(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ នៅមុខសួនច្បារផ្លូវភ្លោះមាត់បឹងស្នោ ដើម្បីបង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្ពស័ក ព.ស២៥៦៨ គ.ស ២០២៥។
ការរៀបចំនេះ ក្នុងគោលបំណងថែរក្សា បានប្រពៃណីទំនៀមទំលាប់ដ៍ល្អផូរផង់របស់ខ្មែរយើង ក៏ដូចជាដើម្បីស្វាគមន៍ អបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី» ដែលនឹងយាង មកគ្រងអភិបាលរក្សាលោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស២៥៦៨ គ.ស ២០២៥ ដែលនឹងឈានមកដល់ ក្នុងពេលខាងមុខនេះ។
រដ្ឋបាលខេត្តឧត្តរមានជ័យ បានបន្តចាត់តាំងឱ្យមានការរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណសួនច្បារផ្លូវភ្លោះ មាត់បឹងស្នោ មុខសាលាខេត្ត ព្រមទាំងចាត់តាំងឱ្យមានការរៀបចំកម្មវិធីកម្សាន្តនានា តាមបណ្តាលទីតាំងរមណីយដ្ឋាន បូជនីយដ្ឋាន និងវត្តអារាមនានា នៅតាមក្រុងស្រុក ក្នុងខេត្ត។
ដោយឡែកនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំមន្ត្រីរាជការ និងអាជ្ញាធរក្រុងសំរោង ចុះពិនិត្យមើលទីតាំងសួនច្បារ ផ្លូវភ្លោះមាត់បឹងស្នោរ មុខសាលាខេត្ត ដើម្បីរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ៕