(បាត់ដំបង)៖ គម្រោងភូមិសន្តិភាព ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រសួងអភិវឌ្ឍន៍ជនបទ (MRD) សហការជាមួយសហគ្រិនខ្មែរ (Khmer Enterprise) និងសាកលវិទ្យាល័យជាតិបាត់ដំបង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានបើកកម្មវិធីប្រកួតប្រជែងថ្នាលបណ្តុះអាជីវកម្មកែច្នៃអាហារ «Business Startup Launch Pad Food Edition» បញ្ឆេះស្មារតីសហគ្រិននៅក្នុងគម្រោងភូមិសន្តិភាពរបស់កម្ពុជា។

គម្រោងភូមិសន្តិភាព គឺជាជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ដែលមានថវិកាសរុបចំនួន ១០លានដុល្លារអាមេរិក កំពុងត្រូវបានអនុវត្តនៅទូទាំង ៣០ភូមិ ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន។ វាផ្តោតលើចំណុចស្នូលចំនួនបី៖ ការកែលម្អជីវភាពរស់នៅ ការលើកកម្ពស់ការបង្កើតប្រាក់ចំណូលប្រកប ដោយនិរន្តរភាព និងការពង្រឹងអភិបាលកិច្ចល្អ។

កម្មវិធីប្រកួតប្រជែងថ្នាលបណ្តុះអាជីវកម្មកែច្នៃអាហារ «Business Startup Launch Pad Food Edition» រួមចំណែកដោយផ្ទាល់ចំពោះគោលបំណងរបស់ គម្រោង ក្នុងការពង្រឹងសមត្តិភាពសហគមន៍មូលដ្ឋានតាមរយៈឱកាសក្លាយជាសហគ្រិន។ ការប្រកួតប្រជែងនេះបានទាក់ទាញសហគ្រិន ដែលមានឆន្ទះមុះមុតជាច្រើនក្រុម ជាមួយនឹងគំនិតច្នៃប្រឌិតផ្តោតលើការកែច្នៃម្ហូបអាហារ។ អ្នកចូលរួមនឹងឆ្លងកាត់ការបណ្ដុះបណ្ដាល ការណែនាំ និងជំនួយអភិវឌ្ឍន៍អាជីវកម្ម ដែលជំនួយទាំងនេះ នឹងទទួលបានតាមរយៈការបណ្តុះបណ្តាលមុនពេលប្រកួតប្រជែង។ កម្មវិធីនេះសង្កត់ធ្ងន់លើដំណោះស្រាយប្រកបដោយនិរន្តរភាព ដែលអាចរួមចំណែកដល់សន្តិសុខស្បៀង ការបង្កើតការងារ និងបង្កើនប្រាក់ចំណូលសម្រាប់សហគមន៍ជនបទ។

នាឱកាសនោះដែរ លោក Shin Younghwa នាយករងការិយាល័យកយការប្រចាំប្រទេសកម្ពុជា បានលើកឡើងថា យើងមានសេចក្តីរីករាយ ក្នុងការគំទ្រកម្មវិធី ដ៏មានសក្តានុពលនេះ ដែលកម្មវិធីនេះនឹងជួយឱ្យសហគ្រិនមានឧកាសបញ្ចេញសមត្តិភាព និងប្រើប្រាស់សក្តានុពលរបស់គេនៅក្នុងវិស័យម្ហូបអាហាររបស់កម្ពុជា។ លោកបានបន្ថែមថា «ទីភ្នាក់ងាកយកា (KOICA) ប្តេជ្ញាគាំទ្រគំនិតផ្តួចផ្តើមដែលជំរុញការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងផ្តល់ការពង្រឹងសមត្តិភាពដល់ សហគមន៍មូលដ្ឋាន។

លោក Shin Younghwa បានជឿជាក់ថាការប្រកួតប្រជែងនេះនឹងក្លាយជាកត្តាជំរុញសម្រាប់ការផ្លាស់ប្តូរគំនិត និងបង្កើតឱកាសសេដ្ឋកិច្ចក្នុងតំបន់ជនបទយូរអង្វែង»
ដើម្បីជំរុញគំនិតច្នៃប្រឌិតឱ្យក្លាយជាការពិត និងដើម្បីគាំទ្រដល់កំណើននៃការចាប់ផ្តើមអាជីវកម្មថ្មីៗ ទីភ្នាក់ងារកយកា បានប្រកាសថាក្រុម ដែលទទួលចំណាត់ថ្នាក់កំពូលទាំងបី នឹងទទួលបានប្រាក់រង្វាន់ចំនួន ៥,០០០ដុល្លារអាមេរិក។ ជំនួយផ្នែកហិរញ្ញវត្ថុនេះ នឹងក្លាយជាកំលាំងជំរុញយ៉ាងសំខាន់ ចំពោះសមត្ថភាពរបស់អ្នកទទួលជ័យលាភី ក្នុងការចាប់ផ្តើម និងពង្រីកអាជីវកម្មរបស់ពួកគេ។

បន្ថែមពីនេះ កម្មវិធីប្រកួតប្រជែងថ្នាលបណ្តុះអាជីវកម្មកែច្នៃអាហារ «Business Startup LaunchPad FoodEdition» តំណាងឱ្យចក្ខុវិស័យរួមគ្នានៃការកសាងសហគមន៍ដែលរីកចម្រើន និងមានភាពធន់។ កម្មវិធីនេះលើកទឹកចិត្តឱ្យអ្នកចូលរួមបង្កើតបណ្តាញវិជ្ជាជីវៈដ៏រឹងមាំ និងបន្តទំនាក់ទំនងជាមួយអ្នកជំនាញ គ្រូបណ្តុះបណ្តាល និងអ្នកពាក់ព័ន្ធ។ ការប្រកួតនេះត្រូវបាននឹងដំណើរការរយៈពេល៦ខែ ដោយបញ្ចប់នៅក្នុងព្រឹត្តិការណ៍ប្រកួតចុងក្រោយហើយជាពេលដែលអាជីវកម្មទទួលជ័យលាភីត្រូវបានប្រកាសនៅខែឧសភា ឆ្នាំ២០២៥៕