្រីសុខាភិបាលទាំងមូល។ អ្នកផ្តល់ឈាមទាំងអស់ គឺជាវីរបុរស ហើយការផ្តល់ឈាម គឺជាការធ្វើអំពើល្អ ជាការជួយសង្គ្រោះជីវិតមនុស្ស ហើយមានមនុស្សរាប់លាននាក់បានធ្វើអំណោយ ឈាមដែលសកម្មភាពនេះ បានបង្ហាញឱ្យឃើញនូវការសហការគ្នា សាមគ្គីភាពជាធ្លុងមួយរបស់មន្ត្រីសុខាភិបាល ដើម្បីជាផ្នែកមួយក្នុងការពង្រឹងវិស័យសុខាភិបាល នៅព្រះរាជាណាចក្រកម្ពុជា»

លោកសាស្រ្តាចារ្យ បានថ្លែង និងកោតសរសើរដោយស្មោះ ចំពោះការយកចិត្តទុកដាក់និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្មគ្រចិត្តនាពេលនេះ ដែលស្របពេលនិងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែរ នឹងឈានមកដល់នាប៉ុន្មានថ្ងៃខាងមុខ ដូចនេះបរិច្ចាគឈាមនាពេលនេះ គឺជាកុសលដ៏ថ្លៃថ្លានាឆ្នាំថ្មី ដែលជាទំនៀមទម្លាប់យើងទៅ បុណ្យនៅទីអារាមនានា បុន្តែការបរិច្ចាគឈាមនាពេលនេះមិនត្រឹមតែការធ្វើបុណ្យកម្រិតធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាការធ្វើបុណ្យកម្រិតខ្ពស់ ដែលព្រះសង្ឈដីការរបស់ព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព បានលើកឡើងកាលពីឆ្នាំ២០២៤នៅទីនេះផងដែរ។ លោកបានថ្លែងអំណរគុណចំពោះ សប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាមទាំងអស់ ដែលបានផ្តល់ឈាមកំពុងផ្តល់ឈាម និងបន្តផ្តល់ឈាមដោយទៀងទាត់ជារៀងរាល់ឆ្នាំដើម្បីជួយជីវិតមនុស្ស។

បន្ថែមពីនេះ រដ្ឋមន្ត្រីក៏សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋជាចម្បង និងសូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ បំផុតជូនចំពោះ សម្តេចធិបតី ដែលជាសប្បុរសជនបរិច្ចាគឈាមទៀងទាត់ ជាគំរូសម្រាប់យុវជន កងទ័ព និងប្រជាពលរដ្ឋទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចបានចាត់ទុក «ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្រ្គោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា»។

ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ គង់ សន្យា បានបន្ដថា នេះគឺជាលើកទី១១ហើយ ដែលមន្ទីរពេទ្យកាល់ម៉ែត តែងតែរៀបចំកម្មវិធីបរិច្ចាគឈាមជារៀងរាល់ឆ្នាំរហូតមក កម្មវិធីថ្ងៃនេះក៏នឹងមានការចូលរួមបរិច្ចាគឈាម ពីថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យកាល់ម៉ែត និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រួមទាំងបងប្អូនសប្បុរសជននានា ដែលជាក្រុមគ្រួសារ និងសាច់ញាតិរបស់អ្នកជំងឺដែលកំពុងសម្រាកក្នុងមន្ទីរពេទ្យផងដែរ ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងទឹកចិត្តចូលរួមគាំទ្រក្នុងបុព្វហេតុជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺ បន្ថែមពីលើភារកិច្ចពិនិត្យព្យាបាល និងថែទាំអ្នកជំងឺ។

លោកសាស្ត្រាចារ្យ បានបន្ដទៀតថា នេះគឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់មន្ទីរពេទ្យកាល់ម៉ែត និងជំរុញលើកទឹកចិត្តឱ្យមន្ត្រីព្រមទាំងបុគ្គលិកសុខាភិបាល នៅតែបន្តខិតខំយ៉ាងខ្លាំងក្លា ចំពោះយកចិត្តទុកដាក់ពិនិត្យព្យាបាលជូនអ្នកជំងឺ ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពរឹតតែខ្ពស់បន្ថែមទៀត៕